ខេត្តកំពង់ស្ពឺ ៖ ប្តីប្រពន្ធវ័យចំណាស់ ២នាក់ កំពុងដេកលក់ ស្រាប់តែកូនប្រុស ទើបនឹងត្រឡប់មកពីដើរលេង ផឹកស្រាស្រវឹង បានធ្វើសកម្មភាពដុតផ្ទះចោល បង្កឱ្យមានការឆាបឆេះយ៉ាងសន្ធោសន្ធៅ បំផ្លាញផ្ទះអស់ទាំង ស្រុង ខណៈដែលឪពុកម្តាយ ស្ទុះរត់ចេញសឹងមិនទាន់ ចំណែកកូនប្រុសបង្កហេតុ បានរត់គេចខ្លួនបាត់។

ករណីកូនប្រុសដុតផ្ទះនេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង១០នាទីយប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចភូមិក្រាំងមេត្រី ឃុំស្គុះ ស្រុកសំរោងទង។

កូនប្រុសចិត្តភ្លើង ដែលដុតផ្ទះឪពុកម្តាយចោល មានឈ្មោះឈូក សុខឃី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិន ពិតប្រាកដ រស់នៅជាមួយឪពុកម្តាយ ក្នុងភូមិក្រាំងមេត្រី ឃុំស្គុះ ស្រុកសំរោងទង (ក្រោយធ្វើសកម្មភាពរួច បានរត់គេចខ្លនបាត់)។ ចំណែកផ្ទះដែលរងការខូចខាតអស់ទាំងស្រុង មានទំហំ ៨ម៉ែត្រ គុណនឹង ៩ម៉ែត្រ ធ្វើអំពីឈើលើថ្មក្រោម ប្រក់ក្បឿង ជាកម្មសិទ្ធិរបស់ឈ្មោះធូ សុខឃឿន ភេទស្រី អាយុ៦០ឆ្នាំ មុខរបរកសិករ (ត្រូវជាម្តាយបង្កើតរបស់ជនសង្ស័យ) រស់នៅភូមិក្រាំងមេត្រី ឃុំស្គុះ ស្រុកសំរោងទង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កន្លងមក ជនសង្ស័យជាកូនប្រុស ឈ្មោះឈូក សុខឃី គឺជាមនុស្សដែលមិនមានការងារធ្វើពិតប្រាកដនោះទេ រាល់ថ្ងៃតែងដើរលេងជាមួយមិត្តភក្តិ និងផឹកស្រាស្រវឹង សង្ស័យប្រើប្រាស់គ្រឿងញៀនទៀតផង ហើយឧស្សាហ៍រករឿងឈ្លោះប្រកែក អុកឡុកឪពុកម្តាយខ្លាំងណាស់។ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យទើបនឹងត្រឡប់មកពីដើរលេងក្រៅផ្ទះ និងផឹកស៊ីស្រវឹងផង ក៏ធ្វើ សកម្មភាពដុតផ្ទះឪពុកម្តាយចោល បង្កឱ្យឆាបឆោះអស់ទាំងស្រុងតែម្តង។
តាមសម្តីស្ត្រីជាម្តាយជនសង្ស័យ និងជាម្ចាស់ផ្ទះ បានបញ្ជាក់ប្រាប់ថា មូលហេតុដែលបណ្តាលឱ្យឆេះផ្ទះរបស់គាត់នេះ គឺដោយសារតែកូនបង្កើតរបស់គាត់ ឈ្មោះឈូក សុខឃី ជាអ្នកដុត ហើយរត់គេចខ្លួនបាត់ ក្រោយ ពេលធ្វើសកម្មភាពរួច។

ចំពោះទំហំនៃការខូចខាត នៅមិនទាន់អាចបូកសរុបបាននៅឡើយ គ្រាន់តែដឹងថា អគ្គិភ័យនេះ បានបង្កឱ្យខូចខាត រួមមាន ផ្ទះ ១ខ្នងទាំងស្រុង សម្ភារៈថ្នាំពេទ្យ និងគ្រឿងកំប៉ុង ១០កេស លុយ ១លានរៀល ស្រូវ ២០០ គីឡូក្រាម អង្ករ ១០០គីឡូក្រាម និងរបស់របរប្រើប្រាស់ មួយចំនួនធំទៀត។

សមត្ថកិច្ច បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានថា មានហេតុការណ៍អគ្គិភ័យកើតឡើងភ្លាម សមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងជំនាញ សរុប១១នាក់ បានចុះអន្តរាគមន៍ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿង ចុះបាញ់ទឹកពន្លត់ ដោយក្នុងនោះ មានរថយន្ត ពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសំរោងទង ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន និងរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងច្បារមន ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន សរុបប្រើប្រាស់ទឹកអស់ចំនួន ២ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បាន (ភ្លើងរលត់ទាំងស្រុង)។

ជុំវិញករណីខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យជាកូនប្រុសរបស់ម្ចាស់ផ្ទះខាងលើ ដើម្បីនាំយកមកចាត់ការតាមច្បាប់៕