Tuesday, December 23, 2025
Homeព័ត៌មានអន្តរជាតិបញ្ចប់សង្គ្រាមថៃឈ្លានពានកម្ពុជា សហការីសម រង្ស៉ី ស្នើសុំអន្តរាគមន៍ប្រធានាធិបតីបារាំង

បញ្ចប់សង្គ្រាមថៃឈ្លានពានកម្ពុជា សហការីសម រង្ស៉ី ស្នើសុំអន្តរាគមន៍ប្រធានាធិបតីបារាំង

ប៉ារីស (បារាំង) ៖ ប្រធានសាខាអតីតគណបក្សសង្គ្រោះជាតិ (អតីតបក្សប្រឆាំង) ប្រចាំប្រទេសបារាំង ដែលជាសហការីលោក សម រង្ស៉ី អតីតមេបក្សប្រឆាំង ដែលបច្ចុប្បន្នបានបង្កើតរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា បានផ្ញើលិខិតជូនលោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ស្នើសុំអន្តរាគមន៍លោកប្រធានាធិបតី ក្នុងនាមជាសហប្រធាននៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ កោះប្រជុំប្រទេសជា ហត្ថលេខី ដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះ ឱ្យបានពេញលេញ បញ្ចប់សង្រ្គាមឈ្លានពានរបស់ថៃ មកលើកម្ពុជា និងថ្កោលទោសជាសាធារណៈចំពោះសកម្មភាពរបស់ប្រទេសថៃ ហើយអំពាវនាវឱ្យរដ្ឋាភិបាលថៃ គោរពអធិបតេយ្យរបស់ប្រទេសកម្ពុជា ការពារជនស៊ីវិល និងគាំទ្រកិច្ចព្រមព្រៀងបទឈប់បាញ់ នៅប្រទេសម៉ាឡេស៊ី និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១។

លិខិតរបស់លោក ទេព មនោរម្យ ប្រធានសាខាអតីតគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសបារាំង ជូនលោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ក្នុងកម្មវត្ថុ ៖ ការអំ ពាវនាវជាបន្ទាន់ ដើម្បីអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ឆ្នាំ១៩៩១ និងថ្កោលទោសការ វាយប្រហាររបស់ប្រទេសថៃ មកលើប្រទេសកម្ពុជា មានខ្លឹមសារទាំងស្រុងថា «លោកប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង ខ្ញុំសូមសរសេរទៅកាន់លោក ក្នុងនាមជាប្រធានសាខាគណបក្សសង្រ្គោះជាតិ ប្រចាំប្រទេសបារាំង  ដែលមានការព្រួយបារម្ភអំពីការវាយប្រហារតាមអាកាស ដែលធ្វើឡើងដោយកងកម្លាំងយោធាថៃ ចាប់តាំងពីសង្គ្រាមចាប់ផ្តើម ដោយប្រើប្រាស់យន្តហោះ F-16 ដែលកំណត់គោលដៅលើទឹកដីកម្ពុជា បណ្តាលឱ្យទាហាននិងជនស៊ីវិល រងរបួស ស្លាប់ ក៏ដូចជាការបំផ្លាញទ្រព្យសម្បត្តិវប្បធម៌ រួមទាំងប្រាសាទតាក្របី និងប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។

ការវាយប្រហារដោយគ្មានការបង្កពីភាគីកម្ពុជា នេះ ដែលកើតឡើងរហូតដល់ ៩០គីឡូម៉ែត្រនៅក្នុងទឹកដីកម្ពុជា គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យកម្ពុជា និងធ្វើឱ្យខូចដល់កិច្ចព្រមព្រៀងសន្តិភាព ដែលបានចរចាកាលពីដើមឆ្នាំ២០២៥ នេះ នៅប្រទេសម៉ាឡេស៊ី។ អ្វីដែលធ្ងន់ធ្ងរជាងនេះទៅទៀតនោះ ប្រទេសថៃ កំពុងរំលោភលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ក្នុងនាមជារដ្ឋសមាជិកដែលបានចុះហត្ថលេខា ។យើងសូមអំពាវនាវដល់លោកប្រធានាធិបតី នៃប្រទេសបារាំង ក្នុងនាមជាសហប្រធាន នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស កោះប្រជុំប្រទេសជាហត្ថលេខី ដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះ ឱ្យបានពេញលេញ បញ្ចប់សង្រ្គាម និងថ្កោលទោសជាសាធារណៈ ចំពោះសកម្មភាពរបស់ប្រទេសថៃ  និងអំពាវនាវឱ្យរដ្ឋាភិបាលរបស់ខ្លួន គោរពអធិបតេយ្យរបស់ប្រទេសកម្ពុជា ការពារជនស៊ីវិល និងគាំទ្រកិច្ចព្រមព្រៀងបទឈប់បាញ់ នៅប្រទេសម៉ាឡេស៊ី និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ1991។

ជនភៀសខ្លួនកម្ពុជា នៅក្នុងប្រទេសថៃ ក៏ស្ថិតក្នុងហានិភ័យកើនឡើងផងដែរ ហើយអន្តរាគមន៍របស់លោក អាចជួយទប់ស្កាត់អំពើហិង្សាបន្ថែមទៀត និងការពារជីវិតមនុស្សស្លូតត្រង់។

ភាពជាអ្នកដឹកនាំ និងជំហររបស់លោក នៅពេលនេះ អាចស្តារក្តីសង្ឃឹមឡើងវិញ ទប់ស្កាត់ការកើនឡើង និងពង្រឹងសន្តិភាពនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់។

ដោយក្តីគោរពដ៍ខ្ពង់ខ្ពស់ពីខ្ញុំ ទេព មនោរម្យ ប្រធានសាខាសង្រ្គោះជាតិ ប្រចាំប្រទេសបារាំង»។

គួរបញ្ជាក់ថា ក្រៅពីលិខិតរបស់ប្រធានសាខាអតីតគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសបារាំង ស្នើសុំអន្តរាគ មន៍ពីលោកប្រធានានធិបតីបារាំង ខាងលើនេះ ពលរដ្ឋខ្មែរនៅប្រទេសបារាំង ក៏បាននាំគ្នាធ្វើបាតុកម្ម នៅកណ្ដាលទីក្រុងប៉ារីស ទាមទារសន្ដិភាពសម្រាប់កម្ពុជា ផងដែរ។

លោក ទេព មនោរម្យ ប្រធានសាខាអតីតគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសបារាំង បានអះអាងថា  បាតុកម្មនេះ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ដោយមានអ្នកចូលរួម ជាង៤ពាន់នាក់ បានប្រមូលផ្ដុំគ្នានៅជិតទួរអេហ្វែល (Tour Eiffel) ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្រែកទាមទារសន្ដិភាពសម្រាប់កម្ពុជា និងតវ៉ាប្រឆាំងប្រទេសថៃ ដែលបាននិងកំពុងប្រើប្រាស់កងកម្លាំង ធ្វើសង្គ្រាមឈ្លានពានលើប្រទេសកម្ពុជា។ ក្រុមបាតុករ ភាគច្រើនជាជនជាតិខ្មែរ សញ្ជាតិបារាំង ក៏បានអំពាវនាវស្នើសុំលោក អេម៉ានូអែល ម៉ាក្រុង ប្រធា នាធិបតីបារាំង ក្នុងនាមជាសហប្រធាននៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១  អន្តរាគមន៍កោះប្រជុំប្រទេសជាហត្ថលេខី ដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះ ឱ្យបានពេញលេញ ដើម្បីបញ្ចប់សង្រ្គាមឈ្លានពានរបស់ថៃ មកលើកម្ពុជា និងថ្កោលទោសជាសាធារណៈចំពោះសកម្មភាពឈ្លានពានខុសច្បាប់របស់ប្រទេសថៃ ដោយអំពាវនាវឱ្យរដ្ឋាភិបាលថៃ គោរពអធិបតេយ្យរបស់ប្រទេសកម្ពុជា ការពារជនស៊ីវិល និងវិលត្រឡប់មកគោរពនិងអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ នៅប្រទេសម៉ាឡេស៊ី និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ៕ ខៀវទុំ

RELATED ARTICLES