Friday, April 3, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរថយន្តលាយបេតុង បើកសុខៗ ភ្លើងឆេះហ្មត់

រថយន្តលាយបេតុង បើកសុខៗ ភ្លើងឆេះហ្មត់

ភ្នំពេញ ៖ រថយន្តលាយបេតុង ១គ្រឿង កំពុងបើកបរនៅលើដងផ្លូវសុខៗ ស្រាប់តែឆ្លងចរន្តឆាបឆេះសន្ធោ សន្ធៅ បានបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជួយពន្លត់ ទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ ជួយអន្តរាគមន៍បាញ់ទឹកពន្លត់ អស់២រថយន្ត ទើបភ្លើងរលត់ ប៉ុន្តែរថយន្តបានខូចខាតទាំងស្រុងទៅហើយ។ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦និង៤០នាទីព្រលប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅលើមហាវិថីស៊ី ជីនពីង ស្ថិតនៅក្នុងភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។

រថយន្តខាងលើ មិនត្រូវបានគេស្គាល់ម៉ាកនោះទេ គ្រាន់តែដឹងថា ជារថយន្តលាយបេតុង របស់ក្រុមហ៊ុនមួយ ស្ថិតនៅម្តុំភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ និងបើកបរដោយបុរសម្នាក់ ឈ្មោះផាន សុខហេង អាយុ៣៦ឆ្នាំ ស្នាក់នៅក្នុងក្រុមហ៊ុនខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅវេលាម៉ោងខាងលើ គេឃើញរថយន្ត ១គ្រឿងនោះ បានដឹក បេតុង ចេញពីក្រុមហ៊ុន គោលដៅយកទៅចាក់នៅការដ្ឋានសំណង់ មួយកន្លែង ស្ថិតនៅម្តុំផ្សារបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ខណៈពេលកំពុងបើកបរធ្វើដំណើរក្នុងទិសដៅពីត្បូង ទៅជើង ដល់ចំណុចកើតហេតុ ស្រាប់តែឆ្លងចរន្តភ្លើង បង្កជាអណ្តាតភ្លើងឆាបឆេះនៅក្រោមកាប៊ីនរថយន្ត ពេលនោះបុរសជាអ្នកបើកបរ មិនបានដឹងទេ ហើយត្រូវបានអ្នកដំណើរតាមផ្លូវឃើញ ក៏ជិះម៉ូតូដេញតាមស្រែកប្រាប់ ទើបដឹង។

ប្រភពដដែល បន្តថា បន្ទាប់មក បុរសអ្នកបើកបរនោះ បានឈប់រថយន្ត រួចចុះរត់ទៅដងទឹកពាង ផ្ទះអ្នកភូមិ មកជះពន្លត់ ចំណែកអ្នកភូមិក៏បានយកបំពង់ពន្លត់អគ្គិភ័យ ជួយបាញ់ពន្លត់ដែរ តែពន្លត់អត់ឈ្នះ ភ្លើងឆេះកាន់ តែខ្លាំងឡើងៗ ក៏មានការភ្ញាក់ផ្អើលដល់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ចេញអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គិ ភ័យ មកជួយបាញ់ទឹកពន្លត់ អស់ទឹក២ឡាន ទើបភ្លើងរលត់ តែរថយន្តខាងលើ ត្រូវបានភ្លើងឆេះខូចខាតទាំង ស្រុងទៅហើយ៕

RELATED ARTICLES