ខេត្តស្រះកែវ (ថៃ) ៖ ក្រុមប្រជាពលរដ្ឋថៃ ជាអាជីវករលក់ដូរ នៅផ្សាររោងក្លឿ បាននាំគ្នាធ្វើបាតុកម្ម នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ទាមទារឲ្យទាហានថៃ ដែលបិទព្រំដែនជាមួយប្រទេសកម្ពុជា ដោយឯកតោភាគី តាមទំនើងចិត្តនោះ បើច្រកទ្វាព្រំដែនឲ្យដូចដើមវិញ ព្រោះការបិទច្រកព្រំដែននេះ ធ្វើឲ្យពួកគាត់លក់ដូរលែងបាន និងខាតបង់ថវិកាអស់យ៉ាងច្រើន ហើយប្រឈមនឹងការដាច់បាយ។

ក្រុមអាជីវករថៃ បានស្រែកតវ៉ាថា ការបិទច្កព្រំដែនតាមទំនើងចិត្ត ដោយក្រុមយោធាភូមិភាគ២ ដែលមានមេ ខ្លោង ឈ្មោះប៊ុនស៊ីន ផាតក្លាង នេះ មិនជាប់ពាក់ព័ន្ធជាមួយកម្ពុជា នោះឡើយ គឺពួកយោធាថៃ ធ្វើជាឯកតោ ភាគី តាមទំនើងចិត្ត ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការប្រកាបរបរអាជីវកម្មរបស់ពួកគាត់ ដែលត្រូវមានទំនាក់ទំនងពាណិជ្ជកម្ម លក់ដូរជាមួយប្រជាពលរដ្ឋកម្ពុជា ដែលជាប្រទេសជិតខាង។

សូមជម្រាបថា ផ្សាររោងក្លឿ ជាផ្សារមួយដែលពលរដ្ឋនិងអាជីវករខ្មែរ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តែងចេញចូលទៅលក់ដូរ និងទិញទំនិញយ៉ាងមមាញឹកប្រចាំថ្ងៃ ។ តាមរបាយការណ៍ថា នៅផ្សារថៃ នៅព្រំ ដែនខ្លងលឹក ខេត្តស្រះកែវ ជាប់ព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា នេះ មានតូបអាជីវករខ្មែរ ប្រមាណ ៣៥០០តូប។

ការបិទច្រកព្រំដែននេះ គឺក្រុមយោធាថៃ បានធ្វើឡើងដោយឯកតោភាគី ចាប់ពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ បន្ទាប់ពីក្រុមទាហានឈ្លានពានរបស់ថៃ បានបាញ់សម្លាប់ទាហានខ្មែរម្នាក់ នៅតំបន់មុំបី ដែលធ្វើឲ្យស្ថានភាពនៅតាមបណ្ដោយព្រំដែនប្រទេសទាំងពីរ កម្ពុជា-ថៃ មានភាពតានតឹង។

ក្រោយការសម្រេចចិត្តបិទច្រកព្រំដែនដោយឯកតោភាគី របស់ទាហានថៃនេះ ដោយអត់ទ្រាំជាមួយការប្រមាថ គំរាមកំហែងម្ដងហើយម្ដងទៀត មិនចេះចប់ ពីសំណាក់យោធាថៃ នេះ កម្ពុជា បានធ្វើការឆ្លើយដោយវិធានការបិទច្រកព្រំដែនទាំងស្រុង ជាមួយប្រទេសថៃ ដោយបិទការនាំចូលទាំងស្រុង នូវបន្លែ ផ្លែឈើថៃ ចូលកម្ពុជា បូករួមជាមួយការបញ្ឈប់ទិញប្រេង ឧស្ម័ន អគ្គិសនី និងប្រព័ន្ធអ៊ីនធឺរណិត ពីប្រទេសថៃ ទាំងស្រុង។

វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា នេះ ត្រូវបានសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ប្រាប់ទៅប្រជាពលរដ្ឋថៃ ថា កម្ពុជា គ្មានចេតនាបិទច្រកព្រំដែនទេ គឺពួកទាហានថៃ ទេដែលបង្កបញ្ហាលំបាកដល់ប្រជាពលរដ្ឋខ្លួនឯង ដោយបិទច្រកព្រំដែនជាឯកតោភាគី តាមទំនើងចិត្ត ។ សម្រាប់កម្ពុជា ប្រសិនបើភាគីថៃ បើកច្រកព្រំដែន ឲ្យដំណើរការជាប្រក្រតីវិញ ដូចមុនថ្ងៃទី៧ ខែមិថុនា នោះ យ៉ាងយូរត្រឹមរយៈពេល ៥ម៉ោងក្រោយ កម្ពុជា នឹងបើកច្រកព្រំដែន ឲ្យដូចដើមវិញទាំងអស់៕ ខៀវទុំ
