Sunday, June 22, 2025
Homeសន្ដិសុខសង្គមប្រពន្ធស្កាត់ជួបប្តី បងថ្លៃវ៉ៃជាំខ្លួន

ប្រពន្ធស្កាត់ជួបប្តី បងថ្លៃវ៉ៃជាំខ្លួន

ខេត្តព្រះសីហនុ ៖ ស្ត្រីម្នាក់ បានស្កាត់ទៅជួបអតីតប្តីរបស់ខ្លួននៅបន្ទប់ជួល ដោយបានផ្លោះរបងចូលទាំងកណ្តាលយប់ តែមិនជួបប្តី បែរជាខឹងសម្បា យកកាំបិតប៉័ងតោ កាប់ទ្វារបន្ទប់ បង្អួចកញ្ចក់ បណ្តាលឱ្យបែកបាក់

ខ្ទេចអស់ លុះអតីតបងថ្លៃស្ត្រីរូបនោះ ចេញមក ក៏កើតមានជម្លោះប្រតាយប្រតប់គ្នា រហូតដល់ភាគីអតីតបងថ្លៃប្រើទុយោជ័រ វាយទៅលើស្ត្រីជាអតីតប្អូនថ្លៃ បណ្តាលឱ្យរងរបួសជាំពេញជើងទាំងសងខាង។

ហេតុការណ៍ហិង្សាខាងលើនេះ បានកើតឡើង តាំងពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ស្ត្រីរងគ្រោះដែលត្រូវអតីតបងថ្លៃវាយបណ្តាឱ្យរងរបួសជាំពេញខ្លួន មានឈ្មោះហាំង ស៊ីវត្ថិវណ្ណនីដា។ ចំណែកបុរសជាជនបង្កហេតុ (អតីតបងថ្លៃ) មានឈ្មោះស៊ាន វុទ្ធី មុខរបរគ្រូបង្រៀន មានលំនៅក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ (ផ្ទះកើតហេតុខាងលើ)។

គួរបញ្ជាក់ថា រឿងរ៉ាវប្រើហិង្សារលើស្ត្រីម្នាក់ បណ្តាលឱ្យមានស្នាមរបួសជាំពេញជើងទាំងសងខាង បានផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក និងធ្វើឱ្យសាធារណជន និងសារព័ត៌មាន ចែករំលែកនិងផ្សព្វផ្សាយយ៉ាងព្រោងព្រៀត ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។

យោងតាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ហេតុការណ៍នេះកើតឡើង តាំងពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមុនពេលកើតហេតុស្ត្រីរងគ្រោះ បានទៅរកជួបអតីតស្វាមីរបស់នាង ឈ្មោះស៊ាន សារ៉ាឌី នៅបន្ទប់ជួល (ទីតាំងកើតហេតុ)

ដោយនាងបានតោងផ្លោះរបងចូលក្នុងបរិវេណផ្ទះជួល ហើយដើរសំដៅទៅបន្ទប់ជួលរបស់អតីតស្វាមី។ ដោយឃើញបង្អួចនិងទ្វារបន្ទប់បិទជិត នាងបានយកកាំបិតតាំងតោ ដែលនៅក្នុងផ្ទះបាយ មកកាប់ទ្វារ កញ្ចក់បង្អួចបន្ទប់ បណ្តាលឱ្យបែកកញ្ចក់អស់ ១ផ្ទាំង។

ប្រភពដដែល បន្តថា ខណៈពេលនោះ នាងមិនឃើញស្វាមីរបស់នាងក្នុងបន្ទប់នោះឡើយ បន្ទាប់មក ស្ត្រីរងគ្រោះក៏បានដើរចេញវិញ ទៅឈរស្រែកហៅអតីតស្វាមីឈ្មោះឌី ខ្លាំងៗ នៅមុខបន្ទប់អតីតបងថ្លៃ ឈ្មោះស៊ាន វុទ្ធី (ជនបង្កហេតុ)។ ពេលនោះឈ្មោះស៊ាន វុទ្ធី និងប្រពន្ធ បានចេញពីបន្ទប់មកស្តីឱ្យស្ត្រីរងគ្រាះ ហើយក៏បណ្តាលឱ្យមានកើតការទំនាស់ពាក្យសម្តីនឹងគ្នា រហូតក្លាយជាអំពើហិង្សាប្រតាយប្រតប់ កើតឡើងរវាងស្ត្រីរងគ្រោះ និងប្រពន្ធរបស់ឈ្មោះ ស៊ាន វុទ្ធី។

ក្រោយមកម្ចាស់ផ្ទះជួល ឈ្មោះនូ ចន្ទដូរេន បានមកហាមឃាត់ភាគីទាំងសងខាង តែពួកគេមិនស្តាប់ ហើយឈ្មោះស៊ាន វុទ្ធី បានប្រើទុយោជ័រ ទំហំ ២១មិល្លីម៉ែត្រ មកវាយទៅលើស្ត្រីរងគ្រោះបណ្តាលឱ្យមានរបួសភ្លៅ និងកំភួនជើងផ្នែកខាងក្រោយ ដើម្បីស្ត្រីរងគ្រោះ ឈ្មោះ ហាំង ស៊ីវត្ថិវណ្ណនីដា ទម្លាក់កាំបិតពីដៃ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយហេតុការណ៍ភ្លាមៗ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣ និងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបាននាំភាគីទាំងសងខាង រួមនិងសាក្សី ទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ។

ជាលទ្ធផលនៃដំណោះស្រាយ គឺភាគីទាំងពីរ បានព្រមព្រៀងសម្របសម្រួលគ្នាបញ្ចប់រឿង ដោយស្ត្រីជនរងគ្រោះស្ម័គ្រចិត្តទទួលយកប្រាក់ចំនួន ៥០០ដុល្លារ  ដើម្បីព្យាបាលរបួស និងផ្តិតមេដៃដកបណ្តឹងលើឈ្មោះ ស៊ាន វុទ្ធី ផងដែរ។ ស្រាប់តែមកដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ស្ត្រីរងគ្រោះខាងលើ បានមកដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋានគរបាលខេត្តព្រះសីហនុ ហើយថែមទាំងបានបង្ហោះសារ និងរូបភាព តាមបណ្តាញសង្គម ពីករណីដដែលនេះតែម្តង។

ក្រោយពេលទទួលបានបណ្តឹង មន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការកោះហៅភាគីពាក់ព័ន្ធមកបំភ្លឺជាបន្ទាន់ ជុំវិញករណីនេះ នៅការិយាល័យជំនាញ៕

RELATED ARTICLES