Thursday, April 23, 2026
Homeតារាខ្មែរស្រីស្អាតហេង បូនីកា បន្ដប្រកែកស្នេហ៍ដាវីដ

ស្រីស្អាតហេង បូនីកា បន្ដប្រកែកស្នេហ៍ដាវីដ

ភ្នំពេញ ៖ ស្រីសា្អត ហេង បូនីកា កាន់តែស្អិតល្មូតជាមួយប្រុសសង្ហា វ៉ាន់ ដាវីដ ពី១ថ្ងៃទៅ១ថ្ងៃ ពោលគឺលើស ស្ករតាំងម៉ែ ព្រោះនៅលើបណ្ដាញសង្គម ទិកតុក ពួកគេទាំងពីរកៀកកើយគ្នាដោយបើកចំហ ដូចប្ដីប្រពន្ធទើបរៀបការហើយថ្មោងថ្មី មិនខ្វល់ពីអ្នកណាទាំងអស់។អ្នកលេងបណ្ដាញសង្គម លើកឡើងថា បូនីកា និងដាវីដ ពិតជាសមគ្នា ហើយពួកគេចង់ឃើញតារាទាំងពីរ ហ៊ានសារភាពស្នេហ៍ ព្រោះបើប៉ុណ្ណឹងហើយ ថានៅធម្មតាទៀតនោះ ប្រាកដជាគ្មានអ្នកណាជឿឡើយ ។

ក្នុងជំនួបតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ស្រីស្រស់ ហេង បូនីកា ប្រាប់អ្នកយកព័ត៌មាន «នគរធំ» ថា សកម្មភាពនាងនិងលោកដាវីដ គឺជាដៃគូរួមការងារប៉ុណ្ណោះ គ្មានអ្វីពិសេសនោះទេ ។ នាងថែមទាំងសួរច្រាសមកវិញថា តើដៃគូគេផ្សេងទៀតយ៉ាងណាដែរ? ដែលចង់សំដៅថា ឲ្យតែដៃគូគេស្និទ្ធស្នាលគ្នា គ្មានអ្វីចម្លែកទេ ។

 ហេង បូនីកា ធ្លាប់និយាយក្នុងបទសម្ភាសន៍ Podcast មួយថា នាងបានប្រេះឆាស្នេហាកណ្ដាលទី ប៉ុន្ដែមិនប្រាប់ថា បុរសនោះជាអ្នកណាឡើយ ខណៈដែលអំឡុងនាងនិងដាវីដ កាន់តែយល់ចិត្តគ្នានេះ ធ្វើឲ្យប្រុសៗដែលចង់ព្យាបាលរបួសបេះដូងនាង ខ្លះបានដកថយទៅវិញ ។

ឆ្លើយតបសំណួរថា បើបូនីកា ថានាងគ្មានទំនាក់ទំនងស្នេហាជាមួយលោកដាវីដ អ៊ីចឹងពេលនេះ នាងមានសង្សារថ្មីឬនៅ? ស្រីស្អាតថា ពេលនេះនាងមិនទាន់មានអ្នកថ្មីទេ ។ ពិធីការិនី រូបនេះ ថែមទាំងថា មិនអាចកំណត់ថាថ្ងៃណានឹងរៀបការឡើយ ព្រោះជារឿងអត់អាចដឹងមុនបាន។ ចំណែករឿងថា តើនាងចង់បានម្ចាស់បេះដូង ជាតារាដូចគ្នា ឬបុរសនៅក្រៅរង្វង់សិល្បៈ? នាងថា រឿងនេះក៏មិនអាចនិយាយទុកមុនបានដែរ ដោយសារទាក់ទងរឿងនេះ អ្វីៗសុទ្ធតែមិនដឹងមុនបានឡើយ ។

 ហេង បូនីកា ជាពិធីការិនីតូចច្រឡឹង សម្រស់គូឲ្យក្នាញ់ម្នាក់ ព្រោះនាងពូកែតែងខ្លួនត្រូវទៅតាមប្រភេទកម្មវិធី ។ នៅថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ហេង បូនីកា បានលេចមុខធ្វើ MC ជាច្រើនក្រុមហ៊ុន ហើយគេឃើញសកម្មភាពរបស់នាងច្រើន នៅលើបណ្ដាញសង្គមទិកតុក បើប្រៀបធៀបទៅនឹងពិធិការិនីអាជីពដំណាលនាង ។ ចំណែកការបដិសេធស្នេហាដាវីដ របស់បូនីកា នាពេលនេះ មានមនុស្សមិនជឿ ច្រើនជាងជឿ ព្រោះជាក់ស្ដែង ដាវីដ មិនដែលភ្លេចយកបាច់ផ្កាជូននាងឡើយ នៅថ្ងៃបុណ្យនៃក្ដីស្រលាញ់ (Valentine’s Day) ទេ។

គួរបញ្ជាក់ថា ក្រៅពីហេង បូនីកា ក៏មានតារាមួយចំនួនទៀតដែរ ដែលដំបូងៗ ពួកគេស្រលាញ់គ្នា តែបដិសេធ មិនព្រមទទួលស្គាល់ ព្រោះខ្លាចប៉ះពាល់អាជីព រហូតដល់ដឹកដៃគ្នាចូលរោងការ ទើបសារភាព។ សម្រាប់ស្រីស្អាត បូនីកា នាងមានជម្រើសស្នេហាច្រើន ហើយនៅពេលដែលនាងកាន់តែផ្អែមល្ហែមជាមួយលោកដាវីដ បែបនេះ ច្បាស់ណាស់ថា ប្រាកដជាធ្វើឲ្យប្រុសៗ ចង់ឆ្មក់ស្នេហានាងតាមផ្លូវកាត់ គឺមិនអាចទៅរួចឡើយ ព្រោះដៃគូដែលនាងថាគ្រាន់តែទាក់ទងគ្នាធម្មតាៗនោះ ច្បាស់ជាតាមការពារនាងជាមិនខាន ។ គេថាដោយសារតែពូកែលេងខ្លួន និងស្និទ្ធប្រុសរូបសង្ហា ដាវីដ ទាំងក្នុងនិងក្រៅឆាកបែបនោះហើយ ទើបធ្វើឲ្យបូនីកា ពេលនេះអា ជីព MC របស់នាង កាន់តែទទួលបានការចាប់អារម្មណ៍ថែមទៀត ។          

ហេង បូនីកា ថា បច្ចុប្បន្ន នាងជា MC ឯករាជ្យ (Freelance) ពោលគឺនាងចង់ធ្វើពិធីការិនីឲ្យក្រុមហ៊ុនណាក៏បានដែរ ព្រោះគ្មានកុងត្រាជាមួយក្រុមហ៊ុនណាទាំងអស់ ៕

RELATED ARTICLES