Thursday, September 11, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកោសជប់ ជួញគ្រឿងញៀន ជាប់ខ្នោះ៤

កោសជប់ ជួញគ្រឿងញៀន ជាប់ខ្នោះ៤

ខេត្តកំពង់ស្ពឺ ៖ ទីតាំងហាងម៉ាស្សា កោសជប់ ១កន្លែង បានលួចលាក់បង្កប់សកម្មភាពជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន ដោយខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្រុកឱរ៉ាល់ បើកប្រតិបត្តិការបង្ក្រាប ដោយឃាត់ខ្លួនក្រុមជនសង្ស័យសរុបចំនួន៤នាក់ (ប្រុស២ ស្រី២) នាំយកទៅចាត់ការតាមច្បាប់។

ការបង្ក្រាបទីតាំងម៉ាស្សា កោសជប់ បង្កប់ការជួញដូរគ្រឿងញៀននេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចផ្ទះម៉ាស្សា កោសជប់ មួយកន្លែង មានទីតាំងស្ថិតក្នុងភូមិច្រកទៀក ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់។

ក្រុមជនសង្ស័យទាំង៤នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះប្រាជ្ញ វណ្ណស៊ី ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់។ ទី២-ឈ្មោះម៉េវ សុផន ហៅកុយ ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិច្រកទៀក ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ (ជាម្ចាស់ផ្ទះ និងជាអ្នកផ្តល់ទីតាំង)។ ទី៣-ឈ្មោះអ៊ុត ស្រីអូន ហៅស្រីលក្ខ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិច្រកទៀក ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ និងទី៤-ឈ្មោះសោម ចន្តា ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិច្រកទៀក ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលឈានទៅធ្វើការបង្ក្រាបទីតាំងម៉ាស្សា កោសជប់ខាងលើនេះ គឺកម្លាំងជំនាញផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ បានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងជោរ បានធ្វើការបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន បានចំនួន៤នាក់ ហើយធ្វើការដកហូតវត្ថុតាង មាន ម្សៅក្រាមសថ្លាសង្ស័យគ្រឿងញៀន ចំនួន ៤កញ្ចប់ (១មធ្យម ៣តូច) ម៉ូតូចំនួន១គ្រឿង ម៉ាកហុងដាស៊ីប៊ី សេ១៥០ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JR-4377 និងទូរ ស័ព្ទដៃ ចំនួន៤គ្រឿង។

សមត្ថកិច្ចខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា នៅក្នុងករណីខាងលើនេះ មានជនសង្យ័យម្នាក់ ឈ្មោះប្រាជ្ញ វណ្ណស៊ី មានដីកាបង្កាប់ឱ្យចាប់ខ្លួន លេខ៤១០/២៤ ចេញដោយលោកប៉ែន កាម៉ងកា ចៅក្រមស៊ើបសួរ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ផងដែរ។

ក្រុមជនសង្ស័យទាំង៤នាក់ខាងលើ រួមជាមួយវត្ថុតាង ត្រូវឃាត់ខ្លួនយកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES