ភ្នំពេញៈ ក្នុងរយៈពេលពេញមួយឆ្នាំ២០២៥ កម្ពុជា ទទួលបានអ្នកដំណើរផ្លូវអាកាស ចេញ-ចូល ជិត៧លាននាក់ មានការកើនឡើង ១២ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤។

លោកស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងបញ្ជាក់នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ថា គិតចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៥ (រយៈពេល១២ខែ) អាកាសយានដ្ឋានអន្តរជាតិ ទាំង៣ (ភ្នំពេញ-តេជោ-សៀមរាបអង្គរ-ព្រះសីហនុ / PNH|KTI – SAI – KOS) មាន ៖- ជើងហោះហើរចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៦ម៉ឺនជើង (៦៤ ៨២១ជើង) មានការកើនឡើង ១១ភាគរយ បើធៀបទៅនឹងរយៈពេល ១២ខែ ដូចគ្នា ឆ្នាំ២០២៤

– អ្នកដំណើរចេញ-ចូល (ទ្វេទិស) មានចំនួនជិត ៧លាននាក់ (៦ ៩៨៨ ២៥៩នាក់) មានការកើនឡើង ១២ភាគរយ បើធៀបទៅនឹងរយៈពេល ១២ខែ ដូចគ្នា ឆ្នាំ២០២៤
– ទំនិញតាមផ្លូវអាកាសចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៩ម៉ឺនតោន (៩៣ ៨៨៩តោន) មានការកើនឡើង ២១ភាគរយ បើធៀបទៅនឹងរយៈពេល ១២ខែ ដូចគ្នា ឆ្នាំ២០២៤។

ទន្ទឹមគ្នានេះ លោកស៊ីន ចាន់សិរីវុត្ថា បានឱ្យដឹងថា គិតត្រឹមពាក់កណ្តាលខែមករា ឆ្នាំ២០២៦ សម្រាប់អាកាសយានដ្ឋានអន្តរជាតិ ទាំង៣ (ភ្នំពេញ-តេជោ-សៀមរាបអង្គរ-ព្រះសីហនុ / PNH|KTI – SAI – KOS) មានជើងហោះហើរ (ទ្វេទិស) ជាមធ្យម ក្នុង១សប្តាហ៍ ៖
– អាកាសយានដ្ឋានអន្តរជាតិ តេជោ មានចំនួន ៨៤៨ជើង/សប្តាហ៍ (ទ្វេទិស)
– អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ មានចំនួន ៣៦៦ជើង/សប្តាហ៍ (ទ្វេទិស)
– អាកាសយានដ្ឋានអន្តរជាតិ ព្រះសីហនុ មានចំនួន ៥៤ជើង/សប្តាហ៍ (ទ្វេទិស)។
សរុបជើងហោះហើរចេញ-ចូល (ទ្វេទិស) នៅអាកាសយានដ្ឋានអន្តរជាតិ ទាំងបី មានចំនួន ១ ២៧២ជើង/សប្តាហ៍។
– ក្នុងនោះ ក៏រាប់បញ្ជូលអាកាសយានដ្ឋានតារាសាគរ ចំនួន៤ជើង/សប្តាហ៍ (ទ្វេទិស) ជាជើងហោះហើរក្នុងស្រុក រវាង KTI ⇄ DSY។
– កម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ ចំនួន៣៦ក្រុមហ៊ុន (ជាតិ៤ និងអន្តរជាតិ៣២) និងកំពុងតភ្ជាប់ជើងហោះហើរជាមួយ ១៧ប្រទេស និង៤៦ទីក្រុង។

ក្នុងចំណោម ១៧ប្រទេសនោះ អាកាសចរណ៍កម្ពុជា បានតភ្ជាប់ទៅកាន់ ៨ប្រទេស ក្នុងតំបន់អាស៊ាន ពោលគឺប្រទេសចិន កូរ៉េខាងត្បូង តំបន់រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ ឥណ្ឌា កាតារ អេមីរ៉ាតអារ៉ាប់រួម និងជប៉ុន៕


