ខេត្តកណ្តាល ៖ កម្លាំងនគរបាលស្រុកអង្គស្នួល បានបើកកិច្ចប្រតិបត្តិការបង្ក្រាបមុខសញ្ញាក្រុមក្មេងទំនើង ចំនួន៣ក្រុម សរុបចំនួន ១១នាក់ ដែលកំពុងជិះម៉ូតូ ប្រដាប់ដោយកាំបិតផ្គាក់ ជើងឆត្រ និងខ្សែក្រវាត់ ប៉ុនប៉ងប្រព្រឹត្តអំពើហិង្សា។
ការបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង៣និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ កក្កដា ២០២៥ នៅបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល។

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឱ្យដឹងថា មុនពេលកើតហេតុ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលទាំង១០ បានចេញល្បាតក្នុងភូមិសាស្ត្រស្រុក ដើម្បីបង្ការនិងទប់ស្កាត់បទល្មើសផ្សេងៗ។ ក្រោយមក ទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានក្មេងទំនើងជាច្រើនក្រុម ជិះម៉ូតូ មានកាន់កាំបិតផ្គាក់។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ច បានដេញតាមពួនស្ទាក់និងឃាត់ខ្លួនក្មេងៗទំនើងទាំង៣ក្រុម រួមទាំងម៉ូតូ ចំនួន ៥គ្រឿង និងវត្ថុតាងមួយចំនួន។
លោកអធិការ បានបន្តថា ក្នុងចំណោមជនសង្ស័យទាំង ១១នាក់ ដែលត្រូវបានឃាត់ខ្លួន មានឈ្មោះហ៊ីង ហ្វុង ភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នកកាន់កាំបិតផ្គាក់។ ឈ្មោះប៉ែន មីនា ភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នកកាន់ជើងឆត្រ និងឈ្មោះឌុល រិទ្ធី ភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នកកាន់ខ្សែក្រវាត់។
ក្រោយការសាកសួរ ជនសង្ស័យទាំងអស់ បានឆ្លើយសារភាពថា ពួកគេពិតជាបានកាន់កាំបិតផ្គាក់ ជើងឆត្រដែក និងខ្សែក្រវាត់មែន តែគ្រាន់តែទុកសម្រាប់ការពារខ្លួនប៉ុណ្ណោះ។ ក្រោយការពិនិត្យទឹកនោមរបស់ពួកគេ មិនមានផ្ទុកសារធាតុញៀនឡើយ។
ចំពោះវត្ថុតាងដែលសមត្ថកិច្ចចាប់យក រួមមាន ម៉ូតូ ចំនួន៤គ្រឿង (ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ ស្លាកលេខ កំពង់ស្ពឺ 1AA-6903 ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1LP-1744 ម៉ាកស៊ុយស៊ូគី និចធូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1LE-7443 និងម៉ាកស៊ុយស៊ូគី និច ពណ៌ស-លឿង ពាក់ស្លាកលេខ កំពង់ស្ពឺ 1AA-9664)។ កាំបិតផ្គាក់ដងឫស្សី១ ជើងឆត្រដែក១ និងខ្សែក្រវាត់១។
លោកអធិការ បានបញ្ជាក់ថា ចំពោះករណីនេះ កម្លាំងផ្នែកជំនាញ បានសម្រេចអនុវត្តតាមវិធានការអប់រំ ដោយឃាត់ខ្លួនពួកគេ រយៈពេល ៣៦ម៉ោង និង៤៨ម៉ោង។ ទន្ទឹមនឹងនេះ សមត្ថកិច្ចបានដកហូតម៉ូតូ រក្សាទុក រយៈពេល ៣ខែ នៅអធិការដ្ឋាននគរបាលស្រុក៕