ភ្នំពេញ ៖ អគារខុនដូ មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់រថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង ចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។
ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង១៥នាទីល្ងាច ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នៅត្រង់ចំណុចអគារខុនដូ DE CASTLE (TK83) ស្ថិតនៅតាមបណ្តោយផ្លូវ៣១៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញភ្លើងបានឆេះចេញពីបន្ទប់ការិយាល័យនៃអគារខុនដូ ខាងលើ ដែលស្ថិតនៅជាន់ឡៅតឿ ដោយឃើញមានផ្សែងហុយទ្រលោម ចេញមកក្រៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់បុគ្គលិកនិងសន្តិសុខ នាំគ្នាជួយពន្លត់ និងទាក់ទងទៅរថយន្តពន្លត់អគ្គិភ័យជួយអន្តរា គមន៍។
ទាក់ទិនការកើតមានអគ្គិភ័យនេះ ត្រូវបានបុគ្គលិកនៃនៃអគារខុនដូ ខាងលើ បានឱ្យដឹងថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

តាមប្រភពសមត្ថកិច្ចជំនាញការិយាល័យបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅក្នុងហេតុការណ៍នេះ រថយន្តពន្លត់អគ្គិភ័យ ចំនួន៦គ្រឿង ទៅអន្តរាគមន៍បាញ់ពន្លត់ប្រើប្រាស់អស់ទឹកចំនួន៤ រថយន្តហើយភ្លើងបានរលត់ទៅវិញ នៅវេលាម៉ោង ៥និង៥០នាទីថ្ងៃដដែល។

ប្រភពដដែល បានបញ្ជាក់ថា ហេតុការណ៍អគ្គិភ័យនេះ បានបង្កឱ្យខូចខាតបន្ទប់ការិយាល័យនៅជាន់ឡៅតឿ ទំហំ៩ម៉ែត្រ គុណនឹង ១០ម៉ែត្រ ត្រូវភ្លើងឆេះរងការខូចខាត រួមនិងកុំព្យូទ័រ ម៉ាស៊ីនត្រជាក់ និងសម្ភារៈមួយចំនួន តែពុំបណ្តាលឱ្យឆេះរាលដាលឡើយ។ ចំណែកមូលហេតុសមត្ថកិច្ចជំនាញ កំពុងតែធ្វើការស្រាវជ្រាវ៕