Tuesday, October 14, 2025
Homeសង្គម និងជីវិត គ្រួសារកូនភ្លោះ៣ ទទួលអំណោយសម្តេចហ៊ុន សែន

 គ្រួសារកូនភ្លោះ៣ ទទួលអំណោយសម្តេចហ៊ុន សែន

ខេត្តត្បូងឃ្មុំ ៖ លោក សេង ទៀង នាយករងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញនាំយកអំណោយដ៏សប្បរសធម៌របស់សម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេច ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត យកទៅចែកផ្ទាល់ដៃជូនប្រជាពលរដ្ឋសម្រាលទារកភ្លោះ៣នាក់ ត្រូវជាចៅៗរបស់សម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងត្រូវជាក្មួយៗរបស់សម្តេចហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ដល់លំនៅឋានកូនភ្លោះ៣ ស្ថិតនៅភូមិទ្រាទី៣ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ទារកភ្លោះទាំង៣ ដែលទទួលអំណោយនៅពេលនេះ ជាកូនលើកទី៦ ដែលមានឪពុកឈ្មោះ ស្រី ម៉ៃហៀត អា យុ៣៦ឆ្នាំ មុខរបរកម្មករចម្ការចេក របស់ក្រុមហ៊ុនឡុង ស្រេង ម្តាយឈ្មោះ សុះ អៃយះ អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ។ ទារកភ្លោះទាំង៣នាក់ (ប្រុសម្នាក់ ស្រី២នាក់) នេះ កើតនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យកំពង់ចាម។

នៅចំពោះមុខគ្រួសារកូនភ្លោះ៣ លោកសេង ទៀង បានការផ្តាំផ្ញើសាកសួរសុខទុក្ខដោយសេចក្តីនឹករលឹកយ៉ាង ជ្រាលជ្រៅបំផុតពីសម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ដែលជានិច្ចកាល សម្តេច តែងតែផ្ញើនូវការនឹករលឹកចំពោះប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេសកម្ពុជា។ លោកឱ្យដឹងដែរថា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ ពោលគឺរយៈពេលជាង ២៦ឆ្នាំ កន្លងមកនេះ មានគ្រួសារទារកភ្លោះ ៣នាក់ ឫ៤នាក់ ចំនួន៤២៩គ្រួសាររួចហើយ បានទទួលអំណោយឧបត្ថម្ភដ៏សប្បុរសធម៌ពីសម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ក្នុងការជួយទំនុកបម្រុងដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសការ ចិញ្ចឹមបីបាច់ទារកភ្លោះ ៣នាក់ ។

លោកបានបន្តថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាក បាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែលបម្រើឱ្យសកម្មភាពនយោបាយនោះទេ ផ្ទុយទៅវិញ អំ ណោយទាំងអស់នេះ គឺជាអំណោយទានកើតចេញពីទឹកចិត្តជ្រះថ្លា ប្រកបដោយការគិតគួរខ្ពស់របស់សម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដចំពោះប្រជាពលរដ្ឋដែលមានទារកភ្លោះ៣ ឬ៤នាក់។

លោកសេង ទៀង បានបន្ថែមថា ដោយក្តីអាណិតស្រឡាញ់ពីសម្តេចហ៊ុន ម៉ាណែត និងលោកស្រី បានជួយឧបត្ថម្ភថវិកា ចំនួន៥លានរៀល ដើម្បីជួយសម្រាលដល់ការលំបាករបស់គ្រួសារដែលទទួលបានកូនភ្លោះ៣នាក់ និងគឺជាគ្រួសារលើកទី៤ ដែលទទួលបានថវិកាឧបត្ថម្ភពីសម្តេចហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត។

លោកបានធ្វើការណែនាំដល់មាតាបិតា និងអាណាព្យាបាលកូនភ្លោះ បន្តយកចិត្តតាមដានពីសុខភាពរបស់ទារកឱ្យបានគត់មុន ពោលគឺប្រសិនបើទារកមានអាការអ្វីខុសពីប្រក្រតី សូមយកកូនទៅកាន់មន្ទីរពេទ្យ ឬ មណ្ឌលសុខភាពដែលនៅជិតលំនៅឋាន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់ជីវិតរបស់ទារក។

តំណាងមាតាបិតាកូនភ្លោះ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនសម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេច ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ដែលជានិច្ចកាល ចាត់ទុកប្រជាពលរដ្ឋទីទ័ល់ក្រ ងាយរងគ្រោះ គឺជាការលំបាកផ្ទាល់របស់សម្តេច ពោលគឺពេលនេះ សម្តេច បានចាត់ឱ្យតំណាងរបស់សម្តេច នាំយកថវិកានិងសម្ភារៈដ៏មានតម្លៃនេះ មកចែកជូនផ្ទាល់ដៃដល់គ្រួសាររបស់ខ្លួន ដែលកើតបានទារិកាភ្លោះ ៣នាក់ ដើម្បីជួយសម្រាលដល់ការលំបាកក្នុងការចិញ្ចឹមបីបាច់ទារកភ្លោះ ទាំង៣នាក់នេះ ឱ្យមានជីវិតរស់នៅ និងមានអនាគតល្អ ដូចពលរដ្ឋដទៃទៀតក្នុងសង្គម៕

RELATED ARTICLES