Monday, July 7, 2025
Homeសន្ដិសុខសង្គមចាប់ពិន័យឡានដឹកលើសទម្ងន់ ៣គ្រឿង

ចាប់ពិន័យឡានដឹកលើសទម្ងន់ ៣គ្រឿង

ខេត្តកោះកុង ៖ ក្រុមការងារត្រួតពិនិត្យយានយន្តចល័តរបស់ក្រសួង សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង និងស្ថានីយជញ្ជីងអចល័ត បឹងឃុនឆាង ខេត្តកោះកុង ព្រមទាំងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ បានចុះប្រតិបត្តិការ ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិត កំណត់ នៅ២ទីតាំង លើផ្លូវជាតិលេខ៤៨ ក្នុងខេត្តកោះកុង ដោយបានធ្វើការផាកពិន័យរថយន្ត ចំនួន៣គ្រឿង។

តាមក្រសួងសាធារណការ នៅចំណុចគីឡូម៉ែត្រលេខ៦៨ ស្រុកបទុមសាគរ ក្រុមការងារបានត្រួតពិនិត្យយានយន្ត ចំនួន៤គ្រឿង ផ្ទុកទម្ងន់សរុបលើសកម្រិតកំណត់ ចំនួន២គ្រឿង ចន្លោះពី៤៥តោនដល់៤៦តោន លើសទម្ងន់អនុញ្ញាត ចន្លោះពី២០ដល់២១តោន។ ដោយឡែក នៅចំណុចគីឡូម៉ែត្រលេខ៣ ស្រុកស្រែអំបិល ក្រុម ការងារបានត្រួតពិនិត្យយានយន្តចំនួន៣គ្រឿង មានបិទឡូហ្គោ CR, P ក្នុងនោះផ្ទុកទម្ងន់ សរុបលើសកម្រិតកំណត់ ចំនួន១គ្រឿង ចំនួន៤៨តោន លើសទម្ងន់អនុញ្ញាត ២៣តោន។

សរុបលទ្ធផលក្នុងប្រតិបត្តិការត្រួតពិនិត្យយានយន្តទាំង២ទីតាំងខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុប ចំនួន៧គ្រឿង ផ្ទុកលើសទម្ងន់ ចំនួន៣គ្រឿង ចន្លោះពី២០តោន ដល់២៣តោន ត្រូវបានពិន័យជាប្រាក់ ទាំងផ្ទុកលើសទម្ងន់សរុប និងផ្ទុកលើសទម្ងន់នៃភ្លៅនីមួយៗ តាមច្បាប់ស្តីពីផ្លូវថ្នល់មាត្រា២៦ និងមាត្រា៦០ និងសេចក្តីជូនដំណឹងលេខ ០១០ សក.សជណ.គតលទ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ស្តីពីការ ដោះលែងនិងរឹតបន្តឹងការអនុវត្តច្បាប់លើយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។

ក្រសួងសាធារណការនិងដឹកជញ្ជូន អះអាងថា នៅតែបន្តយុទ្ធនាការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុត ដោយគ្មានការលើកលែងឡើយ៕

RELATED ARTICLES