Saturday, July 26, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្លើពឹងយកម៉ូតូទៅឱ្យប្រពន្ធ ហួសទៅបញ្ចាំ ជាប់ខ្នោះ

ក្លើពឹងយកម៉ូតូទៅឱ្យប្រពន្ធ ហួសទៅបញ្ចាំ ជាប់ខ្នោះ

ភ្នំពេញ ៖ បុរសម្នាក់ បានពឹងពាក់មិត្តភក្តិរបស់ខ្លួន ឱ្យជួយយកម៉ូតូទៅឱ្យប្រពន្ធខ្លួនជិះទៅផ្ទះ ស្រាប់តែមិត្តភក្តិជើងល្អ ជិះយកទៅបញ្ចាំ រួចគេចខ្លួនអស់ ១០ថ្ងៃ ត្រូវជនរងគ្រោះជាម្ចាស់ម៉ូតូតាមរកមុខឃើញ ចាប់ក្របួចជាប់ ប្រគល់ឱ្យសមត្ថកិច្ចនាំយកទៅចាត់ការតាមច្បាប់។

ករណីស៊ីដាច់ម៉ូតូក្លើនេះ បានកើតឡើង កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ រហូតមកដល់ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ទើបជនរងគ្រោះ បានប្រទះ ឃើញជនសង្ស័យនៅតាមផ្លូវជាតិលេខ៤ ចំណុចមុខវត្តជម្ពូវ័ន ក៏ចាប់ប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះបូ ស័ក ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកម៉ូតូដែលជនសង្ស័យស៊ីដាច់នោះ ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1LG-4205 ជារបស់ជនរងគ្រោះ ឈ្មោះវណ្ណា ចិត្ត្រា អាយុ៤០ឆ្នាំ មុខរបរលក់ដូរ មានលំនៅ ភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពី១៣ ខែកក្កដា ឆ្នាំ២០២៥ ជនរងគ្រោះ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1LG-4205 ដឹកជនសង្ស័យចេញពីផ្សារជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ទៅកាន់ផ្ទះរបស់ខ្លួន នៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ ក្រោយមក ដោយសារតែជាប់រវល់ការងារនៅផ្ទះ ទើបជនរងគ្រោះ បានពឹងជនសង្ស័យដែលជាមិត្តភក្តិ ឱ្យជួយជិះម៉ូតូយកទៅប្រគល់ឱ្យប្រពន្ធដែលកំពុងលក់ដូរនៅផ្សារជម្ពូវ័ន ដើម្បីឱ្យប្រពន្ធជិះទៅផ្ទះ នៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

ប្រភពដដែល បន្តថា ពេលនោះជនសង្ស័យក៏បានជិះម៉ូតូខាងលើចេញទៅបាត់ ពុំបានយកទៅប្រគល់ឱ្យប្រពន្ធរបស់ជនរងគ្រោះ ឈ្មោះវណ្ណា ចិត្ត្រា នោះឡើយ ហើយបានគេចខ្លួនបាត់។ លុះ១ថ្ងៃក្រោយមក គឺនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ជនរងគ្រោះ ជាម្ចាស់ម៉ូតូ បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី៣ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

រហូតដល់ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ទើបជនរងគ្រោះប្រទះឃើញជនសង្ស័យនៅតាមផ្លូវជាតិលេខ៤ ចំណុចមុខវត្តជម្ពូវ័ន ក៏ឃាត់ខ្លួនឱ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី៣ តែម្តង។

បន្ទាប់មក នគរបាលប៉ុស្តិ៍ចោមចៅទី៣ បានប្រគល់ជនសង្ស័យនោះ បន្តទៅនគរបាលស្រុកបាទី ខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES