ភ្នំពេញ៖ស្រីស្រស់តន់ ច័ន្ទសីម៉ា ត្រូវបានជ្រើសរើសឲ្យច្រៀងបទទាក់ទងព្រិត្តិការណ៍ស៊ីហ្គេមដែលចាប់ដៃជាមួយតារាចម្រៀងរួមទ្រនុំដល់ទៅ៣ដួងនោះគឺលោកព្រាប សុវត្ថិ,ខេមរៈ សិរីមន្ដ និងខេម ហើយអ្វីដែលគូរឲ្យចាប់អារម្មណ៍ថែមទៀតនោះអតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២រូបនេះថែមទាំងត្រូវក្រសួងទេសចរណ៍ចុចនាងឲ្យច្រៀងចាប់ដៃជាមួយឱក សុគន្ធកញ្ញា ក្នុងការផ្សព្វផ្សាយកម្មវិធីខាងលើដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ ដែលនេះគឺជាការឡើងកូដមួយក្រឺតទៀតរបស់នាងសីម៉ា ជាមិនខាន បន្ទាប់ពីគេមើលឃើញថានៅចុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣ នាងក៍លែងសូវមានសន្ទុះខ្លាំងដូចមុននោះ។សម្រាប់នាងច័ន្ទសីម៉ា បង្ហាញអារម្មណ៍រីករាយដែលបានច្រៀងបទចម្រៀងថ្នាក់ជាតិបែបនេះជាមួយរៀមច្បងរួមផលិតកម្ម និងសុគន្ធកញ្ញា ដែលនាងចាត់ទុកថាជាគ្រូរបស់នាងព្រោះអំឡុងពេលដែលនាងប្រលងThe Voice Cambodia រដូវកាលទី២នោះនាងក៍ជាកូនក្រុមរបស់សុគន្ធកញ្ញា ដែរ ហើយបើទោះជាពេលនោះសីម៉ា មិនបានលើកពានដូចបំណងក្ដី តែបទពិសោធន៍នោះហើយដែលធ្វើឲ្យនាង អាចត្រួសត្រាយផ្លូវរហូតមកដល់បច្ចុប្បន្នក្នុងអាជីពចម្រៀងហើយស្ទើរាល់ឆ្នាំនាងក៍បានទិញកាដូឲ្យសុគន្ធកញ្ញា នៅថ្ងៃចូលឆ្នាំចិនដើម្បីជាកាដឹងគុណទៀតផង។

ដោយសារតែសីម៉ា ត្រូវបានផ្ដល់ឱកាសឲ្យច្រៀងបទធំៗលក្ខណៈថ្នាក់ជាតិក្នុងកម្មវិធីស៊ីហ្គេម ខណៈដែលតារាផ្សេងៗទៀតដែលមានគីឡូប្រហាក់ប្រហែលនាងដែរបែជាគ្មានឱកាសនោះទើបគេនៅតែចាត់ទុកថានៅឆ្នាំ២០២៣ នេះស្រីស្រស់តូចតន់នឹងមានប្រៀបជាងគេប្រជែងបន្ថែមទៀតជាមិនខាន ព្រោះនាងកំពុងតែពង្រីកទីផ្សារចម្រៀងដែលពីមុនច្រើនតែផ្នែកយុវវ័យគាំទ្រនាងនោះមកជាតម្រូវមជ្ឈដ្ឋានទូទៅតែម្ដង។ដោយឡែកសម្រាប់ការប្រគុំតន្រ្ដីនៅរដូវក្ដៅនេះវិញគេឃើញនាងសីម៉ា ចេញមុខច្រើនតែកម្មវិធីដែលរៀបចំដោយផលិតកម្មរបស់នាងប៉ុណ្ណោះ ព្រោះបណ្ដារអ្នកដឹកនាំConcerts ផ្សេងៗទៀតនៅតែថ្ងូររឿងតម្លៃខ្លួននាងថ្លៃជ្រុលជាងតារាដែលមានសម្ថភាពប្រហាក់ប្រហែលនាងដែរទើបពួកគេមិនសូវហ៊ានជួល។

គូរបញ្ជាក់ថាតន់ ច័ន្ទសីម៉ា ទើបតែឡើងកូដនារយៈពេល២ឆ្នាំចុងក្រោយនេះទេដែលអ្នកគ្រប់គ្រងGalaxy បានចាត់ទុកនាងថាជាតារាលំដាប់Grade A ទើបកំណត់តម្លៃខ្លួននាងច្រៀង១កម្មវិធីធំស៊ីថ្លៃដល់ទៅ៥ពាន់ដុល្លារ តែការឡើងថ្លៃបែបនេះធ្វើឲ្យសីម៉ា បាត់បង់ឱកាសច្រៀងនៅតាមឆាកតន្រ្ដីជាច្រើនព្រោះអ្នកដឹកនាំកម្មវិធីសិល្បៈខ្លះងាកទៅដាក់តារាផ្សេងជំនួសរូបនាង។អតីតអ្នកស្មូតជាប់លេខ១ ប្រចាំខេត្តតាកែវរូបនេះត្រូវបានអ្នកជំនាញសិល្បៈលើកឡើងថាសីម៉ា ច្រៀងស្ទីលញអ្នកនាងខាត់ សុឃីម ព្រោះស្អកដូចគ្នានិងច្រៀងបទកន្ទឹ្រមទៅស្ទើតែច្រឡំគ្នាទៀតផង។

ក្រៅពីព្រាប សវត្ថិ និងខេម ដែលជួយរុញនាងសីម៉ា ឲ្យទៅមុខរយៈពេល២ឆ្នាំទៅហើយនោះនៅឆ្នាំ២០២៣ នេះស្រីស្រស់រូបនេះមានលោកខែម ប៊ុនថៃ ម្នាក់ទៀតនឹងជួយនាងឲ្យកាន់តែល្បីថែមទៀតជាមិនខាន តាមរយៈការច្រៀងសម្ដែងរួមគ្នា។ប៉ុន្ដែទាក់ទងរឿងបេះដូងវិញនាងសីម៉ា អាយុ២៥ឆ្នាំ ដែលសារភាពថាបានកែសម្រស់៣កន្លែងគឺធ្វើពត់ធ្មេញ,ចាក់ចង្កា និងធ្វើច្រមុះនោះបែជាថាបេះដូងនាងមិនទាន់មានម្ចាស់ទៅវិញ បើទោះជាមុននេះលេចឭថាលោកឧកញ៉ាពោះម៉ាយម្នាក់តាមស្នេហានាងយ៉ាងប្រកិតបំផុតយ៉ាងណាក៍ដោយ៕

