ខេត្តស្វាយរៀង ៖ ក្រសួងបរិស្ថាន បានសម្រេចផ្អាកដំណើរផលិតកម្មក្រុមហ៊ុន JT ALUMINUM INDUSTRY (CAMBODIA) CO., LTD. ខេត្តស្វាយរៀង ជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញការគ្រប់គ្រងសំណល់មិនបានត្រឹមត្រូវ និងធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន។

ក្រុមការងារជំនាញក្រសួងបរិស្ថាន ដោយមានការសហការពីតំណាងរដ្ឋបាលក្រុងបាវិត ក្រុមប្រឹក្សាសង្កាត់ច្រក ម្ទេស មន្ទីរបរិស្ថាន ខេត្តស្វាយរៀង និងអាជ្ញាធរមូលដ្ឋាន កាលពីរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ បានរកឃើ ញក្រុមហ៊ុន JT ALUMINUM INDUSTRY (CAMBODIA) CO., LTD. ដែលជាប្រភេទរោងចក្រកែច្នៃអាលុយមីញ៉ូម និងមានទីតាំងនៅភូមិដំបូកជួរ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង បានដំណើរការផលិតកម្ម ដោយមិនទាន់មានឯកសារ លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន បានធ្វើការទុកដាក់សំណល់ភក់ និងការបញ្ចេញសំណល់រាវ ពុំបានត្រឹមត្រូវតាមបទដ្ឋានបរិស្ថាន និងនាំឱ្យមានការប៉ះពាល់ដល់បរិស្ថាន។

ក្រសួងបរិស្ថាន បានសម្រេចឱ្យក្រុមហ៊ុនផ្អាកដំណើរផលិតកម្ម ជាបណ្តោះអសន្ន និងត្រូវបញ្ឈប់ការបង្ហូរសំ ណល់រាវជាបន្ទាន់ ទោះរូបភាពណាក៏ដោយ។ ក្រសួងបរិស្ថាន តម្រូវឱ្យក្រុមហ៊ុន ពន្លឿនការស្នើសុំរបាយ ការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងត្រូវរៀបចំលិខិត អនុញ្ញាតពាក់ព័ន្ធទាក់ទងនឹងវិស័យបរិស្ថានឱ្យបានត្រឹមត្រូវ ជាពិសេសលើការគ្រប់គ្រងសំណល់រឹង រាវ ដើម្បធានាភាពស្អាត និងមិនប៉ះពាល់សុខភាព បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ។ លើសពីនេះ ក្រុមហ៊ុន ត្រូវទទួលរងពិន័យអន្តរការណ៍ យោងតាមក្រមបរិ ស្ថាន និងធនធានធម្មជាតិ ត្រង់មាត្រា៨២៦ និងអនុលោមតាមមាត្រា២៨៧ និងមាត្រា ៦៦៨។

សូមបញ្ជាក់ថា ក្រុមការងារជំនាញ បានយកសំណាកសំណល់រាវ និងសំណាកទឹក នៅក្នុងប្រឡាយទឹក ចំនួនសរុប ៦សំណាក មកធ្វើការវិភាគនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថាន និងតាមដានបន្ថែមករណីមានត្រីងាប់ នៅ ក្នុងប្រឡាយភាគខាងត្បូង ក្បែរទីតាំងក្រុមហ៊ុន។ ក្រុមការងារ បានពិនិត្យឃើញថា ស្ថានភាពទឹកប្រឡាយ មានពណ៌ក្រមៅ និងមានក្លិនស្អុយ។

ក្រុមការងារបានត្រួតពិនិត្យតាមដងប្រឡាយ ឃើញថា មានប្រព័ន្ធលូ ជាច្រើន ចេញពីបណ្តាក្រុមហ៊ុន ដែលកំពុងដំណើរការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក តភ្ជាប់ចូលក្នុងប្រឡាយ។ នៅក្នុងប្រឡាយទឹក មួយកន្លែង ដែលពាក់ព័ន្ធនឹងរោងចក្រមួយចំនួន របស់តំបន់ សេដ្ឋកិច្ចពិសេស ហាយ-ផាក ហូរបន្តទៅបឹងខ្វាង៕
