Friday, August 1, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជិះកង់បី លក់ថ្នាំញៀន ជាប់ខ្នោះ

ជិះកង់បី លក់ថ្នាំញៀន ជាប់ខ្នោះ

ខេត្តកណ្តាល ៖ បុរសម្នាក់ ជាអ្នករត់ម៉ូតូកង់បីក់ ទើបនឹងទិញថ្នាំញៀន តម្លៃ២៨ម៉ឺន បំណងយកទៅលក់ឱ្យម៉ូយ ក្នុងតម្លៃ ៣២ម៉ឺន តែមិនទាន់បានលក់ចេញផង ត្រូវបានកម្លាំងនគរបាលជំនាញ ចាប់ឃាត់ខ្លួន នាំយកទៅចាត់ ការតាមច្បាប់។

ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង ៥និង០៥នាទីល្ងាច ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល។

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ ខ្លួនមានឈ្មោះមាស ប៉េងអាន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបររត់កង់បីឥណ្ឌា បច្ចុប្បន្នស្នាក់នៅភូមិដំ ណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (មានសារធាតុញៀន)។ ជនសង្ស័យរូបនេះ បានប្រើប្រាស់គ្រឿង ញៀន ប្រហែល២ឆ្នាំជាង និងជួញដូរប្រហែល ២ខែ។

លោកអធិការបន្តថា មុនពេលកើតហេតុ កម្លាំងជំនាញនគរបាលប្រឆាំងគ្រឿងញៀនស្រុក បានទទួលព័ត៌មានពីមហាជនល្អថា មានមុខសញ្ញាបើកម៉ូតូកង់បី យកថ្នាំញៀន មកលក់នៅម្តុំភូមិក្រាំងម្កាក់។ ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញស្រុក សហការជាមួយប៉ុស្តិ៍ នគរបាលរដ្ឋបាលក្រាំងម្កាក់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន បានចុះទៅដល់ចំណុចកើតហេតុ ក៏ឃើញមុខសញ្ញាម្នាក់កំពុងអង្គុយលើម៉ូតូកង់បី។ ដោយមានការសង្ស័យ សមត្ថកិច្ចបានឆែកឆេរត្រួតពិនិត្យ និងរកឃើញម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀន (ម៉ាទឹកកក) ចំនួន២កញ្ចប់ ជាប់ខ្លួន ទើបធ្វើការឃាត់ខ្លួន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំ។

ចំពោះវត្ថុតាងដែលដកហូតបាន រួមមាន ម្សៅក្រាមសថ្លាសង្ស័យថាជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន២ក ញ្ចប់ (មធ្យម១ តូច១) ទម្ងន់ ៣,៩៩ក្រាម។ ទូរស័ព្ទដៃ ចំនួន២គ្រឿង (ម៉ាក Vivo ពណ៌ទឹកប៊ិក និងម៉ាក OPPO ពណ៌ទង់ដែង) និងម៉ូតូកង់បី ១គ្រឿង ម៉ាក TVS KING DURAMAX  ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IM-6926។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀនម៉ាទឹកកក ដែលរកឃើញនេះពិតជារបស់ខ្លួន ដោយបានទិញពីបុរសម្នាក់ មិនស្គាល់ឈ្មោះ នៅម្តុំក្តាន់ពីរ រាជធានីភ្នំពេញ ក្នុងតម្លៃ ២៨ម៉ឺនរៀល ដើម្បីយកមកលក់បន្ត ក្នុងតម្លៃ ៣២ម៉ឺនរៀល។

ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES