ភ្នំពេញ ៖ យុវជនម្នាក់ ពាក់អាវកីឡា លេខ១៤ បានចុះទៅលេងទឹក នៅច្រាំងទន្លេ កន្លែងរាក់ៗ ស្រាប់តែរអិលជើងធ្លាក់ចូលទឹកជ្រៅ ហើយមិនចេះហែលទឹក បណ្តាលឱ្យលិចបាត់ខ្លួនពេញ១យប់ រហូតដល់ស្អែកឡើង ទើបមានអ្នកប្រទះឃើញសពអណ្តែតទឹក នៅខាងក្រោមស្ពានជ្រោយចង្វា។

ករណីប្រទះឃើញសពអណ្តែតទឹកនេះ បានកើតឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចក្រោមស្ពានជ្រោយចង្វា ប៉ែកត្រើយខាងកើត ស្ថិតក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

តាមសម្តីបុរសម្នាក់ បានឱ្យដឹងថា នៅមុនកើតហេតុ កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ គាត់ឃើញយុវជនម្នាក់ ពាក់អាវកីឡា ពណ៌ទឹកប៊ិក មានស្លាកលេខ១៤ ខាងក្រោយខ្នង បានចុះលេងទឹក នៅច្រាំងទន្លេ សាប ត្រើយខាងកើត ស្រាប់តែបន្តិចក្រោយមក រអិលជើងចូលទឹកជ្រៅ ហើយសង្ស័យយុវជននោះអត់ចេះហែលទឹក ទើបបានលិចបាត់ខ្លួនឈឹងតែម្តង ទោះជាមានទូកអ្នកនេសាទបានខំមកជួយរាវ តែរកអត់ឃើញ។ រហូតមកដល់ម៉ោង៥ល្ងាច ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ស្រាប់តែពេលដែលគាត់កំពុងអង្គុយលេងមាត់ទន្លេ ប្រទះឃើញសពបុរសម្នាក់ អណ្តែតទឹក រួចក៏រត់ទៅប្រាប់នគរបាលប៉ុស្តិ៍រដ្ឋបាលជ្រោយចង្វា ដែលនៅជិត ក្រោយស្ពានជ្រោយចង្វា ឱ្យមកពិនិត្យនិងស្រង់ឡើងគោក ដើម្បីធ្វើកោសល្យវិច័យ។

ក្រោយទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វា សហការជាមួយផ្នែកការិយា ល័យជំនាញកោសល្យវិច័យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅពិនិត្យ រួចបញ្ជាក់ថា ជនរងគ្រាះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ដោយមូលហេតុ ជនរងគ្រោះចុះលេងទឹក រអិលជើងចូលទឹកេជ្រៅ។សពយុវជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់នៅវត្តតាំងកសាងខាងត្បូង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ដើម្បីស្រាវជ្រាវរកគ្រួសារ សាច់ញាតិ មកទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃ ណី៕