ខេត្តព្រះវិហារ ៖ ជនសង្ស័យជាឃាតករដៃឆៅម្នាក់ ដែលបានធ្វើសកម្មភាពកាប់ប្រហារបុរសជាអ្នកដើរទិញអេតចាយម្នាក់ ចំនួន៥ផ្គាក់ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ស្រាវជ្រាវចាប់ខ្លួនបាន បន្ទាប់ពីជនសង្ស័យជាឃាតកររូបនេះ បានរត់ទៅសម្ងំលាក់ខ្លួន នៅក្បែរជើងភ្នំ អស់រយៈពេល៣ថ្ងៃ។

ប្រតិបត្តិការបង្ក្រាប និងចាប់ខ្លួនជនសង្ស័យជាឃាតករខាងលើ បានធ្វើឡើង កាលពីវេលាម៉ោង ១និង៣៧នាទីរសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅចំណុចវាលស្រែ ជិតជើងភ្នំត្បែងមានជ័យ ស្ថិតក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ។

ជនសង្ស័យជាឃាតករដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះមុំ ថា អាយុ៣០ឆ្នាំ ជាមនុស្សសរសៃប្រសាទ មានលំនៅក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ។ ចំណែកជនរងគ្រោះដែលត្រូវឃាតករដេញកាប់ចិញ្ច្រាំស្លាប់ក្នុងថ្លុកឈាម មានឈ្មោះទុយ តឺ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាអ្នកទិញអេតចាយ បច្ចុប្បន្នស្នាក់នៅភូមិស្ទោង ឃុំបន្ទាយ ស្រុកស្ទោង ខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានបញ្ជាក់ប្រាប់ថា នៅវេលាម៉ោង ១និង៣៧នាទី រសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្ត រួមជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកត្បែងមានជ័យ កម្លាំងកងរាជ អាវុធហត្ថក្រុងព្រះវិហារ និងកម្លាំងកងរាជអាវុធហត្ថកងអនុសេនាធំចល័ត សរុបទាំងអស់ចំនួន ១៣នាក់ រថយន្ត ២គ្រឿង អាវុធ ២ដើម ដឹកនាំដោយលោកវរសេនីយ៍ទោ ជួរ ប៊ុនសុង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានចុះស្រាវជ្រាវករណីឃាតកម្មខាងលើ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះមុំ ថា ដែលបានប្រើកាំបិតកាប់ទៅលើជនរងគ្រោះឈ្មោះទុយ តឺ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ ។

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថ បានធ្វើការស្រាវជ្រាវរហូតឈានដល់កំណត់មុខសញ្ញា ក្រោយរយៈពេល ៣ថ្ងៃ បន្ទាប់ពីកើតហេតុ រហូតឈានដល់ការឃាត់ខ្លួនឃាតករបាន នៅចំណុចវាលស្រែ ជិតជើងភ្នំត្បែងមានជ័យ ស្ថិតក្នុង ភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពកាប់សម្លាប់ជនរងគ្រោះ ចំនួន៥កាំបិតផ្គាក់ រួចរត់គេចខ្លួនទៅសម្ងំលាក់ខ្លួននៅជើងភ្នំ។

លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ជាក់ទៀតថា ករណីឃាតកម្មនេះ កើតឡើងកាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ដោយជនរងគ្រោះមិនដែលស្គាល់គ្នាជាមួយជនល្មើសនិងប្រពន្ធជនល្មើសនោះឡើយ ពីមុនមក។ នៅថ្ងៃកើតហេតុ ជនរងគ្រោះបានជិះម៉ូតូអូសរ៉ឺម៉ក តាមផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិកើតហេតុខាងលើ លុះទៅដល់មុខផ្ទះជនសង្ស័យ

ដោយសារអាកាសធាតុក្តៅពេក ជនរងគ្រោះក៏បានឈប់ម៉ូតូ អង្គុយហូបចំណី ស្រាប់តែជនសង្ស័យបាញ់ចម្ពាមកៅស៊ូ ១គ្រាប់ សំដៅមកលើជនរងគ្រោះ តែមិនត្រូវ ពេលនោះជនរងគ្រោះក៏មិនបានចាប់អារម្មណ៍ដែរ។ លុះបន្តិចក្រោយមក ស្រាប់តែជនសង្ស័យកាន់កាំបិតផ្គាក់ សំដៅទៅកាប់ជនរងគ្រោះ ពេលនោះជនរងគ្រោះក៏យកដៃរង ហើយរត់ហៅគេឯងឱ្យជួយ ហើយជនសង្ស័យនៅតែបន្តរត់តាមកាប់សម្លាប់ជនរងគ្រោះ រហូតដល់ស្លាប់ក្នុងថ្លុកឈាមតែម្តង។
តាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋាន ជនសង្ស័យខាងលើ គឺជាមនុស្សសរសៃប្រសាទ និងប្រើប្រាស់ថ្នាំសរសៃប្រសាទជាប្រចាំផងដែរ។
ជនសង្ស័យត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធី៕