
ភ្នំពេញ ៖ អ្នកវិភាគ និងអ្នកសិក្សាសង្គម ព្រមទាំងអ្នកនយោបាយ បានលើកឡើងថា សសរស្ដម្ភឯកភាពជាតិ គឺការកាត់គម្លាតអ្នកមាននិងអ្នកក្រ អ្នកមានអំណាចនិងអ្នកខ្សោយ ពោលគឺធ្វើឲ្យមានភាពស្មើគ្នា រវាងអ្នកមាននិងអ្នកក្រ អ្នកមានអំណាចនិងអ្នកខ្សោយ ដោយត្រូវពង្រឹងការអនុវត្តគោរពគោលការណ៍ច្បាប់ និងនីតិរដ្ឋ ។
លោកអ៊ូ វីរៈ ប្រធានវេទិកាអនាគត និងជាអ្នកវិភាគនយោបាយ-សង្គម បានលើកឡើងតាមទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “សសរស្តម្ភមួយ នៃឯកភាពជាតិ គឺការកាត់គម្លាតអ្នកមាននិងអ្នកក្រ អ្នកមានអំណាចនិងអ្នកខ្សោយ។ នីតិរដ្ឋ អារម្មណ៍ថាមានឱកាសស្មើគ្នា“ ។

ជាមួយគ្នានោះដែរ លោកសេក សុជាតិ ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត និងជាអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ប្រាប់”នគរធំ “ នៅថ្ងៃទី៨៤ ខែកក្កដា ឆ្នាំ២០២៥ ថា ការឯកភាពជាតិ គឺជាអាទិភាពទី១ ដែលត្រូវធ្វើ ហើយអ្នកដែលបានឯកភាពគ្នា គួរតែធ្វើនៅក្រោមទិដ្ឋភាពច្បាប់ ហើយប្រកួតប្រជែងគ្នា ដើម្បីរៀបចំដឹកនាំសង្គម ឲ្យមានភាពល្អប្រសើរ ជាពិសេសគឺផ្សះផ្សានិងលុបបំបាត់ចោលការរើសអើង ការលាបពណ៌ និងលុបបំបាត់ចោលនូវការមើលឃើញក្នុងផ្លូវអវិជ្ជមាន ដោយខ្វះក្រមសីលធម៌ និងគោរពច្បាប់ ប្រើប្រាស់អំណាចលើសដែនកំណត់ ។
លោកសេក សុជាតិ បានមានប្រសាសន៍ថា “បាទ! ទាក់ទងជាមួយនឹងទិដ្ឋភាពនេះ ខ្ញុំយល់ថា វាជារឿងសំខាន់ នៅពេលដែលសសរស្ដម្ភឯកភាពជាតិ ត្រូវបានការពារ ហើយនិងពង្រឹងនិងពង្រីកឲ្យបានទូទាំងប្រទេស ហើយគ្រប់ភាគីពាក់ព័ន្ធទាំងអស់មានការចូលរួមដោយស្ម័គ្រចិត្ត ហើយខិតខំធ្វើក្នុងនាមជាជាតិសាសន៍ខ្មែរ តែមួយដូចគ្នា ខ្ញុំគិតថា វាគឺជារឿងដែលចាំបាច់ ហើយល្អ ហើយនៅពេលដែលមានការឯកភាពគ្នា មានន័យថា ការអនុវត្តច្បាប់ ក៏ត្រូវតែស្មើភាពគ្នាដែរ ហើយពេលដែលការអនុវត្តច្បាប់ ស្មើភាពគ្នា ដូច្នេះវានឹងអាចធ្វើឲ្យគម្លាតរវាងអ្នកមាននិងក្រ អ្នកមានអំណាចនិងអ្នកទន់ខ្សោយ ក៏មិនមានឃ្លាតគ្នាដែរ ពីព្រោះត្រូវការអនុវត្តច្បាប់ដោយស្មើភាពគ្នា ហើយអ្នកដែលមានទោសនឹងត្រូវបានកាត់ទោសដោយច្បាប់ ដោយមិនមានការកាត់ទោសដោយប្រើប្រាស់អំណាចក្រៅច្បាប់ណាមួយបានឡើយ“ ។
លោកសេក សុជាតិ បានមានប្រសាសន៍បន្តថា “ដូច្នេះទិដ្ឋភាពទាំងអស់នេះ ខ្ញុំយល់ថា ការឯកភាពជាតិ គឺជាអាទិភាពទី១ ដែលត្រូវធ្វើ ហើយអ្នកដែលបានឯកភាពគ្នា គឺគួរតែធ្វើនៅក្រោមទិដ្ឋភាពច្បាប់ ហើយប្រកួតប្រជែងគ្នា ដើម្បីរៀបចំដឹកនាំសង្គម ឲ្យមានភាពល្អប្រសើរ ជាពិសេសគឺផ្សះផ្សានិងលុបបំបាត់ចោលការរើសអើង ការលាបពណ៌ ហើយនិងលុបបំបាត់ចោលនូវការមើលឃើញក្នុងផ្លូវអវិជ្ជមាន ដោយខ្វះក្រមសីលធម៌ និងគោរពច្បាប់ ប្រើប្រាស់អំណាចលើសដែនកំណត់ពីច្បាប់បានកំណត់អីអ៊ីចឹងជាដើម ហើយក្នុងករណីដែលមានការឯកភាពគ្នា លុះត្រាណាតែការអនុវត្តច្បាប់បានល្អប្រសើរ ហើយគ្រប់ភាគីពាក់ព័ន្ធ ចូលរួមទាំងអស់គ្នា ដើម្បីធ្វើឲ្យសង្គមរបស់យើង មានការផ្លាស់ប្ដូរប្រកបទៅដោយភាពវិជ្ជមាន ស្របទៅតាមអ្វីដែលមានចែងនៅក្នុងច្បាប់ ជាមួយនិងការអនុវត្តច្បាប់ដោយស្មើភាពគ្នាផងដែរ“ ។

ដោយឡែក លោកមាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដេលនោះថា សសរស្ដម្ភឯកភាពជាតិ គឺការគោរពច្បាប់រៀងៗខ្លួន ការឲ្យគុណតម្លៃស្មើមុខស្មើមាត់គ្នា ដោយមិនរើសអើង មិនប្រកាន់វណ្ណៈ អញអ្នកធំ ឯងអ្នកតូច កុំមកនៅក្បែរអញ អញអ្នកមាន ឯងអ្នកក្រ កុំមកឆ្លងក្រដល់អញជាអ្នកមាន ។ បើមានហេតុផលបែបនេះ គេមិនហៅថាសង្គមមួយដែលប្រកាន់នូវគោលការណ៍ប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្សជាធំទេ ផ្ទុយទៅវិញ បើមិនឯកភាពជាតិ មិនបង្រួបបង្រួម ផ្សះផ្សា អត់ឱន អធ្យាស្រ័យ យោគយល់គ្នាទេ វាគឺជាសង្គមទាសករ ដែលទៅជាការប្រកាន់វណ្ណៈ ហើយវាអាចធ្វើឲ្យសង្គមមានការងើបឡើងរើបម្រះ ដោយការឈឺចាប់ តាមរយៈការបោះឆ្នោត ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ខ្ញុំថា សសរស្ដម្ភនៃការឯកភាពជាតិ ហើយយើងអាចនឹងកាត់គម្លាតរវាងអ្នកមាននិងអ្នកក្រ ក៏ដូចជាអ្នកមានអំណាចនិងអ្នកតូចតាចទន់ខ្សោយបាន គឺវាពឹងផ្អែកទៅលើការគោរពច្បាប់ នីតិរដ្ឋ ហើយជាពិសេសអ្នកមានអំណាចហ្នឹងកុំជាន់ឈ្លី ធ្វើអីដែលខុសផ្ទុយទៅនឹងច្បាប់របស់ប្រទេស អនុវត្តច្បាប់ដែលប្រទេសជាតិហ្នឹងបានតាក់តែង ពិសេសច្បាប់រដ្ឋធម្មនុញ្ញ ដែលជាឆត្រច្បាប់កំពូល ហើយស្ថាប័ននីតិរដ្ឋ ដែលជានីតិបញ្ញត្តិ នីតិប្រតិបត្តិ នីតិតុលាការហ្នឹង គឺថាបណ្ដុំទៅដោយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ។ បើអ៊ីចឹងហើយ ទាល់តែយើងមានការគោរពច្បាប់ គោរពវិន័យ ហើយកុំបំពានច្បាប់ កុំអង្គុយលើច្បាប់ ដើម្បីជាន់ឈ្លីដល់អ្នកទន់ខ្សោយដែលគេគោរពច្បាប់ ។ អាហ្នឹងហើយដែលមិនមែនជាការបំពាននូវអំពើអយុត្តិធម៌ អំពើពុករលួយ ការជិះជាន់ គំរាមកំហែង បំភិតបំភ័យ ដោយផ្ដល់នូវសិទ្ធិសេរីភាព ក្នុងការអនុវត្តច្បាប់ ការនិយាយស្ដី ការបញ្ចេញទស្សនៈ បញ្ចេញមតិទៅនឹងការរិះគន់បែបអង្គហេតុ អង្គច្បាប់ មានហេតុ មានផល ដើម្បីឲ្យសង្គមមួយមានសណ្ដាប់ធ្នាប់ មានវិន័យ ទៅនឹងការអនុវត្តច្បាប់មួយ ដែលមិនរំលោភសិទ្ធិមនុស្ស ច្បាប់ដែលយកគោលការណ៍ប្រជាធិបតេយ្យ ដែលយកប្រជាពលរដ្ឋជាធំ ប្រទេសកាន់នូវរបបសេរីពហុបក្ស មានន័យថា ប្រទេសដែលដឹកនាំដោយស្ថាប័នជាតិ នីតិរដ្ឋ មានន័យថា ប្រជាពលរដ្ឋម្ចាស់ឆ្នោត ជាម្ចាស់ប្រទេស“ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “អ៊ីចឹងហើយ អ្នកដែលមានអំណាចហ្នឹង មិនរំលោភអំណាចហួសព្រំដែន គោរពច្បាប់ អ៊ីចឹងហើយអ្នកតូចតាចក៏គាត់ចាំមើលតែអ្នកដឹកនាំនោះ ដែលជាអ្នកបម្រើសង្គមជាតិ បម្រើប្រជាពលរដ្ឋ ទៅតាមស្ថាប័នជាតិដែលកំណត់ដោយច្បាប់ រចនាសម្ព័ន្ធដឹកនាំ មិនមានការិយាធិបតេយ្យ គឺថាយើងយកអភិបាលកិច្ចល្អ កំណែទម្រង់រដ្ឋបាលសាធារណៈ ដឹកនាំទៅ ខ្ញុំថាវាល្អសម្រាប់សង្គមជាតិ ដែលត្រូវអនុវត្តពីអ្នកមានអំណាច អ្នកធំហ្នឹង គឺជាមន្រ្តីរាជការ ឬក៏កងកម្លាំងប្រដាប់អាវុធ ហើយអ្នកមាន យើងអត់មានទៅគប់គិត អត់មានប្រើលុយ ដើម្បីទៅទាក់ទាញអ្នកមានអំណាច ឲ្យបម្រើនូវអ្វីជាអត្តទត្ថបុគ្គលរបស់បក្ខពួក គ្រួសារនិយម ដោយសារអំណាចទឹកលុយ ហើយធ្វើឲ្យបង្កភាពអយុត្តិធម៌ ការឈឺចាប់ដល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ធ្វើឲ្យសង្គមពុករលួយ ធ្វើឲ្យសង្គមមានការគំរាមកំហែង បំភិតបំភ័យ ដោយសារតែអំណាចលុយ បង្កើតនូវអំពើពុករលួយ វាមិនខុសពីពាក្យចាស់ថា “មានលុយ ហៅខ្មោចមកកិនម្សៅក៏បាន” អាហ្នឹងមិនមែនជាសង្គមដែលគោរពនីតិរដ្ឋ គោរពស្ថាប័នជាតិ ហើយមិនមែនចេះតែអ្នកមានហ្នឹង ចេះតែទិញមនុស្ស ប្រើមនុស្សតាមតែអំពើចិត្តដូចទាសករបានទេ ។ បើប្រទេសប្រជាធិបតេយ្យ សេរីពហុបក្ស គឺគេត្រូវស្ដាប់គ្នានៃពហុគំនិត ចម្រុះទៅដោយមតិនៃបក្សកាន់អំណាច បក្សក្រៅរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ឬក៏បុគ្គលអ្នកវិភាគឯករាជ្យ អ្នកស្រាវជ្រាវ អ្នកប្រវត្តិវិទូ ប្រវត្តិសាស្រ្តជាដើមអីហ្នឹង គឺថាត្រូវតែយកបង្គោលនៃច្បាប់ ច្បាប់រដ្ឋធម្មនុញ្ញ ហើយកុំនាំគ្នាបំពាន“ ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តទៀតថា “បើយើងជាអ្នកបង្កើតច្បាប់ ក៏ដោយ តែអ្នកច្បាប់ កុំបំពាន កាលណាបំពាន វាប៉ះពាល់ទៅដល់ភាពអនាធិបតេយ្យនៃអំពើពុករលួយ និងអំណាច អំណាចជាបុណ្យស័ក្ដិ កម្លាំងប្រដាប់អាវុធ ឬក៏មន្រ្តីរាជការជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល ក្នុងជួរនៃអំណាចនីតិប្បញ្ញតិ្ត ឬក៏មន្រ្តីប្រធានតុលាការ ចៅក្រម ព្រះរាជអាជ្ញាអីជាដើមហ្នឹង គឺប្រើឆន្ទានុសិទ្ធិ សុទ្ធតែគ្មានក្រមសីលធម៌ វិជ្ជាជីវៈ អាហ្នឹងហើយជាការប្រាសចាក ដើរផ្ទុយនឹងច្បាប់ប្រទេស ដើរផ្ទុយនឹងរបបប្រជាធិបតេយ្យសេរីពហុបក្ស ។ អ៊ីចឹងហើយ សរុបមកវិញ គឺថាសសរស្ដម្ភឯកភាពជាតិ គឺការគោរពច្បាប់រៀងៗខ្លួន ការឲ្យគុណតម្លៃស្មើមុខស្មើមាត់គ្នា ដោយមិនរើសអើង មិនប្រកាន់វណ្ណៈ អញអ្នកធំ ឯងអ្នកតូច កុំមកនៅក្បែរអញ អញអ្នកមាន ឯងអ្នកក្រ កុំមកឆ្លងក្រដល់អញជាអ្នកមាន អាហ្នឹងគេមិនហៅថា សង្គមមួយដែលប្រកាន់នូវគោលការណ៍ប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្សជាធំទេ គឺបើមានហេតុផលអ៊ីចឹង មិនឯកភាពជាតិ មិនបង្រួបបង្រួម ផ្សះផ្សា អត់ឱនអធ្យាស្រ័យ យោគយល់ឲ្យគ្នាទេ គឺជាសង្គមទាសករ ហើយបើកាលណាជាសង្គមទាសករ វាទៅជាការប្រកាន់វណ្ណៈ វាអាចធ្វើឲ្យសង្គមហ្នឹង មានការងើបឡើង ទីណាមានការឈឺចាប់ ទីនោះមានការរើបម្រះ តើរើបម្រះបែបណា? ក្នុងសង្គមប្រជាធិបតេយ្យ រើបម្រះដោយការបោះឆ្នោត សំឡេងឆ្នោតរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត តែសង្គមដែលផ្ដាច់ការ សង្គមដែលជិះជាន់ គឺថាងើបឡើងដោយការធ្វើបដិវត្តន៍ ងើបឡើងដោយអំពើហិង្សាដើម្បីផ្ដួលរំលំ អាហ្នឹងវាផ្ទុយរដ្ឋធម្មនុញ្ញ ។ អ៊ីចឹងហើយយើងត្រូវធ្វើយ៉ាងណាឲ្យតុល្យភាពនៃអំណាច ហើយសិទ្ធិមនុស្សដែលគ្មានការរំលោភបំពានពីអ្នកធំ មកអ្នកតូច អ្នកមាន មកជាន់ឈ្លីអ្នកក្រ អាហ្នឹងហើយជាអត្ថន័យនៃសសរស្ដម្ភឯកភាពជាតិ“ ៕ កុលបុត្រ