Saturday, March 7, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនប្រុសគំរាមសម្លាប់ម៉ែ ខឹងមិនឲ្យលុយជក់ថ្នាំញៀន

កូនប្រុសគំរាមសម្លាប់ម៉ែ ខឹងមិនឲ្យលុយជក់ថ្នាំញៀន

ខេត្តកំពង់ស្ពឺ ៖ កូនប្រុសអកតញ្ញូម្នាក់ តែងប្រើប្រាស់ថ្នាំញៀន ជាប្រចាំ និងឧស្សាហ៍រករឿងអុកឡុកក្រុមគ្រួសារ គំរាមសម្លាប់ឪពុកម្តាយជាញឹកញាប់ តែឪពុកម្តាយមិនដែលប្រកាន់ទោស ឬប្តឹងផ្តល់អ្វីឡើយ លុះចុងក្រោយ កូនប្រុសបានសុំលុយម្តាយ យកទៅទិញថ្នាំញៀនជក់ តែម្តាយប្រាប់ថា អត់មានលុយ ស្រាប់តែកូនប្រុសកំណាច ទាញពូថៅវាយកម្ទេចទ្រព្យរបស់ក្នុងផ្ទះខ្ទេចអស់ រួចគំរាមសម្លាប់ម្តាយទៀត ទើបធ្វើឱ្យស្ត្រីជា ម្តាយ ទ្រាំលែងបាន ក៏ប្តឹងកម្លាំងអាវុធហត្ថ ចាប់វាយខ្នោះកូនប្រុស យកទៅចាត់ការតាមច្បាប់។

ករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនិងគំរាមសម្លាប់ម្តាយបង្កើតនេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៤០នាទីយប់ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅចំណុចក្នុងភូមិបាំងណា ឃុំជង្រុក ស្រុកគងពិសី។

កូនប្រុសកំណាចដែលគំរាមសម្លាប់ម្តាយ ត្រូវបានឃាត់ខ្លួន មានឈ្មោះម៉ី ណាឃីម ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិបាំងណា ឃុំជង្រុក ស្រុកគងពិសី (មានសារធាតុញៀន)។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ  បានឱ្យដឹងថា មុនពេលកើតហេតុ  មន្ត្រីជំនាញអាវុធហត្ថ បានទទួលពាក្យបណ្តឹងតាមទូរស័ព្ទ ពីស្ត្រីរងគ្រោះជាម្តាយ ដោយប្តឹងថា កូនប្រុសរបស់គាត់ បានធ្វើសកម្មភាពកាប់កម្ទេចរបស់ទ្រព្យក្នុងផ្ទះ និងគំរាមសម្លាប់រូបគាត់ជាម្តាយ។ ភ្លាមនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី ដែលដឹកដោយលោកវរសេនីយ៍ត្រី ទុំ សារិទ្ធ មេបញ្ជាការមូលដ្ឋានស្រុកគងពិសី បានចុះទៅដល់ទីតាំងកើតហេតុភ្លាមៗ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះម៉ី ណាឃីម មកសាកសួរ។

យោងតាមការរៀបរាប់របស់ស្ត្រីរងគ្រោះជាម្តាយជនសង្ស័យ បានឱ្យដឹងថា ជនសង្ស័យខាងលើ តែងតែគំរាមសម្លាប់ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ បណ្តាលឱ្យខូចខាតជាញឹកញាប់ តែពួកគាត់ជាឪពុកម្តាយ មិនដែលប្រកាន់ទោសឬប្តឹងផ្តល់នោះឡើយ។ ស្រាប់តែនៅថ្ងៃកើតហេតុ កូនប្រុសនេះ បានសុំលុយពីគាត់ជាម្តាយ មិនបាន ក៏យកពូថៅកាប់កម្ទេចរបស់របរក្នុងផ្ទះ រួចគំរាមសម្លាប់គាត់ជាម្តាយទៀត ទើបគាត់ទ្រាំលែងបាន ក៏ដាច់ចិត្តប្តឹងសមត្ថកិច្ច ឲ្យធ្វើការឃាត់ខ្លួនយកទៅចាត់ការតាមផ្លូវច្បាប់តែម្តង។

ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងជំនាញបានដកហូតវត្ថុតាង រួមមាន ពូថៅ ចំនួន១ដើម និងឧប ករណ៍ជក់គ្រឿងញៀន មួយចំនួន។

ក្រោយឃាត់ខ្លួនជនសង្ស័យ រួមជាមួយនិងវត្ថុតាង ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ ស្ពឺ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមផ្លូវច្បាប់៕

RELATED ARTICLES