ខេត្តកណ្តាល ៖ បន្ទាប់ពីមានករណីកម្មការិនី ដួលសន្លប់ ២០នាក់ និងបាត់បង់ជីវិតម្នាក់ នៅរោងចក្រ ខេមបូ យូនីសូល ស្ថិតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ រួចមក មន្ត្រីជំនាញក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះទៅពិនិត្យភ្លាមៗ រកឃើញថា ដើមហេតុមកពីក្រុមកម្មករ កម្មការិនី បានមើលព័ត៌មាន ឃើញករណីគ្រោះថ្នាក់ចរាចរណ៍ មានមនុស្សបែកក្បាល ធ្លាយខួរ ស្លាប់ក្នុងថ្លុកឈាម មានការតក់ស្លុតរន្ធត់ពេក រហូតលើងឈាម ដាច់សរសៃឈាមខួរក្បាល ស្លាប់និងសន្លប់បែបនេះតែម្តង ។

លោកស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានបញ្ជាក់ឱ្យដឹង កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ថា ក្រសួងសូមចូលរួមសោកស្តាយនិងរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះមរណភាពនៃកម្មការិនី យឹម រីន។ ជាមួយគ្នានេះ ភ្លាមៗក្រោយទទួលបានដំណឹងចំពោះការដួលសន្លប់ មន្ត្រីជំនាញរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជា ជីវៈ បានចុះពិនិត្យភ្លាមៗនៅទីតាំងរោងចក្រ និងពិនិត្យមើលបញ្ហានេះយ៉ាងយកចិត្តទុកដាក់បំផុត។
អ្នកនាំពាក្យរូបនេះ បានពន្យល់ពីដើមហេតុនៃការសន្លប់ និងការឈានដល់ការស្លាប់ ១ករណីថា ដំបូងនៃគ្រោះ ថ្នាក់ គឺផ្តើមចេញពីការមើលព័ត៌មានស្តីពីគ្រោះថ្នាក់ចរាចរណ៍ ជាមួយកម្មករក្នុងផ្នែកដូចគ្នា នៅម៉ោង៧និង១៥នាទីព្រឹក ដែលធ្វើឱ្យកម្មការិនី យឹម រីន មានការតក់ស្លុត និងភិតភ័យដែលធ្វើឱ្យទន់ដៃទន់ជើង ដួលធ្លាក់ពីតុម៉ាស៊ីនដេរ ហើយបែកពពុះមាត់ និងបញ្ឈរភ្នែក និងបានបាត់បង់ជីវិត មុនទៅដល់មន្ទីរពេទ្យ បើទោះបីជាមានការជួយសង្គ្រោះបឋមភ្លាមៗក្នុងរោងចក្រក៏ដោយ។ ចំពោះករណីនេះ មន្ត្រីជំនាញ បញ្ជាក់ថា សម្ពាធឈាមរបស់កម្មការិនី យឹម រីន បានឡើងខ្លាំង ដែលធ្វើឱ្យដាច់សរសៃឈាមក្នុងខួរក្បាល បណ្តាលឱ្យបាត់បង់ជីវិត។

ដោយឡែកកម្មករ ២០រូបផ្សេងទៀត ដែលនៅជុំវិញ ឃើញអាការរបស់កម្មការិនី យឹម រីន ក៏មានអារម្មណ៍ភិតភ័យ រហូតសន្លប់តែម្តង ប៉ុន្តែជាករណីស្រាលប៉ុណ្ណោះ ហើយបច្ចុប្បន្នបានទៅសម្រាកនៅតាមគេហដ្ឋានរៀងៗខ្លួន។ សម្រាប់ករណីមរណភាពរបស់កម្មការិនី យឹម រីន បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ បានផ្តល់វិភាជបូជាសព ចំនួន១០លានរៀល និងអង្កេតដើម្បីផ្តល់អត្ថប្រយោជន៍ផ្សេងទៀតជូនកម្មករ យោងតាមច្បាប់ជាធរមាន។

សូមបញ្ជាក់ថា សពជនរងគ្រោះ ត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណី នៅភូមិមេលូង ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង៕