ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំឱ្យកម្លាំងអន្តរាគមន៍ពិសេស និងកម្លាំងអន្តរាគមន៍ទាំង១៤ខណ្ឌ ត្រូវរៀបចំទាំងកម្លាំងនិងមធ្យោបាយ សម្ភារ ឱ្យបានត្រឹមត្រូវ ដើម្បីត្រៀមបង្ការបង្ក្រាបទប់ស្កាត់ បទល្មើសនានា ជាពិសេសការការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ។ លោកស្នងការ បានណែនាំឱ្យបែងចែកកម្លាំងបំពេញភារកិច្ចឱ្យមានការទទួលខុសត្រូវខ្ពស់ និងជាពិសេស ជំរុញចាំបាច់ត្រូវទទួលការហ្វឹកហាត់ឱ្យបានជាប្រចាំ អំពីយុទ្ធសាស្ត្រ និងយុទ្ធវិធីសំខាន់មួយចំនួនផងដែរ។

ការណែនាំនេះ ធ្វើឡើងក្នុងឱកាសលោកស្នងការដឹកនាំកិច្ចប្រជុំ និងសំណេះសំណាលជាមួយកងកម្លាំងអន្ត រាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីពង្រឹងបង្កើនការរៀបរយកម្លាំង ឱ្យបានរួចជាស្រេច១០០ភាគរយ សម្រាប់ការចុះប្រតិបត្តិការអន្តរាគមន៍បង្ការ បង្ក្រាប ទប់ស្កាត់បទល្មើសនានា និងសំដៅធានាការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នាឱកាសពិធី បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ក៏ដូចជាធានាសុវត្ថិភាពសង្គមជាតិ ឱ្យកាន់តែល្អប្រសើរ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានសង្កត់ធ្ងន់ ឱ្យកម្លាំងកងអន្តរាគន៍ពិសេសទាំងអស់ ក៏ដូចជាកម្លាំងអន្តរាគមន៍នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវចាំបាច់រៀបរយទាំងកម្លាំង និងមធ្យោបាយសម្ភារ ឱ្យបានត្រឹមត្រូវ បែងចែកកម្លាំងបំពេញភារកិច្ចឱ្យមានការទទួលខុសត្រូវខ្ពស់ និងជាពិសេសជំរុញចាំ បាច់ត្រូវទទួលការហ្វឹកហាត់ឱ្យបានជាប្រចាំ អំពីយុទ្ធសាស្ត្រ និងយុទ្ធវិធីសំខាន់ដូចជា ការទប់ទល់បាតុកម្ម វាយលុកអំពើភេរវកម្ម ជំនាញរំដោះចំណាប់ខ្មាំង និងការប្រើប្រាស់ខែលការពារពីការវាយលុករបស់សត្រូវ ជាដើម ដើម្បីការពារសន្តិសុខ ឱ្យកាន់តែរឹងមាំ ទប់ស្កាត់អំពើទាំងឡាយណាដែលមានចេតនាអាក្រក់ប៉ុនប៉ងបំផ្លាញសន្តិភាពរបស់ប្រទេសជាតិ។ ពិសេសនោះ ត្រូវត្រៀមទទួលបទបញ្ជា សម្រាប់ចូលរួមការការពារដែនអធិបតេយ្យទឹកដីកម្ពុជា ពីការឈ្លានពានពីសំណាក់រដ្ឋបរទេស ក្នុងករណីចាំបាច់ណាមួយដែលជាតិត្រូវការ៕

