ភ្នំពេញ ៖ សត្វខ្លាត្រី ត្រូវបានប្រទះឃើញជាថ្មីម្តងទៀត នៅបឹងទន្លសាប ភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលនេះបង្ហាញពីលទ្ធផលវិជ្ជមានពីការស្តារព្រៃ និងការងារគ្រប់គ្រងតំបន់ដីសើមនៅកម្ពុជា។

ក្រសួងកសិកម្ម រក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ បានបង្ហាញពីកំណត់ត្រារូបភាពនៃសត្វ ខ្លាត្រី ដ៏កម្រ តាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលបង្ហាញពីផ្លែផ្កានៃកិច្ចសហការក្នុងការស្តារព្រៃលិចទឹក ឡើងវិញ រយៈពេលវែង នៅតំបន់អេកូឡូស៊ីទឹកសាប ដ៏សំខាន់បំផុតមួយនៅអាស៊ីអាគ្នេយ៍។

ក្រសួងកសិកម្ម រក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ថា សត្វខ្លាត្រី មួយក្បាល (Prionailurus viverrinus) ដែលជាប្រភេទសត្វ ដ៏កម្របំផុតនៅតំបន់អាស៊ី ត្រូវបានប្រទះឃើញជាថ្មីម្តងទៀតនៅក្នុងតំបន់ព្រៃលិចទឹក ដែលបានស្តារឡើងវិញ នៃខេត្តពោធិ៍សាត់ ជុំវិញបឹងទន្លេសាប តាមរយៈរូបភាព ចំនួន៤៦សន្លឹក ថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ នៅពាក់កណ្តាលឆ្នាំ២០២៥ នេះគឺជាគំហើញដ៏សំខាន់មួយ បញ្ជាក់ពីលទ្ធផលវិជ្ជមាននៃកិច្ចខិតខំប្រឹងប្រែងក្នុងការងារគ្រប់គ្រងរយៈពេលជាងមួយទស្សវតនេះ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងក្រសួងបរិស្ថាន ជាសេនាធិការ ជា មួយអង្គការអភិរក្សអន្តរជាតិ (CI) ៕