ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់ ជាសិក្ខាកាមអង្គរក្ស បានជិះម៉ូតូពេលយប់ តែម្នាក់ឯង ជ្រុលទៅបុករថយន្តដឹកទំនិញធុនធំ ១គ្រឿង ចំពីមុខ ពេញទំហឹង បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ចំណែកអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៣៥នាទីយប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ១៤៣ ត្រង់ចំណុចភូមិភែក ឃុំស្រង់ ស្រុកគងពិសី។
យុវជនរងគ្រោះដែលបាត់បង់ជីវិត មានឈ្មោះងួន រ៉ាឈិ ភេទប្រុស អាយុ២២ឆ្នាំ ជាសិក្ខាកាមអង្គរក្ស មានលំនៅ ភូមិត្រពាំងថ្ម ឃុំស្រង់ ស្រុកគងពិសី។ ចំណែកអ្នកបើកបររថយន្ត មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូ ១គ្រឿងម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1R-5099 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៤៣ ក្នុងទិសដៅពីលិច ទៅកើត លុះពេលមកដល់ចំណុចខាងលើ បានជ្រុលទៅបុកជាមួយរថយន្តប្រភេទដឹកទំនិញ ធុនធំ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-7363 បើកបរមកពីទិសខាងកើត ទៅលិច (បញ្ច្រាសទិសគ្នា) ចំពីមុខយ៉ាងពេញទំហឹង បណ្តាលឱ្យអ្នកបើកបរម៉ូតូ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើត ហេតុ។ ចំណែកអ្នកបើកបររថយន្ត បានចុះរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ នគរបាលជំនាញ បានចុះធ្វើការវាស់វែងនៅកន្លែងកើតហេតុ និងបានអូសយកវត្ថុតាងទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគងពិសី ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។ ចំណែកសព ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕
