Wednesday, March 25, 2026
Homeសង្គម និងជីវិតអ្នកស្រី អាំង ខេន ទទួលមរណភាព

អ្នកស្រី អាំង ខេន ទទួលមរណភាព

ភ្នំពេញ ៖ អ្នកស្រី អាំង ខេន អតីតអ្នកអានព័ត៌មានរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក ផ្នែកខេមរភាសា (VOA) បានទទួលមរណភាព កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក ក្រោយអ្នកស្រីបានចូលនិវត្តន៍ និងមានជំងឺ អស់ជាច្រើនឆ្នាំ ។

ដំណឹងមរណភាពរបស់អ្នកស្រី អាំង ខេន ត្រូវបានផ្សព្វផ្សាយដោយលោក ម៉ែន គឹមសេង អតីតយកព័ត៌មាននៃវិទ្យុសំឡេងសហរដ្ឋអាមេរិក និងលោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី និងជាអតីតអ្នកកាសែត ដែលធ្លាប់មានទំនាក់ទំនងប្រាស្រ័យទាក់ទងជាមួយអ្នកស្រី អាំង ខេន ក្នុងអាជីពសារព័ត៌មាន កាលពី ៣០ឆ្នាំំ មុន ។

លោក ម៉ែន គឹមសេង បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ថា “សូមជម្រាបដល់ប្រិយមិត្តរបស់វីអូអេ។ នៅថ្ងៃចន្ទ ទី២៣ ខែមីនា នេះ ក្រុមការងារវីអូអេខេមរភាសា មានក្តីសោកស្តាយ និងតក់ស្លុតជាពន់ពេក ដោយសារលោកស្រី អាំង ខេន អតីតអ្នកផ្សាយសំឡេង របស់វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) បានទទួលមរណភាព ដោយរោគាពាធ។ នេះបើតាមការបញ្ជាក់របស់ប្អូនប្រុសជីដូនមួយរបស់អ្នកស្រី ដល់ក្រុមការងារយើងខ្ញុំ…” ។

ចំណែកលោក មាជ សុវណ្ណារ៉ា បានសរសេរជូនដំណឹងនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ថា “អ្នកមីង អាំង ខេន អតីតអ្នកផ្សាយសំឡេងរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក ផ្នែកខេមរភាសា (VOA) តាំងពីទសវត្សឆ្នាំ៧០ រហូតចូលនិវត្តន៍ បានទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦ នេះ ។ ខ្ញុំមានការសោកស្តាយ និងតក់ស្លុតជាពន់ពេក ដោយចូលរួមរំលេកទុក្ខ នៅពេលឮដំណឹងពីសំណាក់ប្អូនប្រុសជីដូនមួយរបស់អ្នកមីង ។ ខ្ញុំសូមបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់អ្នកមីង បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ“ ។

ជាមួយគ្នានោះដែរ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអតីតអ្នកសារព័ត៌មានមួយរូប ក៏បានបង្ហាញការសោកស្តាយ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់អ្នកស្រី អាំង ខេន ផងដែរ។

គួររំលឹកថា អ្នកស្រី អាំង ខេន ត្រូវបានគេស្គាល់ថា ជាអតីតអ្នកអានព័ត៌មានខេមរភាសា មួយរូប ដ៏មានបទ ពិសោធន៍ និងការចូលរួមយ៉ាងសកម្មក្នុងការផ្សាយព័ត៌មានជាភាសាខ្មែរ ដល់សាធារណជនទាំងនៅក្នុងប្រ ទេស និងក្រៅប្រទេស។ ក្នុងអំឡុងពេលបំពេញការងារ អ្នកស្រីបានចូលរួមលើកកម្ពស់គុណភាពនៃការផ្សាយព័ត៌មាន ដោយផ្តល់ព័ត៌មានត្រឹមត្រូវ ទាន់ពេល និងមានប្រសិទ្ធភាពក្នុងការប្រាស្រ័យទាក់ទងសាធារណជនខ្មែរ។

ក្រៅពីតួនាទីជាអ្នកអានព័ត៌មានខេមរភាសា អ្នកស្រីក៏មានភាពទំនួលខុសត្រូវខ្ពស់ និងភាពអត់ធ្មត់ក្នុងការងារដែលបានទទួលការសរសើរពីមិត្តភក្តិ និងអតីតសហការីផងដែរ។ អ្នកស្រី បានចូលនិវត្តន៍ កាលពីឆ្នាំ២០០៧ បន្ទាប់ពីបានធ្វើការក្នុងវិស័យសារព័ត៌មាន អស់រយៈពេល ៤៥ឆ្នាំ ។

មរណភាពរបស់អ្នកស្រី អាំង ខេន ត្រូវបានអ្នករួមអាជីព ចាត់ទុកជាការបាត់បង់ធនធានមនុស្សដ៏សំខាន់មួយរូប ក្នុងវិស័យសារព័ត៌មាន ហើយក៏បានចូលរួមសោកស្តាយ និងរំលែកទុក្ខជាមួយក្រុមគ្រួសារអ្នកស្រីផងដែរ ៕ កុលបុត្រ

RELATED ARTICLES