Monday, September 15, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចគោ ១៤លើក ជាប់ខ្នោះ២

លួចគោ ១៤លើក ជាប់ខ្នោះ២

ខេត្តកំពង់ស្ពឺ ៖ កម្លាំងនគរបាលស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បំបែកសំណុំរឿងក្រុមចោរលួចគោ យ៉ាង សកម្ម ក្នុងស្រុកចំនួន៤ ដោយឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់។ការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យជាចោរលួចគោនេះ បានធ្វើឡើងកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥១ ស្ថិតក្នុងភូមិរោងដំរី ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ។

ជនសង្ស័យ ចំនួន៤នាក់ រួមមាន ទី១-ឈ្មោះវង់ ចាន់ផាក់ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។ ទី២- ឈ្មោះសំ ដារ៉ា ហៅរ៉ា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។ ទី៣-ឈ្មោះស.ន ភេទប្រុស អាយុ៣៣ឆ្នាំ (កំពុងរត់គេចខ្លួន) និងទី៤-ឈ្មោះរ ភេទប្រុស អាយុ៣៤ឆ្នាំ (កំពុងរត់គេចខ្លួន)។

លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ករណីលួចគោនេះ បានកើតឡើងជាបន្តបន្ទាប់ និងត្រូវបានកម្លាំងនគរបាលស្រុក ចេញធ្វើការល្បាតក្នុងភូមិសាស្ត្រ ដើម្បីទប់ស្កាត់ករណីមួយនេះ។ លុះពេលល្បាតមកដល់ត្រង់ចំណុចខាងលើ  កម្លាំងសមត្ថកិច្ច បានប្រទះឃើញជនសង្ស័យម្នាក់ កំពុងអង្គុយលើម៉ូតូ ហើយដោយមានការសង្ស័យ ក៏បានហៅសាកសួរ។ ជននោះបានផ្តល់ចម្លើយរដាក់រដុប មិនច្បាស់លាស់ ទើបសមត្ថកិច្ចនាំខ្លួនមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំតូច ដើម្បីសាកសួរបន្ថែម។

ចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ វង់ ចាន់ផាក់ បានឆ្លើយសារភាពថា ខ្លួនបានមកទីនេះ ដើម្បីដឹកបក្ខ ពួកម្នាក់ ឈ្មោះសំ ដារ៉ា ហៅរ៉ា ដើម្បីធ្វើសកម្មភាពលួចគោ ដោយក្រុមរបស់ពួកគេ មានគ្នាចំនួន៤នាក់ និងតែងតែធ្វើសកម្មភាពលួចគោក្នុងខេត្តកំពង់ស្ពឺ ជាច្រើនលើក ដោយក្នុង នោះធ្លាប់ធ្វើសកម្មភាពនៅស្រុកសាមគ្គីមុនីជ័យ បានសម្រេចចំនួន២លើក នៅស្រុកសំរោងទង ចំនួន២លើក ស្រុកភ្នំស្រួច ចំនួន៣លើក និងនៅស្រុកគងពិសី ចំនួន៧លើក។

ដោយមានការសម្របសម្រួលពីតំណាងអយ្យការ កម្លាំងនគរបាលបានបន្តប្រតិបត្តិការ និងឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះសំ ដារ៉ា។ ចំណែកបក្ខពួក២នាក់ទៀត កំពុងរត់គេចខ្លួន។ ក្នុងនោះ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ទូរស័ព្ទ ចំនួន២គ្រឿង និងម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ គ្មានស្លាកលេខ។ជនសង្ស័យទាំង២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ កសាងសំណុំរឿង បញ្ជូនបន្តទៅការិយាល័យព្រហ្មទណ្ឌខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES