ខេត្តស្ទឹងត្រែង ៖ ក្រសួងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានប្រកាសឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ថា កូនផ្សោត កើតថ្មី ១ក្បាល ត្រូវបានប្រទះឃើញនៅអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦។

ក្រសួងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ថា នៅខេត្តស្ទឹងត្រែង កូនផ្សោតទើបកើតថ្មី មួយក្បាល បង្ហាញខ្លួនឱ្យក្រុមអ្នកស្រាវជ្រាវនៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះនិងស្ទឹងត្រែង និងអង្គការ WWF នៅវេលាម៉ោង២រសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ នៅអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

សម្រាប់ឆ្នាំ២០២៦ នេះជាកូនផ្សោត ទី១ កើតនៅខេត្តស្ទឹងត្រែង និងជាកូនផ្សោត ទី៤ បើរាប់ទាំងកូនផ្សោតកើតថ្មី នៅខេត្តក្រចេះ ផង។ តាមរយៈវត្តមានថ្មីនៃកូនផ្សោតនេះ ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា មានចំនួនសរុប ១១៦ក្បាល។

កំណើតកូនផ្សោតថ្មី ជាបន្តបន្ទាប់ និងពុំមានករណីសត្វផ្សោតទន្លេមេគង្គស្លាប់ ដោយសារឧបករណ៍នេសាទខុសច្បាប់ គឺជាសមិទ្ធផល ដែលកើតចេញពីការខិតខំប្រឹងប្រែងរួមគ្នា ទាំងក្រសួងកសិកម្ម ដែលមាននាយក ដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល ជាអង្គភាពសម្របសម្រួលអនុវត្តផ្ទាល់ រដ្ឋបាលខេត្តក្រចេះ និងស្ទឹងត្រែង អង្គភាពពាក់ព័ន្ធក្រោមឱវាទខេត្ត អាជ្ញាធរមូលដ្ឋាន អង្គការ WWF និងមន្ត្រីឆ្មាំ ទន្លេ ដែលបានសហការពង្រឹងការល្បាត ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ និងតាមដានសុខភាពសត្វផ្សោត ការលើក កម្ពស់ការយល់ដឹងសាធារណៈ និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ សូមអរគុណចំពោះបងប្អូនឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ។ ក្នុងករណីបងប្អូនប្រជានេសាទ បានប្រទះ ឃើញសត្វផ្សោត ពិសេសកូនផ្សោត សូមផ្តល់ព័ត៌មានមក សមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ 012 897 943 011 355 883 099 791 919 092 918 144 និង 017 818 382 ៕