Thursday, July 31, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស៊ីម៉ាក់ ត្រៀមយុទ្ធនាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៅតំបន់ប្រយុទ្ធ

ស៊ីម៉ាក់ ត្រៀមយុទ្ធនាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៅតំបន់ប្រយុទ្ធ

ភ្នំពេញ ៖ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថាស៊ីម៉ាក់ (CMAC) បានត្រៀមធ្វើការពង្រាយកម្លាំងជំនាញ ដើម្បីដំណើរការស្រាវជ្រាវ និងដាក់ស្លាកសញ្ញាកំណត់តំបន់រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម គ្រាប់មិនទាន់ផ្ទុះ និងដំណើរការបោសសម្អាតជូនប្រជាពលរដ្ឋ។

លោកហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ថា គ្រាន់តែស្ងប់ស្ងាត់គ្រាប់កាំភ្លើងបន្តិច ប្រជា ពលរដ្ឋបានទំនាក់ទំនងមករកអង្គភាព CMAC ជួយបោស សម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងការប្រ យុទ្ធគ្នា រវាងទាហានសៀម និងកងកម្លាំងកម្ពុជា។

លោកហេង រតនា បន្តថា នៅពេលណាសភាពការណ៍នៃសង្គ្រាមបានបញ្ឈប់ កម្លាំងអង្គភាពស៊ីម៉ាក់ ត្រៀមធ្វើការពង្រាយកម្លាំងជំនាញ ដើម្បីដំណើរការស្រាវជ្រាវនិងដាក់ស្លាកសញ្ញាកំណត់តំបន់រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម គ្រាប់មិនទាន់ផ្ទុះ និងដំណើរការបោសសម្អាតជូនប្រជាពលរដ្ឋ ក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋាន ស្របតាមតម្រូវការជាក់ស្តែងជាអាទិភាព។

អគ្គនាយកអង្គភាពស៊ីម៉ាក់ បានបន្ថែមថា “ក្នុងសភាពការណ៍ចំពោះមុខ ខ្ញុំសូមអំពាវនាវជូនប្រជាពលរដ្ឋទាំង អស់ មេត្តាធ្វើទំនាក់ទំនងមកមន្ត្រីជំនាញអង្គភាពស៊ីម៉ាក់ ដោយផ្ទាល់ ដែលប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង នៅទិសខេត្តប្រាសាទព្រះវិហារ និងខេត្តឧត្តរមានជ័យ តាមរយៈលេខទូរស័ព្ទ ៖ – ឧត្តមសេនីយ៍ត្រី អ៊ាន សុធា ៖ ០៩៧ ២២២ ២៧៣៥ សម្រាប់ទិសខេត្តប្រាសាទព្រះវិហារ។ – ឧត្តមសេនីយ៍ត្រី នេត រដ្ឋា ៖ ០៩៧ ២០០ ១១៤១ សម្រាប់ទិសខេត្តឧត្តរមានជ័យ។ សម្រាប់ជំនួយបន្ថែមផ្សេងៗ សូមទាក់ទងឧត្តមសេនីយ៍ត្រី កែវ សារ៉ាត់ ០៩៧ ២០០ ១៤០៦”៕

RELATED ARTICLES