ភ្នំពេញ ៖ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានចុះប្រតិបត្តិការបង្ក្រាប ទីតាំងសង្ស័យឆបោកតាមបច្ចេកវិទ្យា ក្រោមរូបភាពទាក់ទាញអតិថិជនឱ្យលេងល្បែងអនឡាញ ចំនួនពីរករណីផ្សេងគ្នា ក្នុងនោះមួយកន្លែងនៅខណ្ឌសែនសុខ និងមួយកន្លែងទៀត នៅខណ្ឌឫស្សីកែវ ដោយឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង ចំនួន១០នាក់។

តាមប្រភពព័ត៌មានពីលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប) បានឱ្យដឹងថា ក្នុងចំណោមជនជាតិកូរ៉េខាងត្បូង ទាំង១០នាក់នេះ ចំនួន៥នាក់ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅបុរីវិមានភ្នំពេញ ផ្ទះលេខ 111R ផ្លូវ៣៧២ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌ ឫស្សីកែវ និងកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ចំនួន៥នាក់ទៀត ត្រូវបានឃាត់ខ្លួននៅបុរីពិភពថ្មី ផ្ទះលេខ២៩ និង៣១ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលពួកគេគឺជាក្រុមតែមួយ។
ការបង្ក្រាបទាំងពីរករណីនេះ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ប្រាក់ ចំនួន ១៩ ៧០០ដុល្លារ ធុង CPU ចំនួន៨គ្រឿង ម៉ូនីទ័រ ចំនួន១៨គ្រឿង កំព្យូទ័រ Latop ចំនួន៣គ្រឿង ទូរស័ព្ទដៃចំនួន៤គ្រឿង និងលិខិតឆ្លងដែន ចំនួន៦ច្បាប់។ ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើឡើងក្រោមការបញ្ជារបស់លោកឃួង ស្រេង អភិបាលរាជ ធានីភ្នំពេញ ដោយមានការចូលរួមពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កងរាជអាវុធហត្ថ និងអាជ្ញាធរខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ ព្រមទាំងមានការសម្របសម្រួលនីតិវិធីដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ផងដែរ។
តាមការសន្និដ្ឋានបឋម ដោយផ្អែកលើរបាយការណ៍របស់សមត្ថកិច្ចជំនាញ ក្រុមជនសង្ស័យបានបង្កើត Website ដើម្បីបម្រើឱ្យសកម្មភាពល្បែងស៊ីសងអនឡាញ ដែលជាទង្វើខុសច្បាប់ និងប្រើប្រាស់ទីតាំងក្នុងប្រទេសកម្ពុជា សម្រាប់ការប្រព្រឹត្តសកម្មល្បែងស៊ីសងអនឡាញខុសច្បាប់នេះ ក្នុងទិសដៅទៅប្រទេសកូរ៉េខាងត្បូង និងប្រទេសផ្សេងៗ។

ក្នុងចំណោមជនសង្ស័យ ទាំង១០នាក់នោះ មានឈ្មោះ Kim Changhan ជាមេខ្លោង ហើយមានដីកាចាប់ខ្លួន ពីបទប្រតិបត្តិវេបសាយល្បែងស៊ីសងខុសច្បាប់ ត្រូវបានស្ថានកុងសុល និងអនុព័ន្ធប៉ូលិសកូរ៉េខាងត្បូង ស្នើសុំមកអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងការបញ្ជូនជនសង្ស័យទាំងនេះ ចេញពីប្រទេសកម្ពុជា ដើម្បីបន្តនីតិវិធីផ្លូវច្បាប់ នៅប្រទេសដើមរបស់ពួកគេវិញ៕