ខេត្តត្បូងឃ្មុំ ៖ កម្ពស់ទឹកទន្លេមេគង្គ បន្តហក់ឡើងជាបន្តបន្ទាប់ បណ្តាលឱ្យផ្លូវបេតុង មួយខ្សែដែលភ្ជាប់ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ទៅស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយត្រូវបានជន់លិចនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។

ផ្លូវបេតុង ១ខ្សែ ខាងលើនេះ ត្រូវបានជន់លិចនៅចំណុចភូមិទួលគរ ឃុំទន្លេបិទ ដែលមិនអាចឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ តាមរថយន្ត ឬម៉ូតូបានឡើយ។

ចំពោះទឹកទន្លេមេគង្គ ជន់លិចផ្លូវបេតុងនៅចំណុចភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ នេះ បើសិនប្រជាពល រដ្ឋមានបំណងទៅស្រុកកោះសូទិន ខេត្តកំពង់ចាម អាចធ្វើដំណើរវាងទៅតាមផ្លូវសែន តស៊ូ ស្រុកអូររាំងឪ ជំនួសវិញ។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍កម្ពស់ទឹក ពីមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តកំពង់ចាម បានបញ្ជាក់ថា នៅថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២៥ នេះ កម្ពស់ទឹកទន្លេមេគង្គ បានឡើងដល់កម្ពស់ ១២,៤២ម៉ែត្រ បើធៀបថ្ងៃដដែល ឆ្នាំមុន កម្ពស់ទឹកទន្លេមេគង្គកំពង់ចាម មានកម្ពស់ ១២,២៨ម៉ែត្រ ហើយកម្រិតដែលត្រូវប្រកាសឱ្យប្រុងប្រយ័ត្ន សម្រាប់ខេត្តកំពង់ចាម ត្បូងឃ្មុំ គឺកម្ពស់ ១៥,២០សង់ទីម៉ែត្រ៕

