Thursday, September 11, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកាប់ម៉ូតូ ប្លន់ស្លាកលេខ ជាប់ខ្នោះ២

កាប់ម៉ូតូ ប្លន់ស្លាកលេខ ជាប់ខ្នោះ២

ខេត្តបាត់ដំបង ៖ ក្មេងទំនើងឈាមរាវ ចំនួន២នាក់ ប្រដាប់ដោយកាំបិតផ្គាក់ បានធ្វើសកម្មភាពកាប់កម្ទេចម៉ូតូរបស់យុវជនម្នាក់ បណ្តាលឱ្យខូចខាតធ្ងន់ និងថែមទាំងកាប់យកស្លាកលេខម៉ូតូរបស់ជនរងគ្រោះ ទៅជាមួយផង ទីបំផុតត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ស្រាវជ្រាវតាមចាប់ខ្លួនបានទាំង២នាក់ យកមកចាត់ការតាមច្បាប់។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះឡៃ ភារម្យ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក និងទី២-ឈ្មោះរិន រ៉ាវី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក។ ចំណែកម៉ូតូដែលត្រូវជនសង្ស័យកាប់បំផ្លាញ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ កាំបន្ទះពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KT-7543 (រងការ ខូចខាតបែកអាវទាំងសងខាង ក្បាលម៉ូតូបែក បាក់បូម និងដាច់ស្លាកលេខម៉ូតូ) ជារបស់ជនរងគ្រោះឈ្មោះជ័យ ភព ភេទប្រុស អាយុ២១ឆ្នាំ មានលំនៅ ភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីបង្កហិង្សាធ្វើអោយខូចខាតដោយចេតនា (កាប់បំផ្លាញម៉ូតូ និងប្លន់យកស្លាកលេខម៉ូតូ) មួយកើតឡើង បង្កដោយជនសង្ស័យចំនួន២នាក់ (១-ឈ្មោះឡៃ ភារម្យ ២-ឈ្មោះរិន រ៉ាវី) បានធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូ និងលួចយកស្លាកលេខម៉ូតូរបស់ជនរងគ្រោះឈ្មោះជ័យ ភព បណ្តាលឱ្យម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ កាំបន្ទះពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 1KT-7543 រងការខូចខាតបែកអាវទាំងសងខាង ក្បាលម៉ូតូបែក បាក់បូម និងដាច់ស្លាកលេខម៉ូតូ។

ក្រោយពីបានទទួលបណ្តឹងពីជនរងគ្រោះ កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំព្រឹក នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដឹកនាំដោយលោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកភ្នំព្រឹក បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ ឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់ខាងលើ នាំមកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូ និងកាត់ផ្តាច់យកស្លាកលេខម៉ូតូរបស់ជនរងគ្រោះប្រាកដមែន។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES