ខេត្តព្រះវិហារ ៖ កម្លាំងចម្រុះប្រឆាំងបទល្មើសរត់ពន្ធ រួមមានមន្ត្រីគយខេត្តព្រះវិហារ សហការជាមួយមន្ត្រីគយ នៃការិយាល័យស្រាវជ្រាវនិងបង្ក្រាបបទល្មើសរត់ពន្ធ តំបន់៥ សាខាគយ និងរដ្ឋាករខេត្តកំពង់ធំ រួមទាំងកង កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសនាំចូលទំនិញគេចពន្ធ នៅឃុំកំពង់ស្រឡៅមួយ ស្រុកឆែប កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។

ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងចម្រុះ បានឃាត់រថយន្តប្រភេទសាំងយ៉ុង ១គ្រឿង ពាក់ស្លាកលេខ ព្រះ សីហនុ 2A-2243។
តាមរយៈការត្រួតពិនិត្យយ៉ាងល្អិតល្អន់ ក្រុមការងារបានរកឃើញទំនិញគេចពន្ធ រួមមាន ផ្លែដូងក្រអូប ចំនួន ២៨៥០ផ្លែ ស្មើនឹងប្រមាណ ១៥០០គីឡូក្រាម ទឹកដូងច្រកដប ចំនួន ២៨០ដប ស្មើនឹងប្រមាណ ៤២០លីត្រ និងសាច់ដូង ចំនួន ២៤គីឡូក្រាម។

ក្រោយការសាកសួរនិងស្រាវជ្រាវយ៉ាងលម្អិត មន្ត្រីគយ បានរកឃើញដូងក្រអូបទាំងអស់នេះត្រូវបានលួចនាំ ចេញពីប្រទេសថៃ ឆ្លងកាត់ប្រទេសឡាវ រួចបន្តនាំចូលមកកម្ពុជា តាមទូក ដោយឆ្លងកាត់កំពង់ចម្លងឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ដោយគ្មានឯកសារបង់ពន្ធនាំចូលត្រឹមត្រូវ ដែលជាបទល្មើស គេចពន្ធទាំងស្រុង។
រថយន្តនិងវត្ថុតាងដែលចាប់បានទាំងអស់ ត្រូវបានយកមករក្សាទុកបណ្តោះអាសន្ននៅសាលាស្រុកឆែប ដើម្បីធ្វើកំណត់ហេតុ និងបន្តនីតិវិធីស្របតាមច្បាប់៕