Sunday, June 22, 2025
Homeសន្ដិសុខសង្គមទិញម៉ូតូបង់រំលស់ ចោរលួចបាត់ អង្វរប៉ូលិសជួយរក

ទិញម៉ូតូបង់រំលស់ ចោរលួចបាត់ អង្វរប៉ូលិសជួយរក

ភ្នំពេញ ៖ បុរសពោះម៉ាយកម្សត់ម្នាក់ ទើបនឹងបង់រំលស់ម៉ូតូ ដើម្បីយកមករកស៊ីដឹកជញ្ជូនអនឡាញ ដើម្បីរកប្រាក់ចិញ្ចឹមកូន ២នាក់ ស្រាប់តែមិនបានប៉ុន្មាន ក៏ត្រូវចោរលួចម៉ូតូបាត់ ធ្វើឱ្យបុរសរងគ្រោះអស់សង្ឃឹម អង្វរសមត្ថកិច្ចជួយតាមរកម៉ូតូរបស់ខ្លួនមកវិញ។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ៩យប់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅម្តុំខាងក្រោយផ្សារសិនជូរីផ្លាហ្សា តាមផ្លូវបេតុង ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះមានឈ្មោះសេង វិចិត្រ ភេទប្រុស អាយុ៣៧ឆ្នាំ មានមុខរបរអ្នកដឹកជញ្ជូនអនឡាញ ស្នាក់នៅបន្ទប់ជួល អក្សរ B ជាន់ទី៣ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅខេត្តកណ្តាល។ ចំណែកម៉ូតូដែលបានបាត់ ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JC-2683 ទើបតែទិញបង់រំលស់។

តាមសម្តីរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ គាត់ទើបត្រឡប់មកពីការដឹកជញ្ជូនវិញ បានយកម៉ូតូដាក់ខាងក្រោម ដោយចាក់សោត្រឹមត្រូវដូចសព្វមួយដង

ហើយឡើងទៅសម្រាកនៅបន្ទប់ជួលរបស់គាត់ ជាន់ទី៣ ស្រាប់តែដល់វេលាកើតហេតុ ចុះមកមើលម៉ូតូ ទើបដឹងថាបាត់។ ចោរវាលួចតែម៉ូតូគាត់ ឯម៉ូតូច្រើនគ្រឿងទៀត របស់អ្នកជួលបន្ទប់ដូចគ្នា មិនបាត់នោះទេ។

ជនរងគ្រោះ បានបន្តថា គាត់ឆ្ងល់ថា នៅកន្លែងដាក់ម៉ូតូនេះ មានចាក់សោដល់ទៅ ២ជាន់ឯណោះ ម៉េចក៏ចោរវាលួចយកចេញបានយ៉ាងស្រួលម៉្លេះ? ហើយសោដែលចាក់ទ្វារ មិនមែនគាស់ឬក៏កាច់បំបាក់នោះទេ។

ក្រោយមក ជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង និងសុំអង្វរសមត្ថកិច្ចជួយរកម៉ូតូជូនគាត់វិញផង ព្រោះគាត់គ្មានអ្វីរកស៊ីចិញ្ចឹមកូនតូច ២នាក់នោះទេ ដោយសារគាត់ជាបុរសពោះម៉ាយ ម៉្យាងគ្មានលុយបង់ថ្លៃម៉ូតូដែលទិញបង់រំលស់នោះទៀត៕

RELATED ARTICLES