ភ្នំពេញ ៖ ក្រោយបទឈប់បាញ់ “កម្ពុជា-ថៃ” ចូលជាធរមាន កាលពីវេលាម៉ោង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានចុះពិនិត្យខ្សែផ្លូវដែលខូចខាតដោយគ្រាប់ផ្លោងទាហានថៃ និងត្រៀមជួសជុលឱ្យបានទាន់ពេលវេលា។

លោក ផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹង កាលពីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ថា ក្នុងចំណោមកំណាត់ផ្លូវសរុប ៩ខ្សែ ដែលបានត្រួតពិនិត្យ មានតែផ្លូវខេត្ត លេខ២៦២៨ (ច្រកតាថាវ) និងផ្លូវខេត្ត លេខ 2PVH5 (ជាំក្សាន្ត-អានសេះ) ដែលរងការខូចខាតដោយ សារគ្រាប់កាំភ្លើងធំ របស់ថៃ។

១-កំណាត់ផ្លូវខេត្តលេខ ២៦២៨ (ច្រកតាថាវ) ៖ មានករណីគ្រាប់កាំភ្លើងធំ ផ្លោងធ្លាក់ចំ ១ទីតាំង ត្រង់ចិញ្ចើមផ្លូវ នៅ PK10+020។
២-កំណាត់ផ្លូវខេត្តលេខ 2PVH5 (ជាំក្សាន្ត-អានសេះ) ៖ មានករណីគ្រាប់កាំភ្លើងធំ ផ្លោងធ្លាក់ចំ៣ទីតាំង រួម មាន ៖ – PR2PVH5 PK05+320 – PR2PVH5 PK06+660 – PR2PVH5 PK10+030 ។

ចំណែកផ្លូវជាតិ និងផ្លូវខេត្តផ្សេងទៀត ដូចជា ផ្លូវជាតិលេខ៦២ ផ្លូវជាតិលេខ៩២ ផ្លូវខេត្តលេខ២៦២៥ ផ្លូវខេត្តលេខ២៦២៦ ផ្លូវខេត្តលេខ 2PVH2 ផ្លូវខេត្តលេខ 2PVH7 និងផ្លូវខេត្តលេខ 2PVH9 គឺពុំមានការខូចខាតដោយ សារគ្រាប់កាំភ្លើងធំនោះឡើយ។

គួរបញ្ជាក់ថា ស្ថានភាពផ្លូវក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ គឺនៅមានសុវត្ថិភាព សម្រាប់ការធ្វើដំណើរបានធម្មតា នៅលើកំណាត់ផ្លូវភាគច្រើន លើកលែងតែកំណាត់ផ្លូវមួយចំនួនតូចប៉ុណ្ណោះ ដែលត្រូវការជួសជុល ដោយសារការខូចខាត៕
