ភ្នំពេញ ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្តល់អំណោយដល់គ្រួសារមូយ ដែលទើបនឹងសម្រាលបានកូនភ្លោះ៣នាក់ (ស្រីទាំង៣) និងកំពុង សម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត។

អំណោយរបស់សម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានលោក សេង ទៀង ជំនួយការផ្ទាល់សម្តេច នាយករដ្ឋមន្ត្រី អញ្ជើញនាំយកទៅប្រគល់ជូនគ្រួសារទារកភ្លោះ ៣នាក់ ដែលជាគ្រួសារទី៣៩៨ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។
កូនភ្លោះទាំង៣នាក់ បានសម្រាលកាលពីនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ជាកូនទី២ (កូនទី១ ប្រុស) មានឪពុក ឈ្មោះ គឹម រដ្ឋារ៉ានី អាយុ៣០ឆ្នាំ មុខរបរជាងជួសជុលរថយន្ត និងម្តាយឈ្មោះឡាយ សុធីដែត អាយុ៣២ឆ្នាំ មុខ របរជាគិលានុបដ្ឋាយិកា នៅមន្ទីរពេទ្យកាល់ម៉ែត មានលំនៅក្នុងដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំ ពៅ។
លោកសេង ទៀង ជំនួយការផ្ទាល់សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹកយ៉ាង ជ្រាលជ្រៅបំផុត ពីសម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្តេចទាំងទ្វេ តែងតែផ្ញើនូវការនឹករលឹកចំពោះ ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេសកម្ពុជា។
លោកសេង ទៀង បានបន្តថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល អំណោយ របស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែលបម្រើឱ្យសកម្មភាពនយោបាយនោះទេ គឺជាអំ ណោយទានកើតចេញពីទឹកចិត្តជ្រះថ្លាប្រកបដោយការគិតគួរខ្ពស់របស់សម្តេចហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជាពលរដ្ឋដែលមានប្រសូតទារកភ្លោះ៣ ឬ៤នាក់។
អំណោយដែលប្រគល់ជូនក្រុមគ្រូសារកូនភ្លោះ៣នាក់ ខាងលើ រួមមាន ថវិកា ៥លានរៀល អង្ករ ៥០គីឡូក្រាម ព្រមទាំងទឹកដោះគោ ២កេស ស្ករ-ស ៥គីឡូក្រាម និងសារុងផងដែរ។

អ្នកស្រី ឡាយ សុធីដែត បានបង្ហាញក្តីរីករាយ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនសម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលចាត់ទុកប្រជាពលរដ្ឋទីទ័លក្រក្រ ងាយ រងគ្រោះ គឺជាការលំបាកផ្ទាល់របស់សម្តេចទាំងទ្វេ។ អ្នកស្រី បានចាត់អំណោយរបស់សម្តេច ជាចំណែកដ៏ធំ ជួយសម្រាលដល់ការលំបាកក្នុងការចិញ្ចឹមបីបាច់ទារកភ្លោះទាំង ៣នាក់នេះ ឱ្យមានជីវិតរស់នៅ និងមានអនា គតល្អ ដូចពលរដ្ឋដទៃទៀត ក្នុងសង្គមដ៏រីកចម្រើននេះ។
តាមការបញ្ជាក់ពីលោក សេង ទៀង បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ ពោលគឺរយៈ ពេលជាង ២៣ឆ្នាំ កន្លងមកនេះ មានគ្រួសារប្រសូតទារកភ្លោះ៣នាក់ ឬ៤នាក់ ចំនួន៣៩៨គ្រួសាររួចហើយ បាន ទទួលអំណោយឧបត្ថម្ភដ៏សប្បុរសធម៌ ពីសម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយទំនុកបម្រុងដល់ការ លំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសការចិញ្ចឹមបីបាច់ទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេច ទាំងទ្វេ នៅពេលឆ្លងទន្លេរួច៕