អាមេរិក៖អ្នកនាងកែវ កល្យាណ បានហោះទៅលេងអ្នកនាងអម្ពរ ទេវី ដល់រដ្ឋWashington សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ ព្រោះតែនាងមានការនឹករលឹកដល់មិត្តសម្លាញ់ធ្លាប់រួមអាជីពជាមួយគ្នាកាលពីជាង១០ឆ្នាំមុន។ទាំងអ្នកនាងកែវ កល្យាណ និងអម្ពរ ទេវី បានបង្ហាញអារម្មណ៍រីករាយដូចគ្នាក្នុងដំណើរកម្សាន្ដរួមគ្នាលើកដំបូងលើទឹកដីអាមេរិក ហើយអ្នកទាំងពីរថែមទាំងបានទៅជិះស្គីទឹកកក ជាមួយគ្នាទៀតផង។ប៉ុន្ដែការជួបជុំគ្នារវាងអតីតតារាសម្ដែងទសវត្សន៍៨០ និង៩០ នេះបានត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះពួកគេក៍ឃ្លាតគ្នាវិញហើយអ្នកនាងកល្យាណ បានបង្ហាញអារម្មណ៍ស្ដាយនិងអាលោះអាល័យខ្លាំងនៅពេលដែលនាងបានចាកចេញពីការជួបជុំជាមួយអ្នកនាងអម្ពរ ទេវី វិញកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ។

គូរកត់សម្គាល់ថាអ្នកនាងកែវ កល្យាណ និងអម្ពរ ទេវី បានរាប់អានគ្នាជាមិត្តស្និតស្នាលបំផុតតាំងពីអ្នកទាំងពីរនៅថតភាពយន្ដជាមួយគ្នា ហើយទោះជារស់នៅឃ្លាតគ្នាជាច្រើនឆ្នាំមែន តែនៅលើបណ្ដាញសង្គមកន្លងមកគេឃើញ អ្នកនាងកល្យាណ និងទេវី តែងតែបង្ហាញការនឹករលឹកហើយទាក់ទងគ្នាជាប្រចាំ។សម្រាប់អ្នកនាងកែវ កល្យាណ វិញ ក្រោយឈប់ថតភាពយន្ដជាង១០ឆ្នាំនេះនាងត្រូវបានផលិតករទាក់ទងឲ្យថតរឿងថ្មីៗវិញជាហូរហែ ប៉ុន្ដែនាងបានបដិសេធដោយសម្អាងថាខ្លាចគ្មានពេលវេលាគ្រប់គ្រាន់ឲ្យខាងផលិតករ តែនាងបានរុញកូនស្រីច្បងឈ្មោះកែវ ឡាវីញ ឲ្យលេងសិល្បៈដើម្បីបន្ដវេនពីនាងរហូតមកដល់សព្វថ្ងៃ ។ដោយឡែកសម្រាប់អ្នកនាងអម្ពរ ទេវី វិញទោះជាឃ្លាតឆ្ងាយពីមាតុភូមិជិត២០ឆ្នាំទៅហើយក្ដី ប៉ុន្ដែកាលពីឆ្នាំ២០១៧ នាងបានចុះមកខ្មែរថតរឿងថ្មីឲ្យផលិតកម្មផ្កា៥ ដឹកនាំដោយលោកស្រីពាន់ ភួងបុប្ផា “ទឹកចិត្តម្ដាយ សម័យថ្មី” និងផលិតកម្មLd រឿង”ចន្ទា” ហើយនៅខែតុលាឆ្នាំ២០២៣ ខាងមុខនេះអ្នកនាងនឹងត្រូវចុះមកខ្មែរជាថ្មីម្ដងទៀតដើម្បីថតភាពយន្ដរឿង”អប្សារា មហាអង្គរ”ដឹកនាំដោយលោកហ្វៃ សំអាង ។

ប្រភពបានឲ្យដឹងថាក្រៅពីអាមេរិកអ្នកនាងកែវ កល្យាណ បានឆ្លៀតដើរលេងនៅប្រទេសមួយចំនួនទៀតផងដែរមុនាងវិលត្រឡប់ខ្មែរវិញនេះ។គេសង្កេតឃើញថាអ្នកនាងកល្យាណ ទៅក្រៅស្រុកទាំងលើកនេះនិងនាពេលកន្លងអតីតតារាសម្ដែងល្បីល្បាញរូបនេះមិនដែលបញ្ចេញបុរសពិសេសឬជាគូស្នេហ៍ថ្មីរបស់នាងម្ដងណាឡើយ គឺមានតែមិត្តភក្ដិស្រីៗរបស់នាងប៉ុណ្ណោះដែលតែងតែត្រូវបាននាងបង្ហាញ។

ថ្វីត្បិតតែអ្នកនាងកែវ កល្យាណ បានឲ្យកូនស្រីកែវ ឡាវីញ ស្នងតំណែងអាជីពភាពយន្ដរបស់ខ្លួនមែន ប៉ុន្ដែអ្នកនាងធ្លាប់ប្រមានកូនស្រីសំណព្វចិត្តរូបនេះថានឹងមិនអនុញ្ញាត្តិឲ្យនាងលេងសិល្បៈតទៅទៀតជាដាច់ខាត ប្រសិនណាកូនស្រីហ៊ានថតរឿងស្រលាញ់ភេទដូចគ្នាម្ដងទៀត ព្រោះនាងសែនឈឺក្បាលខ្លាំងណាស់ទៅហើយអំឡុងពេលឡាវីញ ថតរឿង”រសជាតិ អ្នកមាន”ហើយធ្វើឲ្យគេច្រឡំថានាងនិងយ៉ា សុផាន់ម៉ៃ មានស្នេហាភេទដូចគ្នានៅក្រៅឆាក។

ក្រៅពីអ្នកនាងកែវ កល្យាណ តារាដែលបានឲ្យកូនបន្ដស្នងអាជីពសិល្បៈពីខ្លួនមានដូចជាលោកហួ ឡាវី ,ព្រាប សុវត្ថិ ,ខាន់ ជេមស៍ ,ម៉េង កែវពេជ្ជតា ,សឿ សុធារ៉ា និងផាផួង ជាដើម៕