ភ្នំពេញ ៖ ផ្ទះមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញអស់ទាំងស្រុង ដោយមូលហេតុផ្តើមចេញពីការឆ្លងភ្លើងម៉ូទ័របូមទឹក បង្កជាអគ្គិភ័យ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ទាក់ទងសុំអន្តរាគមន៍ពីសមត្ថកិច្ចជំនាញភ្លាមៗ។

ករណីអគ្គិភ័យខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ។

តាមប្រភពព័ត៌មានពីទីតាំងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុម្ចាស់ផ្ទះខាងលើ បានយកម៉ូទ័របូមទឹកចេញពីអណ្តូង ដើម្បីយកមកប្រើប្រាស់ ខណៈពេលកំពុងតែបូមទឹកស្រាប់តែឆ្លងចរន្តខ្សែភ្លើងនៅខាងលើផ្ទះ បណ្តាលឱ្យផ្ទុះឆេះបណ្តាញខ្សែភ្លើងយ៉ាងសន្ធោសន្ធៅ ឆេះផ្ទះអស់ ១ខ្នងទាំងស្រុង និងឆ្លងទៅឆេះដំបូលផ្ទះអ្នកជិតខាងដែលនៅជាប់គ្នារងការខូចខាតអស់ដំបូលមួយចំហៀងផងដែរ។

ហេតុការណ៍អគ្គិភ័យខាងលើនេះ សមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៣គ្រឿង ចុះជួយធ្វើអន្តរាគមន៍បាញ់ទឹកទប់ស្កាត់ការពារ ដើម្បីកុំឱ្យឆេះរាលដាលបន្តទៅកាន់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរៗនោះ ហើយអគ្គិភ័យបាន រលត់ទៅវិញទាំងស្រុង នៅវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃដដែល ដោយពុំបណ្តាលឱ្យមានអ្នករងរបួសឡើយ៕
