ខេត្តបាត់ដំបង ៖ ទីតាំងស្តុកទុយោជ័រ ខ្នាតធំ ១កន្លែង របស់ក្រុមហ៊ុនគិរីដងរែក ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យរងការខូចខាតអស់ទាំងស្រុង គិតពីទំហំនៃការខូចខាត ជាទឹកប្រាក់ប្រមាណ ២លានដុល្លារ។


ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចផ្លូវស្រែ១០០០ ស្ថិតក្នុងភូមិចម្ការសំរោង១ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង។

តាមប្រភពសមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថា ករណីអគ្គីភ័យខាងលើនេះ បានបណ្តាលឱ្យឆេះទីតាំងស្តុកទុយោ ទឹក ១កន្លែង របស់ក្រុមហ៊ុនគិរីដងរែក ដែលជាក្រុមហ៊ុនទទួលម៉ៅការដាក់ប្រព័ន្ធទុយោរំដោះទឹកកខ្វក់ចេញពីក្រុង ខូចខាតគិតជាទឹកប្រាក់អស់ប្រហែល ២លានដុល្លារ។

នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ កម្លាំងការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញរថយន្ត ចំនួន៧គ្រឿង និងរថយន្តរបស់ក្រុមហ៊ុន ចំនួន២ គ្រឿង ចុះជួយអន្តរាគមន៍បាញ់ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន ១៦ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។ ចំពោះមូលហេតុ ស្ថិតក្នុងការស្រាវជ្រាវ៕


