ភ្នំពេញ ៖ តារាសម្ដែង ឆឹម សក្កដា បានប្រារព្ធពិធីខួបកំណើត ៤០ឆ្នាំ របស់ខ្លួន នៅលើឆាកតន្រ្ដី Snow Night កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៦ ថ្មីៗនេះ ហើយលោកចាប់ដៃគូច្រៀងជាមួយកំពូលស្នេហា ពេជ្រ សោភា បទ «ម្លប់ស្នាយ ម្លប់ស្នេហ៍» ដែលពេលនោះហើយ លោកឆក់ឱកាសឆ្លៀតចាប់ថើបសោភា មួយខ្សឺត នៅលើឆាក ។ សោភា ស្រឡាំងកាំងបន្ដិច តែមិនខឹងប្រុសស្នេហ៍កេងចំណេញនាងនៅលើវេទិកានោះទេ ប៉ុន្ដែដើម្បីកុំឲ្យសក្កដា អាក់អន់ស្រពន់ចិត្តថា រូបគេស្រលាញ់នាងតែម្នាក់ឯងនោះ នាងក៏ថើបសក្កដា វិញ ដែលជាការថើប សងគ្នាទៅវិញទៅមក។ ក្រោយថើបគ្នារួចហើយ សោភា បានហៅលោកសក្កដា ថា «ពូ» និងបានជូនពរឲ្យលោកមានសុខភាពល្អ សំណាងល្អ ខណៈដែលលោកសក្កដា បានហៅសោភា ថា «មិត្តសម្លាញ់» និងអរគុណនាង ។ លោកសក្កដា ថែមទាំងអួតប្រាប់ Fan រឿងបានថើបសោភា នោះទៀតថា «ពេលអ្នករាប់អានមិត្តភក្ដិត្រូវ» ដែលមានន័យថា មិត្តភក្ដិយល់ចិត្ត គេថើបគ្នាតែអ៊ីចឹង ។

គួរបញ្ជាក់ថា ចំណងស្នេហាលោកឆឹម សក្កដា និងពេជ្រ សោភា បានធ្វើឲ្យមហាជនវិលក្បុង សឹងគ្រប់គ្នា ព្រោះតែក្រោយពួកគេប្រកាសភ្ជាប់ពាក្យ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ និងលុបចោលគម្រោងរៀបការ ឆ្នាំ២០២៣ អ្នកទាំងពីរ ម្ដងផ្អែមល្ហែមស្នេហ៍ ដូចជាពេលសោភា វិលពីច្រៀង Concerts តាមខេត្ត មកដល់ភ្នំពេញ ជិតទៀបភ្លឺ លោកសក្កដា រត់ទៅចំហុយសម្បុកត្រចៀកកាំ ឲ្យនាងញ៉ាំប៉ូវកម្លាំង ។ ប៉ុន្ដែនៅពេលស្នេហាសោះ កក្រោះ គឺហួសពីការនឹកស្មាន ដោយសារតែអំឡុងលោកសក្កដា មានជំងឺធ្លាក់ទឹកចិត្ត (depression) ធ្ងន់ធ្ងរ និងព្រមានធ្វើអត្តឃាត បញ្ចប់ជីវិតជាច្រើនលើកច្រើនសានោះ សោភា បែរជាថា នាងមិនបានដឹងរឿងនេះទាំងអស់ទៅវិញ ។ ឥឡូវជំនួសឲ្យពាក្យ «ប្ដី-ប្រពន្ធ» ឬ «អូនសម្លាញ់-បងសម្លាញ់»នោះ ពួកគេបែរជាហៅគ្នាថា មិត្តភក្ដិ និងពូ ប៉ុន្ដែថើបគ្នាយ៉ាងស្អិតល្មូតទៅវិញ ។

ថ្វីត្បិតតែលោក ឆឹម សក្កដា បង្ហាញឲ្យគេឃើញថា បញ្ហាផ្លូវចិត្តរបស់លោកបានវិលមករកភាពល្អប្រសើរច្រើន ពិសេសមានការលើកទឹកចិត្តពីសោភា ដោយផ្ទាល់ក្ដី ប៉ុន្ដែតារាសាច់ដុំធំៗរូបនេះ នៅតែបន្ដលេបថ្នាំព្យាបាលជំងឺបាក់ទឹកចិត្ត ជាប្រចាំ។ មានពេលខ្លះ លោកសក្កដា ថែមទាំងតូចចិត្តព្រោះថា អាយុ ៤០ឆ្នាំ ទៅហើយ មិន ដឹងប្រពន្ធកូននៅឯណា និងពេលក្រឡេកមកមើលក្មួយៗរបស់លោក ខ្លះកូន១ កូន២ អស់ទៅហើយ ប៉ុន្ដែនៅពេលដែលFan សួរថា ម៉េចបានលោកមិនព្រមដឹកដៃពេជ្រសោភា ក្រាបផ្ទឹម យកកូនបន្ដពូជភ្លាមៗទៅ? លោកបែរជាមិនឆ្លើយតបទៅវិញ ។


ឆឹម សក្កដា អតីតតារាចម្រៀងថោន ធ្លាប់ថតសម្ដែងភាពយន្ដ ជាច្រើនរឿងមកហើយ ពិសេស កាលពីចុងឆ្នាំ២០២៥ លោកថតរឿងបុរាណ «អប្សរាមហាអង្គរ» ដឹកនាំដោយលោកហ្វៃ សំអាង ដែលថតចប់ មិនទាន់ដាក់ បញ្ចាំង ។ ទស្សនិកជនចាំបានថា ក្រោយឆឹមសក្កដា-ពេជ្រ សោភា ប្រកាសភ្ជាប់ពាក្យនោះ សោភា ព្រមានគូដណ្ដឹងថា ហាមស្និទ្ធស្នាលស្រីផ្សេង តែតាំងពីប្រកាសរំសាយមង្គលការ ឆ្នាំ២០២៣ មក ពេលនេះ ទោះពួកគេថើបគ្នាជាសាធារណៈ ដើម្បីសម្រាលរឿងគេថាបែកបាក់គ្នាក្ដី តែសោភា លែងហួងហែងគូស្នេហ៍ដូចមុនទៀតហើយ ។ តាមប្រភពថា ថ្វីដ្បិតតែគេដឹងថា លោកឆឹម សក្កដា នៅតែជាគូដណ្ដឹងរបស់សោភា ដោយសារមិនដែលប្រកាសផ្ដាច់ពាក្យ ប៉ុន្ដែលោកសក្កដា ជាបុរសមានមន្ដស្នេហ៍មិនធម្មតាទេ ព្រោះមានប្រុសតាមស្រលាញ់ច្រើនជាងស្រីទៅទៀត ៕



