ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ (Ministry of Foreign Affairs and International Cooperation) បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី “កម្ពុជា តវ៉ាជំទាស់នឹងទស្សនកិច្ចត្រួតពិនិត្យទីតាំងដោយគ្មានការអនុញ្ញាត ដឹកនាំដោយប្រធានចារកម្មកងទ័ពថៃ នៅក្នុងទឹកដីកម្ពុជា” ដោយធ្វើការតវ៉ាយ៉ាងខ្លាំង ជាផ្លូវការ ប្រឆាំងនឹងទស្សនកិច្ចត្រួតពិនិត្យទីតាំងដោយគ្មានការអនុ ញ្ញាត របស់អនុព័ន្ធយោធាបរទេសមួយក្រុម និងមន្ត្រីអនុវត្តច្បាប់ ដែលដឹកនាំដោយប្រធានចារកម្មកងទ័ពថៃ នៅសណ្ឋាគារ ពីរកន្លែង ស្ថិតនៅក្នុងស្រុកអូរស្មាច់ ខេត្តឧត្តរមានជ័យ នៃប្រទេសកម្ពុជា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០២៦។ កម្ពុជា បដិសេធ និងជំទាស់យ៉ាងដាច់អហង្ការ ចំពោះប្រតិបត្តិការដែលធ្វើឡើងដោយកងកម្លាំងយោធាថៃ រួមទាំងការអនុវត្តអធិបតេយ្យរបស់ថៃ ដោយខុសច្បាប់ តាមរយៈការរៀបចំទស្សនកិច្ចដូចដែលបានរៀបរាប់ខាងលើ ដែលជាការប៉ុនប៉ងធ្វើឱ្យស្របច្បាប់ នូវការកាន់កាប់របស់ខ្លួន លើទឹកដីអធិបតេយ្យរបស់កម្ពុជា និងជាការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លេខ ៖ បព ១៣/២០២៦ កបទ.សអ ចុះថ្ងៃថ្ងៃអង្គារ ១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ដីពី “កម្ពុជា តវ៉ាជំទាស់នឹងទស្សនកិច្ចត្រួតពិនិត្យទីតាំងដោយគ្មានការអនុញ្ញាត ដឹកនាំដោយប្រធានចារកម្មកងទ័ពថៃ នៅក្នុងទឹកដីកម្ពុជា” មានខ្លឹមសារទាំងស្រុងថា “ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរា ជាណាចក្រកម្ពុជា សូមធ្វើការតវ៉ាយ៉ាងខ្លាំង ជាផ្លូវការ ប្រឆាំងនឹងទស្សនកិច្ចត្រួតពិនិត្យទីតាំង ដោយគ្មានការ អនុញ្ញាត របស់អនុព័ន្ធយោធាបរទេសមួយក្រុម និងមន្ត្រីអនុវត្តច្បាប់ ដែលដឹកនាំដោយប្រធានចារកម្មកងទ័ពថៃ នៅសណ្ឋាគារ ពីរកន្លែង ស្ថិតនៅក្នុងស្រុកអូរស្មាច់ ខេត្តឧត្តរមានជ័យ នៃប្រទេសកម្ពុជា កាលពីថ្ងៃទី២ ខែ កុម្ភៈ ឆ្នាំ ២០២៦។
ទស្សនកិច្ចពិនិត្យទីតាំងនេះ ត្រូវបានធ្វើឡើងដោយគ្មានការយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជា ដែលជាការរំ លោភលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជា។ សណ្ឋាគារ និងទីតាំងដែលត្រូវបានធ្វើទស្សនកិច្ចត្រួតពិនិត្យនោះ ស្ថិតនៅចម្ងាយ ៣៩៧ម៉ែត្រ ពីច្រកអន្តរជាតិអូរស្មាច់ ដែលស្ថិតនៅក្បែរបង្គោលព្រំដែនលេខ១៥។ តំបន់នេះ ត្រូវបានគ្រប់គ្រងដោយប្រើកម្លាំង និងកាន់កាប់ដោយកងកម្លាំងប្រដាប់អាវុធថៃ ក្នុងអំឡុងពេលនៃការវាយលុករបស់ពួកគេ មកលើកម្ពុជា ចន្លោះពីថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥។

កម្ពុជា បដិសេធនិងជំទាស់យ៉ាងដាច់អហង្ការចំពោះប្រតិបត្តិការដែលធ្វើឡើងដោយកងកម្លាំងយោធាថៃ រួមទាំងការអនុវត្តអធិបតេយ្យរបស់ថៃ ដោយខុសច្បាប់ តាមរយៈការរៀបចំទស្សនកិច្ចដូចដែលបានរៀបរាប់ខាងលើ ដែលជាការប៉ុនប៉ងធ្វើឱ្យស្របច្បាប់ នូវការកាន់កាប់របស់ខ្លួន លើទឹកដីអធិបតេយ្យរបស់កម្ពុជា និងជាការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
ទន្ទឹមនឹងការបដិសេធយ៉ាងដាច់ខាត ចំពោះសកម្មភាពរបស់ប្រទេសថៃ រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួននិងឥតងាកររបស់ខ្លួន ក្នុងការស្វែងរកដំណោះស្រាយចំពោះជម្លោះព្រំដែនទាំងអស់ ជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់របស់ខ្លួន តាមរយៈមធ្យោបាយសន្តិភាព ស្របតាមច្បាប់អន្តរជាតិ ហើយកម្ពុជា នៅតែប្តេជ្ញាចិត្តក្នុងការរក្សាជំហរជាគោលការណ៍របស់ខ្លួនថា ព្រំដែន មិនត្រូវផ្លាស់ប្តូរដោយកម្លាំងឡើយ“ ។
សូមបញ្ជាក់ថា សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជា ណាចក្រកម្ពុជា ខាងលើនេះ បានធ្វើឡើងក្រោយពី ប្រធានផ្នែកស៊ើបអង្កេតរបស់យោធាថៃ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំមន្ត្រី FBI របស់សហរដ្ឋអាមរិក និងអនុព័ន្ធយោធាបរទេស ពីប្រទេសចំនួន២០ ចូលទៅតំបន់អូរស្មាច់ ខេត្តឧត្ដរមានជ័យ ទឹកដីកម្ពុជា ដែលពួកគេបានឈ្លានពានកាន់កាប់ដោយខុសច្បាប់។ ពួកគេបានចូលទៅសណ្ឋាគារពីរ ដែលពួកគេអះអាងថា បានរកឃើញវត្ថុតាងផ្សេងៗពាក់ព័ន្ធនឹងបទល្មើសឆបោកតាមអនឡាញ។
ទោះបីជាយ៉ាងណា មន្ត្រីកម្ពុជា និងអ្នកវិភាគ បានលើកថា ទស្សនកិច្ចជាឯកតោភាគីរបស់ថៃ គឺជាការអនុវត្តច្បាប់ថៃ លើទឹកដីកម្ពុជា និងជាការព្យាយាមបង្វែរចំណាប់អារម្មណ៍អន្តរជាតិ ពីការកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់ ទៅលើការបង្ក្រាបបទល្មើសឆបោក ព្រមទាំងជាការបង្កើតស្ថានភាពថ្មី លើទីតាំងជាក់ស្ដែង ។ ជាមួយគ្នានេះ អ្នកនយោបាយ ក៏ចង់ឃើញតម្លាភាពនិងយុត្តិធម៌ កើតមានសម្រាប់កម្ពុជា ពីសៀមឈ្លានពាន ។

លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានលើកឡើងតាមគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ថា “រឿងថៃនាំ FBI ចូលទៅកាន់ទឹកដីខ្មែរ នៅអូស្មាច់ ក្រុម FBI ពួកគេចេះធ្វើការហើយ ហើយនៅកម្ពុជា ក៏មានទីភ្នាក់ងារ FBI ប្រចាំការផងដែរ ។ ដូច្នេះតម្លាភាពនិងយុត្តិធម៌ ត្រូវតែមានសម្រាប់កម្ពុជា ពីសៀមឈ្លានពាន »៕កុលបុត្រ