ភ្នំពេញ ៖ បុរសម្នាក់ មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វីដោះស្រាយមិនចេញ ក៏សម្រេចចិត្ត ធ្វើអត្តឃាត ចងកនៅលើដើមឈើ ក្នុងដីឡូត៍មួយកន្លែង បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មចោលប្រពន្ធកូន និងធ្វើឱ្យកើតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅចំណុចបរិវេណដីឡូត៍ទុកចោលមួយកន្លែង តាមបណ្តោយផ្លូវលំ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
បុរសគិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះឃឹម ផាន់ណា អាយុ ៣០ឆ្នាំ មុខរបរនៅផ្ទះ មានប្រពន្ធឈ្មោះគឹម កំសត់ អាយជាង ៣០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ និងមានកូនស្រីអាយុ៩ឆ្នាំ នៅក្នុងបន្ទុក។ ក្រុមគ្រួសារជនរងគ្រោះ ស្នាក់នៅភូមិកើតហេតុខាងលើ។

តាមប្រភព័ត៌មាននៅកន្លែងកើត បានឱ្យដឹងថា មុនពេលកើតហេតុ មានបងប្អូនប្រជាពលរដ្ឋបានដើរកាត់ក្នុងដីឡូដ៍ ទៅទិញម្ហូប ស្រាប់តែប្រទះឃើញបុរសខាងលើចងកសម្លាប់ខ្លួននៅលើដើមអម្ពិលមួយដើម ភ្លាមៗនោះក៏ស្រែកឆោឡោ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរកន្លែងកើយហេតុ ហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុភ្លាមៗ។
តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះ កន្លងមកបានកើតមានជំងឺរ៉ាំរ៉ៃប្រចាំកាយ ព្យាបាលមិនជាសោះ ហេតុនេះគេសង្ស័យថា ការបញ្ចប់ជីវិតរបស់ជនរងគ្រោះនេះ អាចបណ្តាលមកពីតូចចិត្តនឹងជំងឺរ៉ាំរ៉ៃតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានរាយការណ៍ទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនប្រាកដកមែន។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕