Sunday, June 15, 2025
Homeទេសចរណ៍ប្រាសាទចេកក្បូរ លាក់ខ្លួននៅខេត្តឧត្តរមានជ័យ

ប្រាសាទចេកក្បូរ លាក់ខ្លួននៅខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ប្រាសាទចេកក្បូរ មានទីតាំងស្ថិតនៅក្នុងភូមិចេកក្បូរ ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ មានចម្ងាយ ១៦គីឡូម៉ែត្រ ខាងត្បូងក្រុងសំរោង។

ប្រាសាទចេកក្បូរ យើងអាចធ្វើដំណើរទៅទស្សនាបានដោយភាពងាយស្រួល ព្រោះមានផ្លូវក្រាលកៅស៊ូ ចេញពីក្រុងសំរោង រហូតដល់ផ្លូវបំបែកក្រាលក្រួសក្រហម ឆ្ពោះទៅវត្តចេកក្បូរ និងប្រាសាទតែម្តង ។ ប្រាសាទចេកក្បូរ មានប្រាង្គបី ធ្វើអំពីឥដ្ឋ។

តាមប្រភពមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ បានឲ្យដឹងនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ថា ប្រា សាទចេកក្បូរ មានការសិក្សាតែលើប្លង់ និងក្បាច់លម្អមួយចំនួនដែលសេសសល់ប៉ុណ្ណោះមិនមានសិលាចារឹកបញ្ជាក់នោះទេ ហើយគួរឲ្យសោកស្តាយ ដោយសារតែបដិមាមួយចំនួនដែលនៅក្នុងប្រាសាទ ត្រូវបានគេជីកដាប់លួចយកចេញ កាលពីសម័យសង្គ្រាម នេះបើយោងតាមប្រសាសន៍ប្រធានភូមិចេកក្បូរ។

តាមការពិនិត្យលើប្លង់ដែលមានរាងជាកាកបាទ សង់មានកំពូលបី នៅលើខឿនតែមួយ ដែលដូចគ្នាទៅនឹងប្រា សាទត្រពាំងប្រាសាទខាងត្បូង និងផ្តែរ រួមទាំងក្បាច់ហោជាង ដែលនៅសល់ យើងអាចសន្និដ្ឋានបានថា ប្រា សាទនេះ កសាងឡើងនៅក្នុងសម័យអង្គរ ប្រហែលស្ថិតនៅក្នុងរចនាបថបាពួន​ នាសតវត្សរ៍ទី១១។ ចំពោះការឧទ្ទិសថ្វាយខាងសាសនា មិនមានភ័ស្តុតាងបញ្ជាក់ យកមកធ្វើជាអំណះអំណាងច្បាស់លាស់នោះឡើយ គឺឃើញមានសល់តែបល្ល័ង្កមួយប៉ុណ្ណោះ។ ប្រសិនបើនៅថ្ងៃខាងមុខ មានការសិក្សាស្រាវជ្រាវ និងធ្វើកំណាយនៅជុំវិញបរិវេណប្រាសាទទាំងមូល ប្រហែលជាអាចនឹងរកឃើញនូវទិន្នន័យថ្មីបន្ថែម ដែលអាចឈានទៅរកការកំណត់កាលបរិច្ឆេទ និងការកំណត់ខាងផ្នែកសាសនាបានជាក់លាក់មិនខាន។

ប្រាសាទចេកក្បូរ នៅពេលបច្ចុប្បន្ននេះ នៅតែមានការគោរពបូជាពីសំណាក់ប្រជាជនដែលរស់នៅជុំវិញក្នុងតំបន់ ពីព្រោះប្រជាជនទាំងនោះ ជឿថា នៅទីសាសនស្ថានដ៏ស័ក្តិសិទ្ធិនេះ នៅតែមានដួងព្រលឹងដូនតាដែលមានតាំងតែពីសម័យបុរាណ នៅចាំថែរក្សា ការពារ។ ដូច្នេះហើយ បានជាបងប្អូនប្រជាជន បាននាំគ្នាយកតង្វាយ មាន ទៀនធូប បាយសី ម្លូ ស្លាធម៌ ម្ហូបអាហារ ស្រា ភេសជ្ជៈ បារី បង្អែម ចំអាបផ្សេងៗ ទៅសែនព្រេនក្នុងប្រាសាទ ជារឿយៗ៕ ខៀវទុំ

RELATED ARTICLES