Monday, July 21, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាក់ធុងបាស់ឮខ្លាំង ទុស្សេឆេះផ្ទះ២ខ្នង

ចាក់ធុងបាស់ឮខ្លាំង ទុស្សេឆេះផ្ទះ២ខ្នង

ខេត្តកណ្តាល ៖ បុរសម្នាក់ បានបើកធុងបាស់ឮខ្លាំងៗ ស្តាប់ចម្រៀង រួចក៏ដេកលក់នៅលើអង្រឹងខាងមុខផ្ទះ ស្រាប់តែបន្តិចក្រោយ មកលាន់ឮសំឡេងផ្ទុះ (ទុស្សេធុងបាស់) កើតជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ និងរាលឆេះផ្ទះ ១ខ្នងទៀត ដែលនៅជាប់គ្នា បណ្តាលឱ្យខូចខាតផ្ទះ អស់ចំនួន២ខ្នង។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុច ភូមិត្រពាំងធ្នង់ ឃុំម្កាក់ ស្រុកអង្គស្នួល។

ផ្ទះ ទាំង២ខ្នង ដែលរងការឆាបឆេះ រួមមាន ផ្ទះទី១-មានទំហំ ៦ គុណនឹង ៧ម៉ែត្រ សង់ពីឈើ ដំបូលប្រក់ក្បឿង ជញ្ជាំងក្តារ តសំយាបដែក ប្រក់ស័ង្កសី មានម្ចាស់ឈ្មោះមាញ អឿ ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិត្រពាំងធ្នង់ ឃុំម្កាក់ ស្រុកអង្គស្នួល។ ចំណែកផ្ទះទី២- មានទំហំ ៦ម៉ែត្រ គុណនឹង ៧ម៉ែត្រ ដំបូលខាងលើប្រក់ស័ង្កសី ជញ្ជាំងក្តារ ខាងក្រោមរាបថ្ម ខាងមុខតយ៉ាបដែកប្រក់ស័ង្កសី មានម្ចាស់ឈ្មោះមុត ម៉ៅ ភេទ ស្រី អាយុ៧០ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិត្រពាំងធ្នង់ ឃុំម្កាក់ ស្រុកអង្គស្នួល។

តាមប្រភពបុរសជាម្ចាស់ផ្ទះ ឈ្មោះមាញ អឿ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ រូបគាត់បានចាក់ធុងបាស់ ដើម្បីស្តាប់ចម្រៀង រួចបានដេកលើអង្រឹងនៅមុខផ្ទះ។ ខណៈនោះ គាត់ក៏បានឮសំឡេងផ្ទុះ ចំនួន១ដង ភ្លាមៗគាត់បានរត់ស្ទុះងើប ស្រាប់តែឃើញមានផ្សែងហុយខ្មៅខ្មួលខ្មាញ់ លាយអណ្តាតភ្លើង យ៉ាងសន្ធោសន្ធៅ។

បន្ទាប់ពីកើតមានហេតុការណ៍អគ្គិភ័យនេះភ្លាម ប្រជាពលរដ្ឋបាននាំគ្នាយកទុយោទឹក ជួយបាញ់ពន្លត់ភ្លើងភ្លាមៗដែរ តែទប់ទល់ជាប់ ទើបប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ឱ្យជួយចុះមកអន្តរាគមន៍ តែដោយសារស្ថានភាពការឆាបឆេះសន្ធោសន្ធៅខ្លាំងពេក ទើបរាលដាលមកដល់ផ្ទះស្ត្រីឈ្មោះមុត ម៉ៅ ដែលនៅជាប់គ្នាតែម្តង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងថា មានករណីអគ្គិភ័យឆាបឆេះផ្ទះ ប្រជាពលរដ្ឋភ្លាមៗ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាឱ្យរថយន្តពន្លត់អគ្គិភ័យ ចេញអន្តរាគមន៍ភ្លាមៗ តែការឆាបឆេះលឿនពេក ទើបមិនបានប្រើប្រាស់រថយន្តពន្លត់អគ្គិ ភ័យទេ ដោយប្រជាពលរដ្ឋ បានបាញ់ទឹកពន្លត់ជាស្ថាពរ នៅវេលាម៉ោង៤សៀល ថ្ងៃដដែល។

ចំពោះមូលហេតុ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើងចេញពីធុងបាស់) ចេញពីផ្ទះទី១ របស់ឈ្មោះមាញ អឿ រួចក៏បន្តឆេះរាលដាលទៅដល់ផ្ទះទី២ របស់ឈ្មោះមុត ម៉ៅ បណ្តាលឱ្យខូចខាតទាំងស្រុង អស់ចំនួន២ខ្នងតែម្តង។

ចំពោះការខូចខាត រួមមាន ផ្ទះទី១- ខូចខាតផ្ទះអស់ទាំងស្រុង អង្ករ ចំនួន២បាវ តុឈើ ចំនួន២ គ្រែ ចំនួន៣ ទូដាក់ខោអាវ ចំនួន៣ កង់អាគុយ ចំនួន១គ្រឿង និងខ្សែកប្លាទីន ទម្ងន់៥ជី។ រីឯផ្ទះទី២- ខូចខាត ផ្ទះទាំងស្រុង កុំព្យូទ័រ ១គ្រឿង ធុងបាស់ ១គ្រាប់ (ខ្នាតតូច) គ្រឿងអលង្ការប្លាទីន ចំនួន៩ជី តុឈើចំនួន២ ទូដាក់ខោអាវ ចំនួន២ គ្រែ ចំនួន៣ និងកៅអីជ័រ ចំនួន១២៕

RELATED ARTICLES