Thursday, September 18, 2025
Homeព័ត៌មានជាតិទូច ស៊ុននិច អរគុណល្អហួស យកជាគំរូ

ទូច ស៊ុននិច អរគុណល្អហួស យកជាគំរូ

ភ្នំពេញ ៖ បន្ទាប់ពីមានការប្រកាសរបស់កុមារី ល្អហួស កូនស្រីអ្នកនាងដេននី ក្វាន់ ថានាងស្រឡាញ់អតីតតារាចម្រៀងទូច ស៊ុននិច ខ្លាំងណាស់ និងយកជាតារាគំរូ (Idol) ក្នុងបេះដូងថែមទៀតនោះមក អតីតតារាចម្រៀង ទូច ស៊ុននិច បានធ្វើការ ឆ្លើយតបថា កញ្ញាអរគុណក្មួយស្រី ល្អហួស ដែលស្រឡាញ់កញ្ញា ទុកជា idol ហើយកញ្ញា ពិតជាមានមោទនភាពណាស់ ដែលស្នាដៃរបស់កញ្ញា មានកុលបុត្រ-កុលធីតាខ្មែរ ជំនាន់ក្រោយ យកគំរូតាម។

កញ្ញាទូច ស៊ុននិច បានបង្ហោះរូបភាពកញ្ញា ជាមួយកុមារី ល្អហួស ក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់កញ្ញា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ជាមួយសំណេរថា «អ្នកមីងអរគុណ ដែលក្មួយស្រី ល្អហួស ស្រឡាញ់អ្នកមីង​ ជា idol ។ ស្រស់ស្អាតណាស់ក្មួយស្រី មីងជូនពរក្មួយ ឲ្យបានសម្រេចជោគជ័យគ្រប់ការងារ។ នាងខ្ញុំមានមោទនភាពណាស់ ដែលស្នាដៃរបស់ខ្ញុំ មានកុលបុត្រ-កុលធីតាជំនាន់ក្រោយ យកគំរូតាម ហើយនាងខ្ញុំក៏សូមអរគុណដល់អ៊ំស្រី ច័ន្ទ និងបងស្រី សោភា នៅប្រទេសកាណាដា ដែលបានកាត់ច្នៃរចនាម៉ូដដ៏ស្រស់ស្អាតមួយនេះ ជាកាដូ ពេលដែលនាងខ្ញុំទៅសម្តែងនៅប្រទេសកាណាដា ឆ្នាំ១៩៩៨។ ស្រលាញ់ក្មួយស្រី និងអរគុណដល់បងប្អូនអ្នកគាំទ្រទាំងអស់គ្នា»។

គួរបញ្ជាក់ថា កញ្ញាទូច ស៊ុននិច បានសរសេរខាងលើនេះ បន្ទាប់ពីទំព័របណ្តាញសង្គម ហ្វេសប៊ុក លោកគឹម សាន​ ជាពូរបស់នាង បានបង្ហោះរូបភាពកញ្ញាទូច ស៊ុននិច និងកុមារី ល្អហួស ក្នុងឈុតសម្លៀកបំពាក់ស្រដៀងគ្នា ជាមួយសំណេរថា «កូនល្អហួស ស្រឡាញ់បងស្រី «ទូច ស៊ុននិច» ខ្លាំងណាស់ Idol ក្នុងបេះដូង»។

សូមបញ្ជាក់ថា កុមារីល្អហួស ជាកូនស្រីរបស់អ្នកនាងដេននី ក្វាន់ ដែលនាងមានដុងសិល្ប:តាំងពីនៅតូច ហើយពេលនេះនាងកំពុងមានវ័យវឌ្ឍនាការ ក្លាយជាក្មេងស្រីជំទង់ មានរូបសម្រស់ស្អាត ដែលមនុស្សមួយចំនួនហៅនាងថា «យ៉ាយ៉ាខ្មែរ» ដោយសារតែនាងមានមុខផ្ទៃស្អាតស្រដៀងតារាសម្តែងស្រីល្បីឈ្មោះរបស់ថៃ គឺកញ្ញា អ៊ុរ៉ាស្សយ៉ា ស្ពើរបាន់ ហៅយ៉ាយ៉ា។ កុមារី ល្អហួស ហៅយ៉ាយ៉ាខ្មែរ នៅពេលធំធាត់ឡើង កាន់តែស្រស់ស្អាត ហើយនាងមានទេពកោសល្យសិល្ប:ក្នុងខ្លួនពីធម្មជាតិ ចេះច្រៀងនិងសម្តែង មិនចាញ់តារាអាជីពឡើយ ធ្វើឲ្យមហាជន កោតសរសើរនាងគ្រប់គ្នា សូម្បីអតីតតារាចម្រៀង ទូច ស៊ុននិច ក៏សរសើរនាងតូចច្រមក់រូបនេះផងដែរ។

សូមរំលឹកថា អតីតតារាចម្រៀងសំលេងរៃកណ្តឹង ដ៏ល្បីល្បាញ កញ្ញាទូច ស៊ុននិច ដែលជាអតីតសាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរ មួយរូបផងដែរ ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារយ៉ាងឃោរឃៅ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០០៣ នៅចំណុចមុខហាងលក់ផ្កាមួយកន្លែង ស្ថិតនៅផ្លូវព្រះមុនីរ៉េត ខាងត្បូងផ្សារដើមគ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្តាលឲ្យនាងនិងម្តាយ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ភ្លាមៗ តែដោយសាររបួសធ្ងន់ពេក ម្តាយនាងបានស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ​ ចំណែកទូច ស៊ុននិច ត្រូវបានបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យក្នុងប្រទេសថៃ មុននឹងមានការជួយអន្តរាគមន៍បញ្ជូនទៅព្យាបាលបន្តនៅសហរដ្ឋអាមេរិក ទីដែលនាងនិងក្រុមគ្រួសារកំពុងរស់នៅជាអចិន្ត្រៃយ៍ នាពេលបច្ចុប្បន្ន។

សម្រាប់ស្ថានភាពរបស់អតីតតារាចម្រៀងអភ័ព្វរូបនេះ ទោះបីជាជីវិតនាងត្រូវបានសង្គ្រោះបាន តែនាងត្រូវស្ថិតក្នុងពិការភាព​ មិនអាចកម្រើកមួយកំណាត់ក្រោមបាន នៅតែលើរទេះរុញ តែនាងនៅតែអាចច្រៀងបានពីរោះ ។

ជនជាតិខ្មែរទូទៅ បានសម្តែងការសោកស្តាយ និងអាណិតអាសូរចំពោះអតីតតារាចម្រៀងរូបនេះជាខ្លាំង ដែលមិនគួរណាអភ័ព្វ ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារឲ្យនាងបាត់បង់ម្តាយ និងធ្លាក់ខ្លួនពិការបែបនេះ ដែលស្ថានភាពនាងសព្វថ្ងៃ ក៏មិនខយសពីអតីតតារាចម្រៀងរួមជំនាន់មួយដួងទៀត គឺកញ្ញា ពៅ បញ្ញាពេជ្រ ដែលរងការបាញ់ប្រហារ រហូតត្រូវធ្លាក់ខ្លួនពិការមួយកំណាត់ក្រោម ដូចគ្នា។ រីឯឃាតករនិងអ្នកនៅពីក្រោយ រហូតមកទល់ពេលនេះហើយ នៅតែមិនអាចវែកមុខ ចាប់ខ្លួនមកផ្តន្ទាទោស ដើម្បីផ្តល់យុត្តិធម៌ជូនពួកនាងជាជនរងគ្រោះបាននៅឡើយ៕ ខៀវទុំ

RELATED ARTICLES