Saturday, October 11, 2025
Homeសន្ដិសុខសង្គមបង្ក្រាបឆបោកអនឡាញ ចាប់មេខ្លោង១ បណ្តេញចេញ១៧

បង្ក្រាបឆបោកអនឡាញ ចាប់មេខ្លោង១ បណ្តេញចេញ១៧

ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបទីតាំង Online Scam ខុសច្បាប់ ១កន្លែង និងមានជនបរទេសស្នាក់នៅផ្តុំគ្នាដោយខុសច្បាប់ ក្នុងផ្ទះវីឡា មួយកន្លែង ស្ថិតនៅភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដោយឃាត់ខ្លួនជនជាតិចិន សរុបចំនួន១៨នាក់។

យោងតាមប្រភពសមត្ថកិច្ច បានឱ្យដឹងនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ថា ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ដឹកនាំដោយលោកហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ប៊ុន សុ សិក្ខា ស្នងការរងទទួលផែនការងារសន្តិសុខ លោកឧត្តមសេនីយ៍ទោ ស ថេន ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ក្រោមសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ប្រភពដដែល បានបញ្ជាក់ថា ប្រតិបត្តិការនេះ សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនជាតិចិន សរុបចំនួន១៨នាក់ (ស្រី២នាក់) និងដកហូតបានលិខិតឆ្លងដែន ១៦ច្បាប់ កុំព្យូទ័រ all in one ចំនួន១៦គ្រឿង និងកុំព្យូទ័រយួរដៃ ចំនួន១១គ្រឿង។ ក្រោយបញ្ចប់នីតិវិធី លោកហុក ពៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទមេខ្លោង ឈ្មោះ Cai Jincheng ជនជាតិចិន ជាមេខ្លោងឆបោក Online Scam ទៅឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ ដោយចោទប្រកាន់ពីបទឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង) តាមមាត្រាលេខ ៣៧៧ និងមាត្រាលេខ ៣៨០ នៃក្រមព្រហ្មទណ្ឌ។ ខណៈមនុស្ស១៧នាក់ផ្សេងទៀត ត្រូវបណ្តេញចេញពីប្រទេសកម្ពុជា៕

RELATED ARTICLES