ខេត្តសៀមរា ៖ យុវជនម្នាក់ បានថតវីដេអូពាក់ឯកសណ្ឋានយោធា សម្តែងនិងរាំ ថតបង្ហោះក្នុងបណ្តាញសង្គម ចំនួនពីរឃ្លីប ដោយបានសរសេរខ្លឹមសារ “Make up ចូលជួរ ប៊ះមិនទាន់ ជីវិតជូនជាតិ ធាតុជូនម្តាយ រាងកាយជូនបងៗទាហាន” លើគណនីទិកតុក (TikTok) ក្នុងគោលបំណងទាក់ទាញចំណាប់អារម្មណ៍ឱ្យមានគេចូលមកមើល ទីបំផុតត្រូវបានមន្ត្រីជំនាញអាវុធហត្ថ កោះហៅចូលខ្លួនបំភ្លឺ និងសុំទោសជាសាធារណៈ។

នៅរសៀលថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានចុះធ្វើការស្រាវជ្រាវករណីយុវជនម្នាក់ ស្លៀកពាក់ឯកសណ្ឋានយោធា រាំនិងថតបង្ហោះក្នុងបណ្តាញ សង្គមទិកតុក រហូតរកឃើញនិងអញ្ជើញយុវជននោះ មកសាកសួរនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការអប់រំណែនាំ ឱ្យលុបនិងបញ្ឈប់រាល់ការបង្ហោះវីដេអូដែលធ្វើឱ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ក្រសួងការពារជាតិ និងកងយោធ ពលខេមរភូមិន្ទ បន្តទៀត ទើបឱ្យត្រឡប់ទៅលំនៅឋានវិញ។

យុវជនរូបនោះ មានឈ្មោះ ដេ ជីវ័ន្ត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាបុគ្គលិកផ្នែកលក់ និងថតប្រម៉ូតហាង នៅម្តុំមុខវត្តដំណាក់ មានលំនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

នៅចំពោះមុខមន្ត្រីជំនាញអាវុធហត្ថ យុវជនរូបនោះ បានទទួលស្គាល់កំហុសដែលបានប្រព្រឹត្ត នាពេលកន្លង មក ដោយខ្វះការពិចារណា ក្នុងការបង្ហោះវីដេអូខាងលើ និងបានសន្យានៅមុខសមត្ថកិច្ចថា លុបវីដេអូទាំងនោះចោលវិញ ព្រមទាំងបានធ្វើការសុំទោសជាសាធារណៈ ចំពោះថ្នាក់ដឹកនាំនិងកងទ័ពទាំងអស់ផងដែរ៕
