ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់ បានដើរចែកធៀបការ អញ្ជើញសាច់ញាតិ មិត្តភក្តិ ចូលរួមពិធីមង្គលការរបស់ខ្លួន ដែលត្រៀមប្រព្រឹត្តទៅ នាពេលដ៏ខ្លីខាងមុខ លុះដល់ពេលយប់ បានចូលដេកតាមធម្មតា ស្រាប់តែដេករហូត លែងក្រោក ដោយគាំងបេះដូងស្លាប់ចោលគូដណ្តឹង ធ្វើឱ្យសាច់ញាតិ ក្រុមគ្រួសារ និងមិត្តភក្តិ មានការតក់ស្លុតរន្ធត់ចិត្តគ្រប់ៗគ្នា។

ហេតុការណ៍ដ៏រន្ធត់នេះ បានបង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិទឹកជុំ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
កូនកំលោះដែលជិតរៀបការ គាំងបេះដូងស្លាប់ មានឈ្មោះ វុត្ថេ មានលំនៅ ភូមិទឹកជុំ ឃុំអភិវឌ្ឍន៍ ស្រុកទឹក ផុស ខេត្តកំពង់ឆ្នាំង។ កូនកំលោះនេះ ត្រៀមដឹកដៃកូនក្រមុំ ឈ្មោះសុភាព ចូលរោងការ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ដោយពិធីមង្គលការ នឹងត្រូវរៀបចំឡើងនៅគេហដ្ឋានខាងប្រុសតែម្តង។

លោក យ៉ិន ចាន់ឌី នាយកសាលាបឋមសិក្សាគិរីសុវណ្ណវង្ស ដែលជាអ្នកជិតស្និទ្ធនឹងកូនកំលោះ បានសសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ថា “ក្មួយប្រុស ក្រុមគ្រួសាររបស់ពូ ពិតជារន្ធត់ខ្លាំងណាស់ នៅពេលដែលទទួលដំណឹងថា ក្មួយបានទទួលមរណភាព។ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ក្មួយបានទិញផ្លែឈើ មកជូនយាយ ថែមទាំងបកជូនយាយ ដើម្បីទទួលទាន និងមកអញ្ជើញពូមីង ចូលរួមអាពាហ៍ពិពាហ៍របស់ក្មួយ នៅថ្ងៃ២៥ ខែមីនា ឆ្នាំ២០២៦…”។
លោក យ៉ិន ចាន់ឌី បានបន្តថា “នៅវេលាម៉ោង១០ ក្នុងរាត្រីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានទទួលដំណឹងថា ក្មួយទទួលមរណភាព ស្ទើរតែមិនជឿ។ ពិតជាសោកស្តាយខ្លាំងណាស់ក្មួយ ក្មួយជាសាច់ទីទៃ តែក្មួយបានធ្វើអំពើល្អជាច្រើនមកលើក្រុមគ្រួសារពូមីង។ សូមឧទ្ទិសមហា កុសលដែលក្មួយបានធ្វើនូវអំពើល្អគ្រប់ប្រការ កាលក្មួយនៅមានជីវិត សូមវិញ្ញាណក្ខន្ធក្មួយបានទៅកាន់សុគតិភព បរមសុខ ឧត្តុង្គឧត្តមគ្រប់ៗជាតិនៃមនុស្សលោក…”។

តាមប្រភពសាច់ញាតិកូនកំលោះខាងលើ បានឲ្យដឹងថា កូនកំលោះ គឺជាអតីតពលករខ្មែរ នៅប្រទេសកូរ៉េខាងត្បូង ដែលបានចប់អាណត្តិការងារនៅបរទេសកូរ៉េខាងត្បូង ក៏បានវិលត្រឡប់មកប្រទេសកម្ពុជា វិញ និងបានភ្ជាប់ពាក្យជាមួយនារីជាគូដណ្តឹង និងបានថតរូប វីដេអូ ត្រៀមរៀបការ (Pre-wedding) រួចរាល់ ដែលពិធីមង្គលការ គ្រោងធ្វើឡើងនៅថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២៦ ព្រមទាំងបានសង់ផ្ទះថ្មី សម្រាប់ជាទ្រនំស្នេហ៍ជាមួយអនាគតភរិយា រួចរាល់ទៀតផង តែបែរជាត្រូវព្រាត់ស្លាប់ចោលនារីជាគូដណ្តឹង មុនរៀបការទៅវិញ៕
