ខេត្តកំពង់ធំៈ យុវតី ចំនួន២ក្រុម មិនដឹងថាមានជម្លោះនឹងគ្នារឿងអ្វី ស្រាប់តែឈានដល់ការណាត់ជួប វាយ តប់គ្នាពេញដងផ្លូវ និងថែមទាំងថតវីដេអូ បង្ហោះលើបណ្តាញសង្គម ទីបំផុតត្រូវកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវ ឈានដល់ការបង្ក្រាបឃាត់ខ្លួន យុវតីទាំង២ក្រុម សរុបចំនួន៩នាក់ នាំយកមកសាកសួរ។

យោងតាមសេចក្តីបំភ្លឺព័ត៌មាន របស់ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានឱ្យដឹង នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ថា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ មានគណនីបណ្តាញសង្គម ឈ្មោះ Ra Vy បានផ្សព្វផ្សាយខ្លឹមសារថា “ប្អូនស្រីៗ ស្រុកស្ទោងលូវកាចៗម៉្លេះ ស៊ីអី ប្អូនទាយមើល កម្ពស់មាណ” ដោយភ្ជាប់ជាមួយឃ្លីបវីដេអូសកម្មភាពក្មេងស្រី ២នាក់ កំពុងវាយតប់គ្នាទៅវិញទៅមក ស្ថិតនៅចំណុចភូមិគរ ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នង ការនគរបាលខេត្ត កម្លាំងនគរបាលស្រុកស្ទោង បានធ្វើការស្រាវជ្រាវ នាំខ្លួនក្មេងស្រីសិស្សសាលា ទាំង២ក្រុម សរុបចំនួន៩នាក់ មកកាន់អធិការដ្ឋាននគរបាលស្រុកស្ទោង ដើម្បីសាកសួរ ហើយករណីខាងលើនេះ មិនបង្កឱ្យមានរបួសស្នាមនោះទេ។ មូលហេតុ ដោយសារកើតមានទំនាស់ពាក្យសម្តីនឹងគ្នា។

ដោយអនុវត្តតាមការណែនាំពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត សមត្ថកិច្ចជំនាញ បានធ្វើកិច្ចសន្យា អប់រំ បញ្ឈប់សកម្មភាពនានា ដែលសង្គមស្អប់ខ្ពើម ព្រមទាំងមានការធានាពីអាណាព្យាបាល យកទៅអប់រំបន្ត៕

