Tuesday, July 29, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមពលរដ្ឋ៥៨នាក់ ពុលនំបញ្ចុក

ពលរដ្ឋ៥៨នាក់ ពុលនំបញ្ចុក

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី សរុបចំនួន៥៨នាក់ រស់នៅក្នុងឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ក្រោយពីទទួលទាននំបញ្ចុក (ទិញពីអ្នកលក់នៅក្នុងភូមិ) ស្រាប់តែកើតមានអាការរាករូស ក្អួតចង្អោរ ឈឺក្បាល និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកកោះសូទិន ភ្លាមៗ ដោយសង្ស័យពុលនំបញ្ចុក។

ក្រោយទទួលបានព័ត៌មាននេះភ្លាម លោកអ៊ុន ចាន់ដា អភិបាលខេត្ត បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ នាព្រឹកថ្ងៃទី២៧ កក្កដា ឆ្នាំ២០២៥ ស្ថិតនៅមន្ទីរពេទ្យបង្អែកស្រុក។

លោកយី វណ្ណៈ អភិបាលស្រុកកោះសូទិន បានបញ្ជាក់ប្រាប់ថា ទីកន្លែងផលិតនំបញ្ចុក របស់ឈ្មោះយាន នាត នៅភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ធ្វើនំបញ្ចុក សម្រាប់ចែកចាយលក់ឱ្យឈ្មួញ ចំនួន៤នាក់ សម្រា ប់យកលក់តាមទីផ្សារ។ លុះនៅវេលាម៉ោង ២រសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ មានអ្នកដែលបានទិញនំបញ្ចុក ទៅទទួលទាន កើតអាការរាករូស រហូតដល់ទៅ ៥៨នាក់ ក្នុងនោះអ្នកដែលមានសភាពធ្ងន់ ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកកោះសូទិន ចំនួន១៨នាក់។ ចំណែក៤០នាក់ទៀត មានអាការបន្តិចបន្តួច គឺព្យាបាលនិងលេបថ្នាំ តាមផ្ទះ រៀងៗខ្លួន។

លោកអភិបាលស្រុកកោះសូទិន បន្តថា ករណីពុលនំបញ្ចុកនេះ មកដល់ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ពល រដ្ឋដែលបានមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក មានអាការធូរស្រាល ជាមួយនោះត្រូវបានលោកអភិបាល ខេត្ត និងសហការី អញ្ជើញចុះសួរសុខទុក្ខ ដោយផ្ទាល់ដល់មន្ទីរពេទ្យផងដែរ។ ជាមួយនេះ រដ្ឋបាលខេត្ត បានឧបត្ថម្ភថវិកា ចំនួន២លានរៀល ដល់មន្ទីរពេទ្យ ហើយក៏បានស្នើសុំឱ្យជួយព្យាបាលពលរដ្ឋទាំង ១៨នាក់ ដោយមិនចំណាយថវិកានោះទេ ហើយពួកគាត់ខ្លះបានធូរស្រាល វិលត្រឡប់ទៅផ្ទះវិញអស់មួយចំនួនហើយ។

សូមបញ្ជាក់ថា អ្នកធ្វើនំបញ្ជុក ឈ្មោះយាន នាត ភេទស្រី អាយុ៦៦ឆ្នាំ នៅភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ កន្លងមក មិនដែលមានហេតុការណ៍បែបនេះកើតឡើងឡើយ។ ចំពោះករណីពលរដ្ឋទិញនំបញ្ចុកទៅទទួលទាន ពុលសរុប៥៨នាក់ (ស្រី៣៩នាក់)នេះ មន្ត្រីសុខាភិបាល បានយកសំណាក់ទៅពិនិត្យនៅមន្ទីរពិសោធន៍រាជធានីភ្នំ ពេញ។

ក្រោមការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បានជួយដល់បងប្អូនប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី ធ្វើឱ្យពួកគាត់មានភាពកក់ក្តៅ នេះបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តកំពង់ចាម៕

RELATED ARTICLES