Saturday, September 20, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអ្នកភូមិព្រៃចាន់ ទាំងព្រះសង្ឃ អាចារ្យ បន្តរួមគ្នាការពារទឹកដី ទប់ចោរឈ្លានពាន

អ្នកភូមិព្រៃចាន់ ទាំងព្រះសង្ឃ អាចារ្យ បន្តរួមគ្នាការពារទឹកដី ទប់ចោរឈ្លានពាន

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋកម្ពុជា នៅភូមិព្រៃចាន់ បើទោះបីទទួលរងការប្រើហិង្សាពីកងកម្លាំងប្រដាប់អាវុធថៃ ដោយការបាញ់កាំភ្លើងគ្រាប់ជ័រ គ្រាប់បែកផ្សែង ចម្ពាមកៅស៊ូគ្រាប់ឃ្លី គ្រាប់ដែក និងឧស្ម័នបង្ហូរទឹកភ្នែក បណ្ដាលឲ្យរងរបួស ២៩នាក់ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក៏ដោយ ក៏មកដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ អ្នកភូមិព្រៃចាន់ រួមទាំងព្រះសង្ឃ អាចារ្យ អាជ្ញាធរ នៅបន្តរួមគ្នាការពារទឹកដី ទប់ទល់នឹងចោរសៀម ឈ្លានពាន ដែលនៅតែព្យាយាមរាយលួសបន្លា ព័ទ្ធយកដីភូមិលំនៅ និងចម្ការរបស់ពួកគាត់ នៅចំណុចភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយពួកគាត់បានទៅប្រចាំការនៅចំណុចព្រំដែននោះ ទាំងថ្ងៃទាំងយប់ ដើម្បីការពាដីដូនតារបស់ពួកគាត់ មិនឲ្យចោរចូលមកប្លន់យកបាន ។

  សកម្មភាពតស៊ូរបស់អ្នកភូមិព្រៃចាន់ ដែលរងការធ្វើទុក្ខបុកម្នេញពីកងកម្លាំងថៃ ប្រើហិង្សាក្នុងការឈ្លានពានទឹកដីកម្ពុជា នោះ ត្រូវបានអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ បង្ហោះផ្សព្វផ្សាយពេញបណ្ដាញសង្គម បណ្ដាញ សារព័ត៌មាន និងទូរទស្សន៍អនឡាញនានា ធ្វើឲ្យពិភាពលោកបានមើលឃើញកាន់តែច្បាស់នូវសកម្មភាពរំ nលោភបំពានយ៉ាងគឃ្លើននិងឃោរឃៅ របស់កងកម្លាំងប្រដាប់អាវុធថៃ ដែលមិនគោរពបទឈប់បាញ់ កិច្ចព្រមព្រៀងនានា  រួមទាំងមិនគោរពសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ រហូតពិភពលោកមានការភ្ញាក់ផ្អើល និងបញ្ចេញមតិព្រោងព្រាតថា ពួកគេមិននឹកស្មានថា ជាតិសាសន៍ថៃ ឬសៀម អាក្រក់ សាមាន្យ ខុសគេ មានតែមួយលើលោកបែបនេះ ដោយប៉ុនប៉ងរំលោភយកទឹកដីគេ ដោយគ្មានភាពអៀនខ្មាស បង្កនូវភាពឈឺចាប់ដល់ប្រជាពលរដ្ឋខ្មែរ ដែលបាត់បង់ដីផ្ទះ គ្មានជម្រករស់នៅ ។ 

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហោះរូបភាពអំពើហិង្សារបស់កងកម្លាំងប្រដាប់អាវុធថៃ មកលើប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ ដែលព្យាយាមការពារទឹកដីរបស់ពួកគាត់ ដែលរងការឈ្លានពានពីពួកចោរសៀម យកលួសបន្លាមកព័ទ្ធយកដីផ្ទះពួកគាត់ នៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ជាមួយសំណេរថា “ពួកយើងមិនមែនជាបាតុករទេ ពួកយើងជាអ្នកការពារទឹកដីដូនតាយើង ពីចោរព្រៃឈ្លានពាន។ យើងខកខានបុណ្យភ្ជុំបិណ្ឌ ឆ្នាំនេះ ឆ្នាំក្រោយយើងអាចធ្វើបាន តែបើយើងបាត់ដីពេលនេះ មិនដឹងពេលណាយើងអាចយកត្រឡប់មកវិញបានទេ ព្រោះពួកចោរឈ្លានពាន វាបំពានទឹកដីយើង រាប់ជំនាន់មកហើយ“ ។

  លោកបណ្ឌិត គិន ភា បានសរសេរបន្ថែម នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ស្ដីពីព្រឹត្តិការណ៍ទាហានថៃ ប្រើហិង្សាលើអ្នកភូមិព្រៃចាន់ របស់កម្ពុជា ថាប្រព័ន្ធផ្សព្វផ្សាយបរទេស ស្ទើរទូទាំងពិភពលោក បានរាយការណ៍ពីការឈ្លានពានរបស់ថៃ មកលើទឹកដីកម្ពុជា ។ ក្នុងនោះ សារព័ត៌មានដ៏ល្បី Al Jazeera របស់ប្រទេសកាតារ បានសរសេរថា កងកម្លាំងថៃបានបាញ់គ្រាប់ជ័រ និងឧស្ម័នបង្ហូរទឹកភ្នែក ក្នុងការប៉ះទង្គិចជាមួយអ្នកភូមិកម្ពុជា។ ជនស៊ីវិលកម្ពុជា ២៩នាក់ រួមទាំងព្រះសង្ឃ និងមន្ត្រីផង បានរងរបួស នៅពេលយោធាថៃ បានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់កាំភ្លើងគ្រាប់ជ័រ ក្នុងអំឡុងពេលប៉ះទង្គិចគ្នានៅក្នុងតំបន់ជម្លោះមួយនៅព្រំដែនកម្ពុជា-ថៃ កាលពីរសៀលថ្ងៃពុធ សប្ដាហ៍នេះ ជាអំពើហិង្សាដ៏ធ្ងន់ធ្ងរបំផុត ចាប់តាំងពីប្រទេសទាំងពីរ បានបញ្ឈប់ការប្រយុទ្ធគ្នាឆ្លងព្រំដែន កាលពីខែកក្កដា។

  សារព័ត៌មាន Reuters របស់អង់គ្លេស រាយការណ៍ថា កងកម្លាំងថៃ បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រ លើជនស៊ីវិលកម្ពុជា ដែលគ្មានអាវុធនៅតំបន់ព្រំដែនមានជម្លោះកាលពីថ្ងៃពុធ ជាការកើនឡើងគួរឱ្យកត់សម្គាល់បំផុត ចាប់តាំងពីបានប្រកាសបទឈប់បាញ់ដើម្បីបញ្ចប់ជម្លោះដ៏ធ្ងន់ធ្ងរ រយៈពេលប្រាំថ្ងៃ កាលពីខែកក្កដា។ ប្រព័ន្ធផ្សព្វផ្សាយបរទេស ស្ទើរទូទាំងពិភពលោក រាយការណ៍ពីការឈ្លានពានរបស់ថៃ ក្នុងទឹកដីកម្ពុជា។

  សារព័ត៌មាន ABC News របស់សហរដ្ឋអាមេរិក បានរាយការណ៍ថា កងកម្លាំងថៃ បានប៉ះទង្គិចជាមួយក្រមអ្នកតវ៉ាជាជនស៊ីវិល មកពីកម្ពុជា កាលពីថ្ងៃពុធ ហើយទង្វើរបស់ថៃ គំរាមកំហែងដល់កិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ផុយស្រួយ ក្រោយការប៉ះទង្គិចគ្នា ៥ថ្ងៃ។

  សារព័ត៌មាន DW របស់អាល្លឺម៉ង់ រាយការណ៍ថា នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានចោទប្រកាន់ថៃ កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា បានរារាំងជនស៊ីវិល មិនឲ្យត្រឡប់ទៅផ្ទះរបស់ពួកគេវិញ នៅតាមព្រំដែនដែលមានជម្លោះរវាងប្រទេសទាំងពីរ ក្រោយថៃ បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងសម្ភារៈបង្ក្រាបផ្សេងៗទៅលើអ្នកតវ៉ាកម្ពុជា នៅក្នុងភូមិព្រំដែនមានជម្លោះ ហើយថៃ នៅតែធ្វើសកម្មភាពព័ទ្ធយកដីអ្នកស្រុកកម្ពុជា ទោះមានការថ្កោលទោសពីបរទេសក៏ដោយ។

  សារព័ត៌មាន The Hindu របស់ឥណ្ឌា រាយការណ៍ថា ទាហានថៃ បានប្រើអំពើហិង្សាលើពលរដ្ឋ ព្រះសង្ឃ និងមន្ត្រីគ្មានអាវុធក្នុងដៃ ។ មេដឹកនាំកម្ពុជា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចោទប្រកាន់ប្រទេសថៃ ពីបទរារាំងមិនឲ្យពលរដ្ឋជាង ២០គ្រួសារ ត្រឡប់ទៅផ្ទះនៅព្រំដែនមានជម្លោះ នេះបើយោងតាមលិខិតរបស់លោក ផ្ញើជូនប្រមុខអង្គការសហប្រជាជាតិ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ១៨ កញ្ញា ឆ្នាំ២០២៥ ។

សារព័ត៌មាន AnewZ របស់អាស៊ែរបៃហ្សង់ ផ្សាយថា នគរបាលថៃ បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់ជ័រ និងការរាយលួសបន្លា នៅតែបន្តលើជនស៊ីវិលកម្ពុជា នៅតំបន់ព្រំដែនជម្លោះមួយ កាលពីថ្ងៃពុធ។

  សារព័ត៌មាន Asia news network មានមូលដ្ឋាននៅសិង្ហបុរី និយាយថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានថ្កោលទោសចំពោះការប្រើអំពើហិង្សារបស់កងកម្លាំងសន្តិសុខថៃ លើជនស៊ីវិលកម្ពុជា ដោយប្រកាសថា ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ គណៈកម្មាធិការនេះ អំពាវនាវឲ្យសហគមន៍អន្តរជាតិ ជួយអន្តរាគមន៍ និងដាក់សម្ពាធថៃ ឲ្យគោរពច្បាប់តំបន់និងអន្តរជាតិ ។

  គួរបញ្ជាក់ថា គិតមកដល់ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ស្ថានការណ៍នៅភូមិព្រៃចាន់ ឃុំអូរបីរជាន់ ស្រុកអូរជ្រៅ មានភាពស្ងប់ស្ងាត់ តែទោះជាយ៉ាងណា ប្រជាពលរដ្ឋកម្ពុជា និងកងទ័ពកម្ពុជា បន្តឈរជើងការពារដីភូមិនេះ ដោយប្រុងប្រយ័ត្នខ្ពស់ ដើម្បីទប់ស្កាត់ការបន្តឈ្លានពាន រាយលួសបន្លា ព័ទ្ធយកដីភូមិរបស់ពួកគាត់ ពីពួកចោរសៀម ខណៈដែលរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍សម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខសុវត្ថិភាពរបស់ប្រជាជនស្លូតត្រង់ ក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលអាជ្ញាធរថៃ បានប្រើអំពើហិង្សា ធ្វើឱ្យប្រជាជនស្លូតត្រង់ និងព្រះសង្ឃរងរបួសធ្ងន់-ស្រាល ចំនួន២៩អង្គ/នាក់ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងពេលដែលពលរដ្ឋកម្ពុជា កំពុងធ្វើការទាមទារដោយសន្តិវិធី ឱ្យមានការគោរពសិទ្ធិរស់រានមានជីវិតលើទឹកដីកំណើតរបស់ខ្លួន និងឲ្យកងកម្លាំងថៃ បញ្ឈប់ការឈ្លានពានទឹកដីកម្ពុជា។

  សេចក្តីថ្លែងការណ៍ របស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃសុក្រ ១២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ មានខ្លឹមសារថា “រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខ សុវត្ថិភាពរបស់ប្រជាជនស្លូតត្រង់ ក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលអាជ្ញាធរថៃ បានប្រើអំពើហិង្សា ធ្វើឱ្យប្រជាជនស្លូតត្រង់ និងព្រះសង្ឃរងរបួសធ្ងន់ និងស្រាល ចំនួន២៩អង្គ/នាក់ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងពេលដែលពលរដ្ឋកម្ពុជា កំពុងធ្វើការទាមទារដោយសន្ធិវិធី ឱ្យមានការគោរពសិទ្ធិរស់រានមានជីវិតលើទឹកដីកំណើតរបស់ខ្លួន។ យើងខ្ញុំសូមជូនពរដល់ប្រជាជនរងរបួសទាំងអស់ ឆាប់បានជាសះស្បើយ។

  រដ្ឋសភា សូមសម្តែងនូវការខកចិត្ត និងថ្កោលទោសដាច់អហង្ការចំពោះភាគីថៃ ដែលបន្តធ្វើសកម្មភាពនានាដែលរំលោភយ៉ាងធ្ងន់ធ្ងរលើបទឈប់បាញ់កម្ពុជា-ថៃ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី និងការឯកភាពគ្នាក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) នាពេលកន្លងមក។ ទង្វើទាំងនេះ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជំនឿទុកចិត្តនយោ បាយ និងការខិតខំប្រឹងប្រែងនានាដើម្បីស្តារឡើងវិញនូវសុខសន្តិភាព និងប្រក្រតីភាពនៃទំនាក់ទំនងកម្ពុជា-ថៃ ។

  រដ្ឋសភា ទទួចដល់ភាគីថៃ ឱ្យដោះលែងវីរកងទ័ពកម្ពុជា ទាំង១៨រូប ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ និងសូមអំពាវនាវដល់សហគមន៍អន្តរជាតិ បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់ នូវការអនុវត្តបទបាញ់កម្ពុជា-ថៃ ជាពិសេសការជំរុញការបង្កើតនិងពង្រាយក្រុមសង្កេតការណ៍អាស៊ាន ឱ្យបានឆាប់ ដើម្បីធានាការអនុវត្តបទឈប់បាញ់ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

  ជាថ្មីម្តងទៀត រដ្ឋសភា សូមគាំទ្រយ៉ាងពេញទំហឹងដោយមានជំនឿយ៉ាងមុតមាំចំពោះចំណាត់ការដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី សិទ្ធិសេរីភាព និងភាពថ្លៃថ្នូរបស់ប្រជាពលរដ្ឋគ្រប់រូប តាមរយៈការទូត និងច្បាប់អន្តរជាតិ។

  រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវីរកងទ័ព កងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសប្រជាជនគ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេស ដែលបានសាមគ្គីគ្នាជាធ្លុងមួយ ក្នុងការការពារជាតិមាតុភូមិ ជាទីស្នេហានៃយើង។ ក្នុងនាមជាប្រជាជាតិមួយ គ្មានអ្វីសំខាន់ជាងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សិទ្ធិ សេរីភាពនោះឡើយ។ អាស្រ័យហេតុនេះ យើងទាំងអស់គ្នា មានកាតព្វកិច្ច និងការលះបង់ ដើម្បីបុព្វហេតុជាតិមាតុភូមិ»។

យ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ២០២៥ ថៃ បានបញ្ជូនអ្នកសារព័ត៌មានច្រើនរូប មកកាន់ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទីដែលក្រុមកងកម្លាំងប្រដាប់អាវុធថៃ បានឈ្លានពាន រាយលួសបន្លានិងកង់ឡាន និងប៉ុនប៉ងយកបន្លាលួស មករាយបន្ថែម ដើម្បីព័ទ្ធយកដីភូមិរបស់ប្រជាពលរដ្ឋកម្ពុជា ។ ចំណែកខាងភាគីកម្ពុជា អ្នកភូមិព្រៃចាន់ និងអាជ្ញាធរ សមត្ថកិច្ច នៅតែបន្តប្រុងប្រយ័ត្ន ហើយក៏មានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចុះមកយកព័ត៌មាន ផ្សាយផ្ទាល់ ដល់ទីតាំងខាងលើ ទើបធ្វើឲ្យពួកចោរឈ្លានពាន បានដកថយ លាក់មុខសិន មិនទាន់ហ៊ានធ្វើសកម្មភាពឈ្លានពាននៅចំណុចភូមិព្រៃចាន់ ឃុំអូរបីជាន់នេះទេ តែពួកគេបែរជាប៉ុនប៉ងឈ្លានពាន រាយលួសបន្លា នៅឯចំណុចច្រកបឹងត្រកួន ឯណោះវិញ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋកម្ពុជា ទប់ស្កាត់ទាន់ ក៏ដកថយទៅវិញអស់។

  ពាក់ព័ន្ធនឹងការប៉ុនប៉ងរបស់ក្រុមប្រដាប់អាវុធថៃ ក្នុងការឈ្លានពានទឹកដីកម្ពុជា មិនឈប់ឈរនេះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានស្នើសុំការគាំទ្រពីលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន ព្រមទាំងថ្នាក់ដឹកនាំពិភពលោកនានា ដែលរួមមាន លោក ស៊ី ជីនពីង ប្រធានាធិបតីចិន លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហ រដ្ឋអាមេរិក និងលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង លោក អង់តូនីញ៉ូ ហ្គូទែររេស អគ្គលេ ខាធិការអង្គការសហប្រជាជាតិ និងលោកស្រី អាណាលេណា បេណាបក ប្រធានមហាសន្និបាតអង្គការសប្រ ជាជាតិ លើកទី៨០ ដើម្បីជំរុញការអនុវត្តបទឈប់បាញ់ និងរាល់កិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃ ឲ្យបានពេញលេញ និងមានប្រសិទ្ធភាព ៕ កុលបុត្រ

RELATED ARTICLES